+855 92 92 1000
Logo
កាដូពីចិន ! ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបត្រៀមកែមុខមាត់ដើម្បីរឿង១នេះ
Updated on: October 31, 2022, 7:32 a.m.
Published on: October 31, 2022, 7:32 a.m.

កាដូពីចិន ! ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបត្រៀមកែមុខមាត់ដើម្បីរឿង១នេះ


រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់​ពីចំណុច​ប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប ដោយ​មាន​ការ​ចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងមន្ត្រីជំនាញពាក់ព័ន្ធ ។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ។

តំណាងក្រុមហ៊ុនសំណង់សៀងហៃបានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោង ដោយ​បានបង្ហាញនូវចំណុចសំខាន់រួមមាន ៖
  1. របាយការណ៍លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពជាមូលដ្ឋាន
  2. លក្ខខណ្ឌបរិស្ថាននៃគម្រោង
  3. សក្កានុពលនៃទំហំចរាចរណ៍
  4. បទដ្ឋាន លក្ខណៈបច្ចេកទេសនៃការសាងសង់
  5. គ្រោងការណ៍នៃការសាងសង់ត្រង់កំណាត់ផ្លូវក្រៅក្រុងសៀមរាប
  6. គ្រោងការណ៍នៃការសាងសង់ត្រង់កំណាត់ផ្លូវក្នុងក្រុងសៀមរាប
  7. ការប៉ាន់ស្មានតម្លៃនៃការវិនិយោគ និងហិរញ្ញប្បទាន  
  8. ការវាយតម្លៃផ្នែកសេដ្ឋកិច្ច

ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានសម្តែងការគាំទ្រលើការគិតគូរអំពីបរិស្ថានជុំវិញការអនុវត្ត គម្រោងនេះ ជាពិសេសការរក្សាទុកដើមឈើធំៗនៅអមសងខាងផ្លូវ ដោយយកដើមឈើទាំងនោះធ្វើ ជាសួនពុះចែកទ្រូងផ្លូវ និង​សួ​នអមសងខាងផ្លូវ (ត្រង់ចំណុចខ្លះ) និងបានសំណូមពរឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់​លើបច្ចេកទេស​នៃការ​សាង​សង់ដោយផ្តោតលើគុណភាពរឹងមាំជាចម្បង តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងធានាបានថាប្រព័ន្ធរំដោះទឹកអាចរំដោះចេញពីផ្លូវបានដោយប្រសិទ្ធភាព មិនបង្កជាការជន់លិច នាំឱ្យខូចដល់ស្រទាប់គ្រឹះផ្លូវនៅពេលខាងមុខ ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការសិក្សា នេះឱ្យ​បាន​​​ចប់សព្វគ្រប់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ផងដែរ ដើម្បីឈានទៅបើក​ការដ្ឋានសាង​សង់ឱ្យ​បានឆាប់​តាម​​ដែលអាចធ្វើទៅបាន ដោយហេតុថាព្រលានយន្តហោះថ្មីខេត្តសៀមរាបគ្រោងបញ្ចប់ ការសាងសង់ និងបើកឱ្យ​ដំណើរការទទួលអ្នកដំណើរក្នុងឆ្នាំក្រោយនេះហើយ ។

គួរបញ្ជាក់ផងដែរថា គម្រោងពង្រីកនេះមានទីតាំងតាមកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប មានប្រវែងសរុប ១៩,៩៤ គីឡូម៉ែត្រ ពោល​គឺចាប់​​​​​ពីចំណុចគីឡូម៉ែត្រលេខ ២៩៣+៦៥០ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៣១៣+៥៩០។ គម្រោង​ពង្រីក​កំណាត់​ផ្លូវនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ និងបង្កើនសមត្ថភាពដឹកជញ្ជូន ដែលនឹងមានការកើនឡើង ដោយ​សារការបើកដំណើរការព្រលានយន្តហោះ ថ្មីនៅពេលខាងមុខ ៕

Comments