ខេត្តកំពត ៖ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានលើគម្រោងធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ៣១ និងលេខ៣៣ ព្រមទាំង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង (PMU) ផ្លូវជាតិលេខ៣៣ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជាតិទាំងពីរខ្សែដឹកនាំដោយ ឯកឧត្តម យូ ស៊ុនឡុង និងឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ត្រៀមរៀបចំបើកការដ្ឋានសាងសង់ជាផ្លូវការ ។ ការអញ្ជើញចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសទីតាំង បែងចែកការទទួលខុសត្រូវការងារ ក្នុងការត្រៀមប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលគ្រោងនឹងប្រារព្ធនាពេលឆាប់ៗខាងមុខនេះ ។
បន្ទាប់ពីចុះពិនិត្យលើទីតាំងនីមួយៗរួចមក ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូទាំងពីរ បានជ្រើសរើយកទីតាំងសម្រាប់រៀបចំពិធីបើកការដ្ឋាន នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងបានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាបែងចែកតួនាទី និងភារកិច្ចមុនថ្ងៃចាប់ផ្តើម និងថ្ងៃប្រារព្ធពិធីនៅក្នុងកិច្ចប្រជុំ ។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទាំងពីររូប បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធដែលបានចូលរួម និងមានប្រសាសន៍បញ្ជាក់លើកឡើងពីជំហរក្នុងការអនុវត្តការងារសូមធ្វើឱ្យមានប្រសិទ្ធភាពប្រកបដោយការទទួលខុសត្រូវដើម្បីញ៉ាំងឱ្យពិធីបើកការដ្ឋាននាឱកាសនោះអាចប្រព្រឹត្តិទៅដោយរលូន ៕
Comments