+855 92 92 1000
Logo
ការពង្រីកផ្លូវជាតិលេខ ៣ បាន​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​អ្នក​វិនិយោគ​ដីធ្លី
Updated on: June 6, 2022, 5:01 p.m.
Published on: November 22, 2019, 7:51 a.m.

ការពង្រីកផ្លូវជាតិលេខ ៣ បាន​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​អ្នក​វិនិយោគ​ដីធ្លី


អត្ថបទព័ត៌មាន(ការជួសជុលផ្លូវជាតិលេខ៣ ក្នុងឆ្នាំ២០១៧ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន)

នៅពេលលោក អាន ច័ន្ទថ្លា បាន​ដឹង​ព័ត៌​មាន​​ក្រៅ​ផ្លូវ​ការ​​កាលពីចុងឆ្នាំ ២០១៧ ថារដ្ឋាភិបាល​គ្រោង​​ពង្រីកផ្លូវជាតិលេខ ៣ ដែលជាផ្លូវ​ប្រវែង ២០២ គីឡូម៉ែត្រតភ្ជាប់ពីភ្នំ​ពេញ​ ទៅ​ខេត្ត​កំ​ពត លោកបាន​គិត​ថា​វា​ជា​ឱ​កាស​មិន​អាច​រំ​លង​បាន​ដែល​​​​លោក​ត្រូវ​ចាប់​យក​ដើម្បី​បង្កើនទ្រព្យ​សម្បត្តិ។

ចាប់​ផ្តើម​​ពី​ដើមទុនតិចតួច និងមិន​សូវ​មាន​​បទ​ពិសោធក្នុងវិស័យដីធ្លី លោក ច័ន្ទ​ថ្លា បានសម្រេច​ចូល​ទុន ​ជា​មួយ​មិត្តភ័ក្ត  ហើយ​បណ្តាក់ទុនរួមគ្នាក្នុង​ទឹក​ប្រាក់​ចំ​នួន​ ១៤,០០០ ដុល្លារដើម្បីទិញដីទំហំ ២,៥០០ ម៉ែត្រការ៉េនៅភូមិ​ព្រៃទទឹង ចុះ​ពី​ផ្លូវ​ជាតិលេខ៣ ប្រ​ហែល​ ៥០០ ម៉ែត្រ។

តម្លៃដីបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់

នា​ពេល​នោះ​ ដីដែលក្រុម​លោក​ ច័ន្ទ​ថ្លា​ បានទិញមិន​ទាន់​មាន​តម្លៃ​ខ្ពស់​ទេ។ វា​ត្រូវបានព័ទ្ធជុំវិញដោយវាលស្រែ ហើយអាចធ្វើ​ដំណើរចូល​​បានតែតាមផ្លូវតូច​ ដោយសារតែតម្លៃលក់មានត្រឹមតែ ៥ ឬ​ ៦ ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ លោក ច័ន្ទថ្លា សង្ឃឹមថាដីដែល​លោក​ទិញ​នឹងកើនឡើងទ្វេដងក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ។

ប៉ុន្តែសំណាងបានមកដល់ឆាប់ជាងអ្វីដែលគាត់បានរំពឹងទុក។ ពីរបីខែបន្ទាប់ពីការទិញនេះ រដ្ឋាភិបាល បានប្រកាសជាផ្លូវការនូវផែនការដើម្បីជួសជុលនិងពង្រីកផ្លូវជាតិលេខ៣ ។ តម្លៃដីធ្លីនៅជុំវិញផ្លូវធំបានហក់ឡើងស្ទើ​រ​តែ​មួយ​ប៉​ប្រិច​ភ្នែក​​ រួមទាំងដីទំហំ ២,៥០០ ម៉ែត្រការ៉េរបស់លោក ច័ន្ទថ្លា​។

លោក​ថ្លែង​ថា​៖​«​​យើងបានលក់ដីនោះ​​វិញក្នុងតម្លៃ ១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក្នុង​រយៈ​ពេល​ត្រឹម​តែ បី​ខែ យើង​បាន​​ចំណេញជិត ២ ម៉ឺនដុល្លារ​ពីការទិញដី​លើកដំបូងរបស់យើង»។

បន្ទាប់ពីបានឃើញភាពជោគជ័យនៃការបណ្តាក់ទុនលើកដំបូងរបស់ពួកគេ ក្រុម​ដៃ​គូ​របស់​លោក ច័ន្ទ​ថ្លា បានព្រមព្រៀងបន្ថែម​ការ​វិនិយោគដោយ​​ទិញដីទំហំធំ​ជាង​មុន​ក្នុង​តម្លៃ ៥ ម៉ឺនដុល្លារដែលមានទំហំរហូតដល់កន្លះហិកតា ហើយ​បន្ត​លក់​ចេញ​ និងទិញ​ចូល​បន្ថែម​រាល់​ពេល​មានឱ​កាស​ចំ​ណេញ។

លោក​បន្ត​ថា​៖ ​«​យើងទិញដីធំជាងមុន នៅពេលយើងឃើញសក្តានុពល​។ បច្ចុប្បន្នក្រុមរបស់យើងមាន​ដី​ជិត ៥ ហិកតា។ ក្នុង​​តម្លៃដី​ប្រ​ហែល​ ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ​យើង​​មានលុយ​នៅ​ក្នុង​នោះ​ជិត​ ២ លានដុល្លារ [ភាគ​ហ៊ុន​ម្នាក់​មាន​លុយ​ប្រ​ហែល​ ២០ ម៉ឺន​ដុល្លារ​]»​។

រឿងរ៉ាវនៃការបណ្តាក់ទុនរកស៊ីរបស់ លោក​ច័ន្ទថ្លា​ ឆ្លុះបញ្ចាំងពីស្ថាន​ភាព​ដែល​បាន​ផ្លាស់​ប្រែ​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៣ ក្នុងរយៈពេល ៣ ឆ្នាំចុង​ក្រោយ​នេះ ដែល​ប្រ​ជា​ពល​រដ្ឋ និង​អ្នក​ជំ​នួញ​ដី​ធ្លី​ជា​ច្រើន​នាក់​បាន​ទទួល​​ប្រយោជន៍ពី​ការអភិវឌ្ឍ​នេះ។

គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មកើនឡើង

យោងតាម លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អេស៊ា រៀលអ៊ីស្ទេត មានប្រសាសន៍ថា អចលនទ្រព្យនៅតាមបណ្តោយ​ផ្លូវជាតិលេខ ៣ បានកើនឡើងខ្លាំង នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈផ្លូវជាតិមួយនេះមានចំនួនគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មកើនឡើងច្រើន។

លោកថាចម្ងាយផ្លូវជាតិលេខ៣ គឺវែង ដូច្នេះការផ្លាស់ប្តូរតម្លៃដីអាចត្រូវបានគេគិតតាមចន្លោះផ្លូវនីមួយៗ ដូចជា ចាប់ពីចោមចៅ រហូតដល់ ស្ពានកំពង់ទួល ដែល​ជា​ព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ តម្លៃដីសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មមានចំនួន ២០០ ដុល្លារទៅ ៤០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោក គង់ ថ្លែងបន្តថា ចាប់ពីស្ពានកំពង់ទួលទៅដល់អង់តាសោម ដែលស័ក្តិសមចំពោះឧស្សាហកម្ម តម្លៃដីមានតម្លៃក្នុងរង្វង់ ២០ ទៅ ៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងចាប់ពីអង់តាសោម ដល់បែកគុស និងទៅដល់ស្ថានីយ៍រថភ្លើងខេត្តកំពត តម្លៃដីមានក្នុងរង្វង់ ១០ ដុល្លារ ទៅ ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា៖«ហេដ្ឋារចនាសម្ព័ន្ធដែល​ស្ថិតក្នុងការសាងសង់​កំពុងជំរុញ​តម្លៃដីឲ្យកើនឡើងផងដែរ សម្រាប់ ២ ឆ្នាំចុងក្រោយនេះ។ តម្លៃដីតាមបណ្តោយផ្លូវជាតិលេខ ៣ កើនប្រមាណជា ១០ ភាគរយ រៀងរាល់ឆ្នាំ។ ផ្លូវជាតិលេខ៣ គឺតភ្ចាប់ពីភ្នំពេញទៅកាន់គោលដៅទេសចរណ៍ខេត្តកំពត និងកំពង់ផែសមុទ្រទឹកជ្រៅ»។

លោក គង់បន្តថាការស្ថាបនាផ្លូវជាតិលេខ៣ ឡើងវិញនេះធ្វើឲ្យមានគម្រោងសំណង់អចលនទ្រព្យកើនឡើងច្រើនដូចជាសំណង់ផ្ទះល្វែង បុរី ឧស្សាហកម្ម រោងចក្រ និងឃ្លាំង។  ក្នុងពេលអនាគត លោក គង់ថា ខេត្តកំពតនឹងក្លាយជា សួនឧស្សាហកម្ម ដូច្នេះតម្លៃដីនឹងកើនឡើងបន្តទៀត ដូច្នេះហើយដីនៅខេត្តកំពតប្រាកដជាមានសក្តានុពលសម្រាប់ឧស្សាហកម្ម។

ផ្លូវជាតិលេខ ៣ ជាផ្លូវដឹកជញ្ជូនដ៏សំខាន់

យ៉ាងណាមិញ លោក ស៊ន សៀប អគ្គនាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានឲ្យដឹងថា ផ្លូវជាតិលេខ៣ គឺតភ្ចាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លូវដែលមានសក្តានុពលសម្រាប់ឧស្សាហកម្ម និងដឹកជញ្ជូន។ លោកបន្តថា ផ្លូវជាតិលេខ៣ នឹងជំនួសឲ្យផ្លូវជាតិលេខ៤ សម្រាប់ដឹកជញ្ជូនទំនិញ ទៅកាន់កំពង់ផែទឹកជ្រៅ នៅពេលដែលផ្លូវនេះសាងសង់ចប់ជាស្ថាពរ។  វានឹងមានរោងចក្រ ឃ្លាំងទំនិញទៅសាងសង់នៅតាមបណ្តោយផ្លូវជាតិលេខ៣នេះ។

លោក សៀបថា៖«បើសិនជាយើងមើលពីការអភិវឌ្ឍនៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា រាល់រោងចក្រសហគ្រាស ឧស្សាហកម្មថ្មីៗទាំងអស់ត្រូវចាប់សាងសង់នៅលើផ្លូវក្រវាត់ក្រុងទី ៣»។

លោកបន្តថាជាធម្មតា តម្លៃដី សម្រាប់រោងចក្រ ឧស្សាហកម្មនៅកម្ពុជា គឺនៅទាបនៅឡើយ បើប្រៀបធៀបទៅនឹងគម្រោងលំនៅដ្ឋានប៉ុន្តែនៅពេលមានរោងចក្រ សហគ្រាសកើតឡើងច្រើន គម្រោងលំនៅដ្ឋាននឹងចូលទៅកាន់ទីនោះដែរ ដើម្បីបម្រើដល់តម្រូវការ ទៅវិញទៅមករបស់គម្រោងវិនិយោគ។ បើប្រៀបធៀបតំបន់ផ្សេងៗក្រៅពីផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ ៣ ក៏មានរោងចក្រច្រើនផងដែរ។

ផ្លូវជាតិលេខ៣ គឺជាផ្លូវល្បឿនលឿនមួយយ៉ាងសំខាន់នៅកម្ពុជា ជាមួយនឹងប្រវែង ២០២ គីឡូម៉ែត្រ វាតភ្ចាប់ទីក្រុងភ្នំពេញទៅកាន់ស្រុកវាលរិញ។ ផ្លូវជាតិលេខ៣ កំពុងត្រូវបានជួសជុល ប្រមាណ២០គីឡូ ម៉ែត្រដើម្បីប្រារព្ធពិ​ធី​បុណ្យសមុទ្រនៅខេត្តកំពតចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែធ្នូ ឆ្នាំ ២០១៩ និងទិវាជិះកង់អន្តរជាតិពីខេត្តកោះកុង មកខេត្តកែប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករាឆ្នាំ ២០២០។

សម្រាប់ប្រជាជនសាមញ្ញដូចជាលោក អាន ច័ន្ទថ្លា ដែលបានឃើញដីធ្លីរបស់លោក​​មានការកើនឡើង តម្លៃក្នុងរយៈពេលខ្លី​​បែបនេះ លោក​មាន​សុទិដ្ឋិ​និយម​ថា រាល់​​កា​រអភិវឌ្ឍន៍តាមបណ្តោយផ្លូវធំ​ៗរបស់ ប្រទេសកម្ពុជានឹង​ផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

លោកបាននិយាយថា៖​«​​យើងអាចគេងលក់ស្រួលនៅពេលយប់ ហើយ​លែង​សូវ​​បារម្ភពីភាព​ស្មុគ្រ​ស្មាញ ក្នុង​ការងាររបស់យើងទៀត​ហើយ»។​លោក​បន្ត​ថា​៖​«​​យើងឃើញ​ភាព​វិជ្ជមាន​សម្រាប់​​អនាគតយើង​ទៅ​មុខ​ ពីព្រោះដីរបស់យើងផ្តល់ក្តីសង្ឃឹមដល់យើង»​៕

ស្វែងរកអចលនទ្រព្យតាមបណ្តោយផ្លូវជាតិលេខ ៣  ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ពានរង្វាន់អចលនវត្ថុកម្ពុជា២០១៩

អត្ថបទដោយ 

បុគ្គលិក realestate.com.kh

Comments