(ទិដ្ឋភាពនៃការធ្វើចរាចរនៅលើផ្លូវជាតិលេខ២)
ផ្លូវជាតិលេខ២ ជាផ្លូវដ៏សំខាន់មួយ ដែលតភ្ជាប់ទីក្រុងភ្នំពេញទៅកាន់ខេត្តតាកែវ។ បច្ចុប្បន្នផ្លូវនេះ មានលក្ខណៈតូចចង្អៀត និងមានការខូចខាតមួយផ្នែកធំ ហើយស្ពានជាច្រើនកន្លែងនៅលើដងផ្លូវនេះក៏មានសភាពទ្រុឌទ្រោមផងដែរ។
កាលពីឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានបង្ហើបពីគម្រោងស្ថាបនាផ្លូវជាតិលេខ២ ឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនទំនិញ ជាពិសេសការធ្វើការឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ផ្លូវដឹកជញ្ជូនសាធារណៈ។
ជាការបញ្ជាក់បន្ថែម នៅឯវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជន(Urban Mobility Forum) កាលពីថ្ងៃទី ៥ ខែធ្នូ ២០១៩ នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងពីផែនការពង្រីកផ្លូវជាតិលេខ២ ខណៈរាជរដ្ឋាភិបាលបានត្រៀមថវិកាគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការសាងសង់ផ្លូវនេះ។
លោក ស៊ុន ចាន់ថុល បង្ហើបថា ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ នឹងត្រូវពង្រីកឲ្យធំជាងមុននៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ ខណៈពេលនេះគ្រឿងសម្ភារៈ និងបរិក្ខាសំណង់ សម្រាប់កែលម្អផ្លូវនេះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាបណ្តើរៗហើយ ពោលគឺនៅរង់ចាំពេលវេលាសមស្របដើម្បីបើកការដ្ឋានសាងសង់ជាផ្លុវការ។
ការកែលម្អឡើងវិញនូវផ្លូវជាតិលេខទាំងពីរខ្សែនេះមានប្រវែងសរុប ៧២.១៧ គីឡូម៉ែត្រ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៥៦ លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលកូរ៉េ និងក្នុងនោះថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានប្រមាណ ៨.៥ លានដុល្លារអាមេរិក។
កំណាត់ផ្លូវធំៗរបស់ផ្លូវជាតិលេខ២
គម្រោងនេះ ឆ្លងកាត់រាជធានី និង ខេត្តចំនួន៣ រួមមានខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ ដោយត្រូវរបែងចែកជា ៣ កំណាត់ផ្លូវធំៗមានដូចជា៖
- កំណាត់ទី១៖ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលគួរស្រូវ ដែលមានប្រវែង ៨.៧ គីឡូម៉ែត្រ។ ពង្រីកពី ២ គន្លង ទៅ ៤ គន្លង ដែលនៅតំបន់ទីប្រជុំជនប្រវែង ៤.៣ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៥ ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ២០.៥ ម៉ែត្រ។ កំណាត់ផ្លូវនេះក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១២ សង់ទីម៉ែត្រ។
- កំណាត់ទី២៖ ចាប់ផ្តើមពីរង្វង់មូលគួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣.៨១ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ។ កំណាត់ផ្លូវនេះមាន ២ គន្លង និងទទឹង ១៣ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១០ សង់ទីម៉ែត្រ។
- កំណាត់ទី៣៖ ផ្លូវជាតិលេខ២២ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម ដែលមានប្រវែង ៩.៦ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ។ កំណាត់ផ្លូវនេះ មានទំហំទទឹងផ្លូវសរុប ១៣ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១០ សង់ទីម៉ែត្រ។
សញ្ញាណវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ
អ្នកជំនាញអចលនទ្រព្យមើលឃើញថាផែនការពង្រីក និងកែលម្អផ្លូវនេះនឹងជួយជំរុញដល់វិស័យដីធ្លី ឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោក ច្រឹក សុននីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា តំបន់ផ្លូវជាតិលេខ ២ នឹងក្លាយជាទិសដៅថ្មីសម្រាប់ការវិនិយោគជាច្រើននៅពេលអនាគត ដោយសារទីនេះមានដីទំនេរធំៗ ដែលបច្ចប្បន្នទីនេះមិនទាន់មានគម្រោងអភិវឌ្ឍន៍ច្រើននៅឡើយទេ។
លោក សុខនីម មើលឃើញថា គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាគម្រោងព្រលានយន្តហោះ និងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ជាផ្នែកមួយដ៏សំខាន់ ដែលជួយជំរុញតម្លៃអចលនទ្រព្យបន្ថែមទៀត នៅក្នុងតំបន់ផ្លូវជាតិលេខ២នេះ។
តម្លៃដីបន្តកើនឡើង
ពាក់ព័ន្ធនឹងទីផ្សារដីធ្លី លោក សុខនីម មើលឃើញថាតម្លៃដីបានហក់ឡើងខ្ពស់ចាប់តាំងឆ្នាំ ២០១៨ ក្នុងពេលបច្ចុប្បន្ននេះតម្លៃជាមធ្យមតាមបណ្តោយផ្លូវជាតិលេខ២មានតម្លៃ ២០០ ដល់ ៥០០ ដុល្លារ/ម៉ែត្រការ៉េ ដែលមុនឆ្នាំ២០១៨ គេអាចទិញបានក្នុងតម្លៃក្រោម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចំណែក លោក លោក បា៉ន់ ដារ៉ា ប្រធានគ្រង់គ្រងទូទៅរបស់ក្រុមហ៊ុនអចលនទ្រព្យ BZ Properties បានឲ្យដឹងថាតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ២ ចាប់ផ្តើមកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីការប្រកាសគម្រោងព្រលានយន្តហោះថ្មីនៅក្នុងស្រុកណ្តាលស្ទឹង និងគម្រោងផ្សារទំនើបអ៊ីនអន ៣។
លោកដារ៉ា មានប្រសាសន៍ថា “ថ្វីត្បិតតែតម្លៃបានហក់ឡើង ប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺមិនមានដីសម្រាប់លក់ច្រើនឡើយ ពិសេសដីនៅជិត និងចេញពីរង្វង់គួរស្រូវ ដោយសារដីធំៗទាំងនោះ ត្រូវបានគេទិញទុកសម្រាប់គម្រោងអភិវឌ្ឍន៍នៅពេលអនាគត។”
លោកបញ្ជាក់ថា ដីនៅតាមផ្លូវជាតិលេខ ២ ចាប់ពីរង្វង់មូលគួរស្រូវ ដល់តំបន់ឃុំបឹងខ្យាងមានតម្លៃពី ៣០០ ទៅ ៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចាប់ពីបឹងខ្យាងទៅដល់ស្រុកបាទី ដីមានតម្លៃ ១០០ ទៅ ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីក្រោម ១ ហិចតា និងតម្លៃជាង ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីចាប់ពី ១០ ហិចតាឡើងទៅ។
ដីឡើងថ្លៃខ្ពស់ខ្លាំងជាក្តីបារម្ភនៅពេលអនាគត
ការកើនឡើងតម្លៃគឺជាចំណុចល្អសម្រាប់ទីផ្សារដីធ្លី ប៉ុន្តែការកើនឡើងជ្រុល ក៏ជាហានិភ័យគួរឲ្យបារម្ភផងដែរ សម្រាប់វិស័យអចលនទ្រព្យ។ នេះជាការលើកឡ់ើងរបស់អ្នកនាង អាន សុធីតា នាយិការនៃក្រុមហ៊ុន CBRE ប្រចាំប្រទេសកម្ពុជា។
អ្នកនាងពន្យល់ថា កំណើនតម្លៃដីខ្ពស់ខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ ២ ជាកត្តាគួរឲ្យព្រួយបារម្ភ សម្រាប់វិស័យអចលនទ្រព្យនៅក្នុងតំបន់នេះ ដោយសារនៅពេលហេដ្ឋារចនាសម្ព័ន្ធធំៗត្រូវបានភ្ជាប់ ហើយអ្នកអភិវឌ្ឍន៍ចង់ចូលទៅតំបន់ ក្រុមហ៊ុនទាំងនេះនឹងមិនអាចមានលទ្ធភាពវិនិយោគ គម្រោងឲ្យឆ្លើយតបនឹងលទ្ធភាពទីផ្សារជាក់ស្តែងទេ។ ចំណុចនេះនឹងធ្វើឲ្យមានការរាំងស្ទះ ដល់ការអភិវឌ្ឍន៍ក្នុងតំបន់។ ដូចនេះអ្វីដែលត្រូវគ្រប់គ្រង់ឲ្យបានគឺគ្រប់គ្រងតម្លៃដីធ្លីឲ្យ កើនឡើងក្នុងលក្ខណៈសមស្របតាមទីផ្សារជាក់ស្តែង។
អ្នកនាង សុធីតា បានបន្ថែមទៀតថាយើងត្រូវរង់ចាំក្នុងរយៈពេល ៥ ឆ្នាំទៀត ដើម្បីអាចមើលឃើញពីសន្ទុះ និងកំណើនវិនិយោគនៅតំបន់ផ្លូវជាតិលេខ ២ ហើយវិស័យលំនៅដ្ឋាននឹងបោះជំហ៊ានមុនគេនៅទីនេះ៕
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
អត្ថបទដោយ
Comments