+855 92 92 1000
Logo
មិន​តិច​ទេ ! ជាង​១០០០​អគារ​កំពុង​ជាប់​គាំង​ក្នុង​ក្រុងព្រះសីហនុ​ក្រោយ​រឿង​២​នេះ​កើតឡើង
Updated on: July 11, 2022, 7:45 a.m.
Published on: July 11, 2022, 7:40 a.m.

មិន​តិច​ទេ ! ជាង​១០០០​អគារ​កំពុង​ជាប់​គាំង​ក្នុង​ក្រុងព្រះសីហនុ​ក្រោយ​រឿង​២​នេះ​កើតឡើង


យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ឆ្នាំ​២០២១​បាន​បង្ហាញ​ឱ្យ​ដឹង​ត្បិត​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​កើន​ក្នុង​ទំហំ​២៦% ប៉ុន្តែ​សម្រាប់​វិស័យ​អចលនទ្រព្យ​មានការ​ធ្លាក់​ចុះ​ក្នុង​អត្រា​១១% ។ មិនតែប៉ុណ្ណោះ​សម្រាប់​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ត្រូវ​បាន​អ្នកជំនាញ​វាយតម្លៃ​ថា អាច​នឹង​ធ្លាក់​ចុះ​បន្ត​ទៀត ព្រោះតែ​វិបត្តិដែលពិភពលោក​កំពុង​តែជួប​បណ្តាល​មកពី​សង្គ្រាម​រវាង​មហាអំណាច​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ។

ក្នុង​នោះ​ផង​ដែរ សម្រាប់​ប្រទេស​កម្ពុជា​វិញ​ក្រោយ​ការ​ចាកចេញ​របស់​វិនិយោគិន​ចិន ព្រោះតែ​វិបត្តិ​កូ​វី​ដ​១៩ និង​ការ​បិទ​ហ្គេ​ម​អន​ឡាញ​ពី​សំណាក់​រាជរដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​សំណង់​អគារ​ជាង​១០០០​កន្លែង​កំពុង​តែ​នៅ​ជាប់​គាំង​ពាសពេញ​ក្រុងព្រះសីហនុ ស្រប​ពេល​អាជ្ញាធរ​កំពុង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​អគារ​ដែល​ជាប់​គាំង​ទាំងនោះ ។ ការដ្ឋាន​សំណង់​ប្រមាណ​១១០០​កន្លែង​នៅ​ក្រុងព្រះសីហនុ កំពុង​ជាប់​គាំង​ការ​សាងសង់ ដោយ​ភាគច្រើន​មាន​ម្ចាស់​ទីតាំង​ជា​ជនជាតិ​ខ្មែរ រីឯ​គម្រោង​សំណង​អគារ​នានា​គឺជា​ការ​វិនិយោគ​ផ្ទាល់​របស់​ជនជាតិ​ចិន ។

តាម​ប្រភព​លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ និង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​លើ​ការ​បិទ​ហ្គេ​ម​អន​ឡាញ​រួច​មក​មាន​សំណង់​អគារ​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ក្រុងព្រះសីហនុ​កំពុង​ជាប់​គាំង ខណៈ​អាជ្ញាធរ​កំពុង​តែ​រក​វិធី​ដោះស្រាយ​លើ​បញ្ហា​នេះ ។

លោក ឡុ​ង ឌី​ម៉​ង់ បាន​បន្ត​ថា សំណង់​អគារ​ដែល​ជាប់​គាំង​ទាំងនោះ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ផ្នែក​សោភ័ណ​ភាព​ក្រុងព្រះសីហនុ និង​ស្ថានភាព​សេដ្ឋកិច្ចដោយ​អាច​បង្ក​ជា​គ្រោះថ្នាក់​នា​ពេល​អនាគត​ផង​ដែរ ។ លោក​អភិបាលរង​ខាងលើ​ក៏​បាន​បន្ថែម​ផង​ដែរ​ថា ការ​ដោះស្រាយ​បញ្ហា​សំណង់​ជាប់​គាំង​ទាំងនោះ​គឺ​វា​ទាមទារ​ពេលវេលា​ក្នុង​ការ​ការ​ជជែក​គ្នា និងការ​យល់​គ្នាពីសំណាក់​គ្រប់​ភាគី ៕

Comments