បច្ចុប្បន្នពលរដ្ឋកម្ពុជាមួយចំនួនបានជួលដីស្រែ ចម្ការ នៅតាមបន្ទាត់ព្រំដែនទៅឱ្យពលរដ្ឋប្រទេសជិតខាងដើម្បីធ្វើអាជីវកម្ម និងបង្កបង្កើនផងនានា ព្រោះការជួលដីឱ្យគេវាមានភាពងាយស្រួល ប៉ុន្តែនៅពេលជួលយូរៗទៅជនបរទេសថាគាត់មកនៅលើដីនេះយូរហើយទាមទារកម្មសិទ្ធិ ដូច្នេះអាចនឹងបង្កជាបញ្ហាទំនាស់ដីធ្លីពិបាកនឹងដោះស្រាយ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្តែងការព្រួយបារម្ភទាក់ទងទៅនឹងការជួលដីពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅតាមខ្សែបន្ទាត់ព្រំដែនឱ្យទៅជនបរទេសដែលអាចបង្កបញ្ហាដីធ្លី និងការរស់នៅខុសច្បាប់នៅកម្ពុជា ។ ការលើកឡើងរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីពេលកន្លងទៅនេះ ។
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការគ្រប់គ្រង់សន្តិសុខជាផ្នែកមួយដ៏សំខាន់ដើម្បីធ្វើការទប់ស្កាត់ការលួចឆ្លងដែន និងការរត់ពន្ធខុសច្បាប់ចូលក្នុងប្រទេសកម្ពុជា ។ សម្តេចបានណែនាំទៅកាន់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមត្រូវណែនាំប្រាប់ប្រជាពលរដ្ឋកុំជ្រួលជ្រើមជួលដីទៅឱ្យពលរដ្ឋវៀតណាមបន្តទៅទៀត ព្រោះបារម្ភថាអាចនឹងកើតជាទំនាស់ដីធ្លីដែលមានភាពស្មុគស្មាញពិបាកនឹងដោះស្រាយ ។
សម្តេច ស ខេង បានមានប្រសាសន៍ឱ្យដឹងផងដែរថា ៖«កន្លងទៅ វាមានបញ្ហាទាក់ទងការគ្រប់គ្រង អាហ្នឹងវាពាក់ព័ន្ធនឹងបូរណភាពទឹកដីដែរ គឺថាប្រជាពលរដ្ឋគាត់ជួលដីនៅតាមព្រំដែន គាត់អត់ធ្វើទេ គាត់ជួលយកលុយ វាស្រួល ប៉ុន្តែវាក៏មិនស្រួលដែរ នៅពេលយូរៗទៅ ដែលគាត់ថា គាត់មកនៅលើដីហ្នឹងយូរហើយ ដូច្នេះដោះមិនងាយចេញទេ នេះហើយជាបញ្ហា ។ អ៊ីចឹងហើយមិនត្រូវទេ អត់មានសិទ្ធិទេ ខ្ញុំគិតថា វាអាសិទ្ធិជួលហ្នឹង ខ្ញុំមិនដឹងទេ អ្នកណាសម្រេចទេ ប៉ុន្តែសុំសិក្សាឱ្យបានមែនទែន សិទ្ធិជួលអ៊ីចឹងៗ អត់ឱ្យជួលទេ។ អាហ្នឹងអត់បានទេ ជួលយូរៗទៅ គាត់ថាអាហ្នឹងដីគាត់មកធ្វើយូរហើយ នេះជាបញ្ហា» ។
គួររម្លឹកផងដែរថា ពាក់ព័ន្ធទៅនឹងការជួលដីទៅឱ្យជនបរទេសជិតខាងចូលមកបង្កបង្កើនផល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ ហាមជួល លក់ដីស្រែចំការឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែនឱ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង រួមទាំងតំបន់មិនទាន់បានកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនផ្លូវការរួចជាស្ថាពរ ។ រាជរដ្ឋាភិបាលបញ្ជាក់ក្នុងសារាចរនោះថា ការជួលដីជាប់ព្រំដែនឱ្យទៅប្រទេសជិតខាងគឺបានបង្កភាពស្មុគស្មាញដល់កិច្ចការរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនក្នុងការអនុវត្តការងាររបស់ខ្លួន ៕
អត្ថបទដោយ
Comments