+855 92 92 1000
Logo
និន្នាការរស់នៅខុនដូរបស់ប្រជាពលរដ្ឋខ្មែរនឹងកើនឡើង ពេលដីក្នុងទីក្រុងឡើងថ្លៃ
Updated on: June 6, 2022, 5:05 p.m.
Published on: September 13, 2016, 5:35 p.m.
Realestate News

និន្នាការរស់នៅខុនដូរបស់ប្រជាពលរដ្ឋខ្មែរនឹងកើនឡើង ពេលដីក្នុងទីក្រុងឡើងថ្លៃ


Horizontal-Ribbon-Editorial

Axis

ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកជំនាញនៅតែអះអាងពីគោលជំហរ និងភាពជឿជាក់លើការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសការវិនិយោគអគារខុនដូ ព្រោះថានិន្នាការរបស់ប្រជាពលរដ្ឋខ្មែរទាក់ទង នឹងការរស់នៅខុនដូនឹងកើនឡើងច្រើននៅថ្ងៃអនាគត ខណៈដែលតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញបានកើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ។

លោក ឃាង ពុទ្ធី នាយកក្រុមហ៊ុនស្លឹកប្ញទ្ធរៀលធីបាននិយាយថា មិនយូរទេនិន្នាការរស់នៅតាមខុនដូ របស់ប្រជាពលរដ្ឋខ្មែរនឹងកើនឡើង។ អ្នកដែលរស់នៅខុនដូ ភាគច្រើនជាអ្នកដែលធ្លាប់បានទៅរស់នៅ ឬសិក្សានៅក្រៅប្រទេស។ ការរស់នៅខុនដូ គឺមានភាពឯករាជ្យ និងមានសុវត្ថិភាពខ្ពស់។ លោកបានបន្តថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរ ដែលមានប្រាក់ចំណូលពីមធ្យមទៅខ្ពស់កាន់តែច្រើន បានងាកមកចាប់អារម្មណ៍ចំពោះការស្នាក់នៅខុនដូវិញ ពីព្រោះខុនដូមានទីតាំងនៅកណ្តាលក្រុង ស្របពេលការកកស្ទះចរាចរណ៍ និងការកើនឡើងនៃតម្លៃដី ក៏បានចូលរួមចំណែកធ្វើឱ្យការគិតរបស់ប្រជាពលរដ្ឋប្រែប្រួលផងដែរ។

 តាមដានព័ត៌មានអំពីអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh!

លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរ ត្រូវតែមានគំនិតសុទិដ្ឋិនិយមចំពោះភាពរីកចម្រើននៃវិស័យខុនដូ និងត្រូវនាំគ្នាគាំទ្រ ព្រោះបើយើងមានគំនិតអវិជ្ជមានប្រាកដណាស់ថាវានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាមិនខាន ខណៈប្រទេសជិតខាងកម្ពុជា គេបានធ្វើដំណើរលឿនជាងប្រទេសយើងឆ្ងាយណាស់ទៅហើយ ចំពោះផ្នត់គំនិតនៃការរស់នៅខុនដូ ដូច្នេះយើងមិនត្រូវគិតថា ការសាងសង់នេះវាលើសតម្រូវការទេ ព្រោះបើលើសមែនរាជរដ្ឋាភិបាលនឹងមានវិធានការណ៍ដោះស្រាយជាមិនខាន។

នាយកក្រុមហ៊ុនSpring CJW Development លោក Anthony Ong ដែលកំពុងវិនិយោគលើគម្រោងខុនដូ Axis Residences ដែលមានចំនួន៥៦៦យូនីត ស្ថិតនៅតាមបណ្តោយផ្លូវ2004 ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានលើកឡើងកាលពីពេលថ្មីៗនេះថា“ប្រជាពលរដ្ឋខ្មែរ នៅតែជាសសរគ្រឹះដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ច និងអចលនវត្ថុក្នុងប្រទេសកម្ពុជា”។ លោកបន្តថា “យើងពិតជាមានការជឿជាក់ និងចង់ឱ្យប្រជាពលដ្ឋខ្មែរ ទទួលបានកន្លែងរស់នៅដ៏ស្អាតកម្រិតស្តង់ដា”។

លោក Anthonyបញ្ជាក់ថា “យើងពិតជាចង់ចូលរួមជួយលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈកាលផ្តល់ជូននូវកន្លែងរស់នៅមួយដ៏ល្អដូចនៅប្រទេសសឹង្ហបុរី”។ លោកបន្តថា“គោលបំណងដែលយើងធ្វើការវិនិយោគខុនដូ Axis Residences គឺមិនគ្រាន់តែដើម្បីបង្កើតជាផ្ទះស្នាក់នៅរួមនោះទេ តែការពិតវាជាលំនៅឋានដែលគួរឱ្យចង់រស់នៅ និងមានអ្វីៗគ្រប់យ៉ាងជាតម្រូវការរបស់អ្នកស្នាក់នៅ”។

ទាក់ទងវិស័យខុនដូនេះដែរ លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិលបាននិយាយថា ការរស់នៅខុនដូ គឺជាបែបបទនៃការរស់នៅមួយដែលមានភាពស៊ីវិល័យ និងទាន់សម័យ ដោយសារខុនដូអាចមានអ្វីៗសព្វបែបយ៉ាង ដូចជាចំណតរថយន្តសមរម្យ ផ្សារទំនើប កន្លែងហាត់ប្រាណ ស្ទីម សូណា អាងហែលទឹក និងសួនច្បារជាដើម។

លោកឧកញ៉ាបានបញ្ជាក់ថា “ខ្មែរយើងចេះតែគិតថា ការរស់នៅខុនដូគឺជើងមិនជាប់ដី (សំណង់ដែលមានកម្ពស់ច្រើនជាន់)ប៉ុន្តែបច្ចុប្បន្ននៅតាមប្រទេសរីកចម្រើននានាគេបានធ្វើរួចហើយ ព្រោះការរស់នៅក្នុងខុនដូគឺបានផ្តល់ឱ្យយើងឱ្យកន្លែងរស់នៅមួយដែលមានភាពសុខុដុមរមនា ទំនើប និងទាន់សម័យ”។

យោងតាមរបាយការណ៍ស្រាវជ្រាវពីភ្នាក់ងារអចលនទ្រព្យកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នដីធ្លីក្នុងរាជធានីភ្នំពេញតំបន់ធ្វើពាណិជ្ជកម្ម តាមបណ្តោយមហាវិថីសំខាន់ៗ ដូចជា មហាវិថីព្រះនរោត្តម អាចមានតម្លៃចន្លោះពី៣,៥០០ដុល្លារទៅដល់៦,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ មហាវិថីព្រះមុនីវង្ស មានតម្លៃចន្លោះពី៣,០០០ដុល្លារ ទៅ៥,៥០០ដុល្លារ។ មហាវិថីសហព័ន្ធរុស្សី មានតម្លៃចន្លោះពី១,៥០០-៣,០០០ដុល្លារ និងមហាវិថីម៉ៅសេទុង មានតម្លៃចន្លោះពី៣,០០០ដុល្លារទៅ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកតំបន់លំនៅឋានក្នុងខណ្ឌសំខាន់ទាំង៤ក្នុងរាជធានីភ្នំពេញ មានខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក ដីអាចមានតម្លៃចន្លោះពី១,៥០០ដុល្លារទៅ៤,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកសារុន ឫទ្ធាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានទទួលស្គាល់ថា ប្រជាពលរដ្ឋខ្មែរពិតជាមានការលំបាក ក្នុងការរកទិញដីដើម្បីសាងសង់ផ្ទះនៅកណ្តាលក្រុងណាស់ ព្រោះដីនៅតំបន់សំខាន់ៗដូចជា បឹងកេងកង ដូនពេញ ឬទួលគោក តម្លៃរបស់វាបានឡើងថ្លៃខ្ពស់ខ្លាំងណាស់។ ការកើនឡើងនៃតម្លៃនេះ គឺដោយសារតែដីនៅកណ្តលក្រុង កំពុងក្លាយជាដីសម្រាប់វិនិយោគិនទិញយកទៅសាងសង់អគារខ្ពស់ៗ អគារពាណិជ្ជកម្មនិងខុនដូជាដើម។ លោកបានបន្តថា យោងតាមផែនការមេរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាសាលារាជធានីភ្នំពេញ ក្នុងការពង្រីកផ្ទៃដីចំនួន២០គីឡូម៉ែត្រការ៉េជុំវិញរាជធានីភ្នំពេញនោះ បានធ្វើឱ្យនិន្នាការតម្លៃដីធ្លីនៅជាយក្រុងក៏កើនឡើងច្រើនផងដែរ ប៉ុន្តែវាមិនឡើងថ្លៃខ្ពស់ដូចនៅកណ្តាលទីក្រុងទេ ដែលអាចអនុញ្ញាតឱ្យអ្នកមានប្រាក់ចំណូលមធ្យម ឬលើសពីមធ្យមអាចទិញបាន។

លោកបញ្ជាក់ថា “នៅរាជធានីភ្នំពេញ សម្រាប់អ្នកដែលមានផ្ទះចាប់ពី១ដល់១០ គឺមានប្រហែល១០ភាគរយ ចំណែកអ្នកមានផ្ទះនៅដោយខ្លួនឯងមានប្រហែល២០ភាគរយ និងអ្នកមិនមានផ្ទះតែមានប្រាក់ខែ និងចំណូលមធ្យមថេរ ឬលើសមធ្យមអាចមានចំនួន៧០ភាគរយ(ពួកគេពុំទាន់មានផ្ទះនៅឡើយទេដោយអ្នកខ្លះមានផ្ទះនៅ ប៉ុន្តែជួនកាលអាចបង់រំលោះជាមួយធនាគារ)។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា កំណើនអគារខុនដូនៅកម្ពុជាក្នុងឆ្នាំ២០១៥កន្លងមកមានចំនួន១៥,០០០យូនីត ហើយចំនួននេះនឹងបន្តកើនឡើងដល់៤៥,០០០យូនីត នៅក្នុងឆ្នាំ២០១៨ខាងមុខ។

បើទោះបីជានៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះ ចំនួនខុនដូថ្មីៗបានឡើងជាបន្តបន្ទាប់ក៏ដោយ ក៏គេដឹងថាអតិថិជនដែលបានទិញខុនដូ នៅក្នុងគម្រោងអភិវឌ្ឍន៍ទាំងនោះមិនសូវមានជនជាតិខ្មែរទេ។ ភាគច្រើនសុទ្ធតែជាជនបរទេស ដូចជា ចិន តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុននិងបារាំង ជាដើម។ ស្ថិតិមួយបានបង្ហាញថា មានជនជតិខ្មែរប្រហែលតែ២០ភាគរយប៉ុណ្ណោះ ដែលជាម្ចាស់លើបន្ទប់ខុនដូ ខណៈ៨០ភាគរយទៀតសុទ្ធតែជាជនបរទេស៕

តាមដានព័ត៌មានអំពីអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh!

អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។

Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយការចេញផ្សាយទស្សនាវដ្តីអចលនទ្រព្យ  Property View របស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68

property view magazine september 2016

 

Comments