ខេត្តកំពង់ស្ពឺដែលស្ថិតនៅភាគខាងលិចនៃទីក្រុងភ្នំពេញគឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ មិនតែប៉ុណ្ណោះខេត្តមួយនេះក៏ជាកូនក្រមុំដែលទាក់ទាញបណ្តាវិនិយោគិនធំៗជាច្រើនឱ្យទៅវិនិយោគលើទឹកដីនៃខេត្តកំពង់ស្ពឺផងដែរ ។
ក្រឡែកទៅមើលតំបន់នៅតាមបណ្តោយផ្លូវដែលកំពុងតែមានសន្ទុះវិនិយោគខ្លាំងជាងគេប្រចាំខេត្តកំពង់ស្ពឺគឺផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ ដែលសុទ្ធសឹងតែមានការពេញនិយមខ្លាំងបំផុតលើការវិនិយោគដីធ្លីនៅតំបន់នោះ ។ ហេតុអ្វីវិនិយោគិនជាច្រើននាំគ្នាសម្រុកទៅកាន់តំបន់ទាំងនោះ (ផ្លូវជាតិលេខ៤១&៥១) ច្រើនជាងគេ?
*បណ្តុំគម្រោងវិនិយោគធំៗ
ផ្លូវជាតិលេខ៤១ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់រួមមានគម្រោងធំៗជាច្រើនដូចជា ទីលានប្រណាំងឡានអន្តរជាតិលើផ្ទៃដីទំហំ៥០០ហិកតា ដែលជាគម្រោងអភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ រួមជាមួយនឹងផ្លូវជាតិលេខ៤៤ និង៥១ ដែលមានគម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ៥០០ហិកតារបស់អ្នកឧកញ៉ា ពុង ឃាវសែ ស្ថិតនៅចន្លោះផ្លូវ៥១ និង៤៤, តំបន់សេដ្ឋកិច្ចពិសេសជាង៦៧ហិកតា និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងឧស្សាហកម្មបាត់ដឹងជាដើម ។
ក្នុងនោះផងដែរលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក៏ធ្លាប់បានមានប្រសាសន៍ផងដែរថា ក្រុមហ៊ុនវិនិយោគនៅហុងកុងគ្រោងនឹងបង្កើតទីក្រុងរណបនៅក្នុងខេត្តកំពង់ស្ពឺ ប៉ុន្តែចំពោះទីតាំងពិតប្រាកដនោះអភិបាលខេត្តសុំមិនបញ្ជាក់នោះទេ ។
*កំណើនទីផ្សារដីធ្លី
បច្ចុប្បន្នទីផ្សារដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ ៤១ បែងចែកជាពីរតំបន់គឺតំបន់ឧស្សាហកម្ម និងទីតាំងដីឋិតនៅក្រៅតំបន់ឧស្សាហកម្ម ។ ទីផ្សារដីធ្លីក្នុងខេត្តកំពង់ស្ពឺបច្ចុប្បន្នទីតាំងដីឋិតនៅក្រៅតំបន់ឧស្សាហកម្មនៃផ្លូវជាតិលេខ ៤១ មានតម្លៃជាមធ្យម ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកទីតាំងដីក្នុងតំបន់ឧស្សាហកម្មវិញមានតម្លៃជាមធ្យមប្រមាណ ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ។
*កត្តាហេដ្ឋារចនាសម្ព័ន្ធ
តាមបណ្តោយផ្លូវជាតិលេខ៤១ ដែលធ្លាប់តែជាវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកបានប្រែរូបរាងជាដីរាបស្មើប្រកបដោយហេដ្ឋារចនាសម្ព័ន្ធល្អ ជាមួយនឹងគម្រោងអភិវឌ្ឍជាច្រើនមានដូចជា គម្រោងបង្កើតរោងចក្រ សិប្បកម្ម ឃ្លាំង ដែលស្របតាមការកំណត់ទីតាំងរបស់រដ្ឋាភិបាល ហើយក៏មានគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃកម្រិតមធ្យម និងក្រោមមធ្យមផងដែរ ។
ផ្លូវជាតិលេខ៥១ជាផ្លូវតំបន់ឧស្សាហកម្ម ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវ៥១ ជាផ្លូវក្រវ៉ាត់ក្រុងមានទំនាក់ទំនង ជាមួយផ្លូវជាតិលេខ៥តទៅផ្លូវជាតិលេខ៤ ធ្លុះទៅដល់ផ្លូវជាតិលេខ៣ ដែលនៅជិតកំពង់ផែរ ប្រសិនបើដាក់ទីតាំងធ្វើរោងចក្រ និងកន្លែងផលិតអ្វីផ្សេងៗ ងាយស្រួលចេញចូល និងដឹកទំនិញទៅផែរអន្តរជាតិ ដែលមាននៅកំពត់ ក្រុងព្រះសីហនុ និងខេត្តកោះកុង បានន័យថា តំបន់ផ្លូវ៥១ កៀកនឹងក្រុងផង ហើយងាយស្រួលក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ផលិតផលសម្រេចចេញទៅផែរអន្តរជាតិផងដែរ ។
*តំបន់ដែលមានគម្រោងវិនិយោគច្រើនជាងគេ
ក្នុងចំណោមគម្រោងទាំង ៤៥ ដែលត្រូវបានផ្តល់សិទ្ធវិនិយោគដោយ CDC នៅជាងមួយឆ្នាំចុងក្រោយ គម្រោងវិនិយោគដែលមានទីតាំងតាមបណ្តោយផ្លូវជាតិ ៤១ មានសរុបដល់ទៅ ២៥ គម្រោង ឬស្មើនឹង ៥៥ ភាគរយនៃគម្រោងវិនិយោគសរុប ។ ស្រុកសំរោងទង ស្រុកគងពិសី ស្រុកបសេដ្ឋ ដែលជាតំបន់ឆ្លងកាត់ផ្លូវជាតិលេខ ៤១ ទទួលបានគម្រោងវិនិយោគច្រើនជាងគេ។ ស្រុកទាំងបីបូកបញ្ចូលគ្នាមានគម្រោងវិនិយោគសរុប ២៥ គម្រោង ឬស្មើនឹង ៥៥ ភាគរយនៃគម្រោងវិនិយោគសរុប ៤៥ គម្រោង។
កត្តាទាំងនេះហើយដែលធ្វើឱ្យខេត្តកំពង់ស្ពឺកំពុងមានភាពទាក់ទាញលើវិស័យអចលនទ្រព្យ ខណៈបច្ចុប្បន្នមានអ្នកវិនិយោគកាន់តែច្រើនបាននាំគ្នាទៅសង់លំនៅឋាន ឬពុះដីឡុតិ៍លក់ជាបន្តបន្ទាប់ ៕
Comments