គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ខេត្តព្រៃវែង ដល់ថ្នល់ទទឹងនៃចំណុចប្រសព្វផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ មានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ។ ផ្លូវជាតិលេខ១១នេះបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសាងសង់រួចរាល់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ។
ក្រោយពីគម្រោងសាងសង់ផ្លូវជាតិ១១នេះបានសាងសង់រួចរាល់ជាស្ថាពរអ្នកជំនាញប្រចាំនៅតំបន់នេះបានឱ្យដឹងថា តម្លៃដីធ្លីមានសន្ទុះកើនឡើងខ្លាំងក្នុងអំឡុងពេលសាងសង់ និងក្រោយពេលសាងសង់ផ្លូវជាតិនេះរួច ។ ចំពោះតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ១១ដែលទើបនឹងសាងសង់រួចហើយនេះកំពុងមានសន្ទុះ និងការចាប់អារម្មណ៍ជាខ្លាំង ។
អំឡុងពេលកំពុងសាងសង់ផ្លូវជាតិលេខ១១បានប្រហែលជា៥០% តម្លៃដីធ្លីដែលស្ថិតនៅជាប់នឹងផ្លូវជាតិមានតម្លៃចន្លោះពី៤០ទៅ៥០ដុល្លារប៉ុណ្ណោះក្នុង១ម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នក្រោយពីសាងសង់រួចរាល់តម្លៃដីបានហក់ឡើងចន្លោះពី៧០ទៅ៨០ដុល្លារក្នុង១ម៉ែត្រការ៉េ ។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺតំបន់តាមផ្លូវក្រវាត់ក្រុងថ្មី ដែលកាលពីមុនកំពុងតែសាងសង់តម្លៃដីនៅតំបន់នោះមានតម្លៃត្រឹមតែ៧ទៅ១០ម៉ឺនដុល្លារតែប៉ុណ្ណោះក្នុង១ហិកតា ខណៈបច្ចុប្បន្នតម្លៃដីហក់កើនឡើងដល់ទៅ២០ម៉ឺនទៅ២៣ម៉ឺនដុល្លារឡើងទៅតាមដែលអ្នកទិញហ៊ាន ។
មិនតែប៉ុណ្ណោះ វិនិយោគិនជាច្រើនជាពិសេសអ្នកវិនិយោគលើគម្រោងដីឡូត៍កំពុងតែវិនិយោគតាមបណ្តោយផ្លូវជាតិលេខ១១នោះជាបន្តបន្ទាប់ ថែមទាំងមានអ្នកវិនិយោគផ្សេងមើលពីឱកាសដែលអាចធ្វើឃ្លាំង ការ៉ាសសាំង និងអាហារដ្ឋាននានា ដែលវាធ្វើឱ្យដីធ្លីនៅតំបន់តាមបណ្តោយផ្លូវជាតិលេខ១១នោះកាន់តែមានសន្ទុះខ្លាំង និងហក់ឡើងកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ។
សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ១១គឺជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មានសក្តានុពលរបស់មហាអនុតំបន់មេគង្គដែលរួមមាន ទី១-ផ្លូវអាស៊ានហាយវ៉េយ (AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម នៅច្រកបាវិត ដែលភ្ជាប់ផ្លូវជាតិលេខ១១ ត្រង់ចំណុច អ្នកលឿង និងទី២-ផ្លូវអាស៊ានហាយវ៉េ (AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិលេខ៧ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លងកាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤ ៕
អត្ថបទដោយ ៖
អ
Comments