+855 92 92 1000
Logo
ក្រោយច្បាស់ពីទីតាំងសាងសង់ស្ពានពេលនេះតម្លៃដីនៅអរិយក្សត្រកំពុងពុះកញ្ជ្រោលហក់ឡើងខ្លាំង
Updated on: June 7, 2022, 6:01 a.m.
Published on: March 15, 2022, 10:16 a.m.

ក្រោយច្បាស់ពីទីតាំងសាងសង់ស្ពានពេលនេះតម្លៃដីនៅអរិយក្សត្រកំពុងពុះកញ្ជ្រោលហក់ឡើងខ្លាំង


គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ (​ស្ពាន​អរិយ​ក្សត្រ​) ដែល​នឹង​ត្រូវ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​តំបន់​អរិយ​ក្សត្រ ក្នុងស្រុក​ល្វាឯម នៃ​ខេត្តកណ្តាល ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​អំពី​ទីតាំង​ក្នុង​ការ​សាងសង់​ដែល​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​វិនិយោគ ជា​ពិសេស​អ្នក​ដែល​មាន​អចលនទ្រព្យ​នៅ​ក្នុង​តំបន់​អរិយ​ក្សត្រ​តែ​ម្តង ។

មុន​ពេល​ដំណឹង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឬ​ស្ពាន​អរិយ​ក្សត្រ​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង សន្ទុះ​អចលនទ្រព្យ​នៅ​តំបន់​អរិយ​ក្សត្រ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ក៏​ព្រោះតែ​មិន​ទាន់​មាន​មធ្យោបាយ​សម​ស្រប​ណាមួយ​ដែល​ជា​កត្តា​អំណោយផល​ក្នុង​ធ្វើ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​តំបន់​អរិយ​ក្សត្រ ប៉ុន្តែ​ក្រោយ​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​-​កូរ៉េ​បាន​សម្រេច​យល់ព្រម​ក្នុង​ការ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ដែល​ត្រូវ​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​កាន់​តំបន់​អរិយ​ក្សត្រ​រួច​មក​បាន​ធ្វើ​អចលនទ្រព្យ​នៅ​តំបន់​នោះ​ហាក់​មាន​សន្ទុះ​ងើបឡើង​វិញ ។

លោក ម៉ឹក ចិន្តា ស្ថាបនិក​គេហទំព័រ​អចលនទ្រព្យ Realestate.com.kh និង​ជាទី​ប្រឹក្សា​គាំទ្រ​អាជីវកម្ម​អចលនវត្ថុ នៃ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​មាន​ប្រសាសន៍​តាម​រយៈ​តេ​ឡេ​ក្រាម​ប្រាប់​សហការី​គេហទំព័រ​អចលនទ្រព្យ Realestate.com.kh ថា ៖«​ទាក់ទង​ទៅ​នឹង​ព័ត៌មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ (​ស្ពាន​អរិយ​ក្សត្រ​) បន្ទាប់​ពី​មាន​ព័ត៌មាន​ជាក់លាក់​កើតឡើង​មក វា​គឺជា​ព័ត៌មាន​ល្អ​មួយ​ដែល​ធ្វើ​ឱ្យ​តំបន់​អរិយ​ក្សត្រ​ក្លាយជា​តំបន់​ដែល​ត្រូវប៉ាន់ ។ ចង់​សំដៅលើ​អ្នក​ដែល​ទិញ​ដី​កាលពីមុន​នៅ​តំបន់​អរិយ​ក្សត្រ ពេល​នេះ​គឺ​មាន​សង្ឃឹម ហើយ​តម្លៃ​ដី​បច្ចុប្បន្ន​គឺ​មានការ​ហក់​ឡើង​ខ្ពស់ តែ​មិន​អាច​កំណត់​តម្លៃ​ជាក់លាក់​បាន​នៅឡើយ​នោះ​ទេ ព្រោះ​តម្លៃ​ដី​កំពុង​តែ​ពុះកញ្ជ្រោល​ឡើងថ្លៃ​» ។

លោក​បាន​បន្ត​ថា ៖ «​បច្ចុប្បន្ន​គឺ​មាន​អ្នក​ដែល​ចង់​ទិញ (​ដី​) បាន​ចុះ​ទៅ​ច្រើន​នៅ​ក្នុង​តំបន់​អរិយ​ក្សត្រ​ទាំងមូល ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​មានការ​ប្រែប្រួល​ខ្លាំង ។ តំបន់​អរិយ​ក្សត្រ ប្រសិនបើ​មាន​ស្ពាន​ដែល​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​កាន់​អរិយ​ក្សត្រ នោះ​វា​នឹង​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​ភ្នំពេញ​ទាញ​តម្លៃ​ដី​នៅ​តំបន់​អរិយ​ក្សត្រ​កាន់តែ​ឡើងថ្លៃ​តែ​ម្តង ។ ដោយសារ​តែ​តំបន់​អរិយ​ក្សត្រ​គឺ​ជិត​មែនទែន​ទៅ​នឹង​ទីក្រុង​ភ្នំពេញ អ​ញ្ចឹ​ង​ហើយ​ទើប​ធ្វើ​ឱ្យ​តម្រូវការ​អចលនទ្រព្យ​មួយ​ចំនួន ជា​ពិសេស​ដីធ្លី​គឺ​មានការ​កើនឡើង ដោយ​គម្រោង​មួយ​ចំនួន​ក៏​កំពុង​តែ​មានការ​ពុះកញ្ជ្រោល ហើយ​គម្រោង​ផ្ទះ​បុរី និង​ខុន​ដូ​ជាដើម​ដែល​ពី​មុន​ហាក់​មាន​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​ពេល​នេះ​កំពុង​ងើបឡើង​វិញ ព្រោះតែ​អរិយ​ក្សត្រ​នៅ​កៀក​នឹង​ទីក្រុង​ភ្នំពេញ​ដោយ​ត្រូវការ​ឆ្លងកាត់​ស្ពាន​តែ​ប៉ុណ្ណោះ​» ។

លោក ម៉ឹក ចិន្តា ក៏​បាន​សង្កត់ធ្ងន់​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​អរិយ​ក្សត្រ​យ៉ាង​ដូច្នេះ​ថា ៖ «​អាច​និយាយ​បាន​ថា អរិយ​ក្សត្រ​បច្ចុប្បន្ន​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​អ្នក​វិនិយោគ បើសិនជា​អាច​ទិញ​ទាន់​ក្នុង​ឱកាស​នេះ អាច​នឹង​មាន​ផល​ចំណេញ ប៉ុន្តែ​ប្រសិនបើ​ស្ពាន​ត្រូវ​បាន​សាងសង់​រួច​នោះ តម្លៃនឹង​ហក់​ឡើង​កប់​ពពក​ជា​មិន​ខាន​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​បាន​ជ្រើសរើស​ទីតាំង​សម្រាប់​សាងសង់​​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ដែល​ចាប់ផ្តើម​ចេញពី​ចំណុច​ផ្សារ​រាត្រី ភ្ជាប់​ទៅ​កាន់​តំបន់​ជ្រោយចង្វារ និង​បន្ត​ទៅ​តំបន់​អរិយ​ក្សត្រ ដោយ​នឹង​មាន​ស្ពាន​សរុប​២​កន្លែង ។ ហើយ​បើ​តាម​ឯកឧត្ដម ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្លាប់​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​អាច​នឹង​បើក​ការដ្ឋាន​នៅ​ឆ្នាំ២០២៣ ៕

អត្ថបទដោយ

Comments