+855 92 92 1000
Logo
បន្ទាប់ពីភ្នំពេញទៅ ! មានតែខេត្ត៥នេះទេដែលតម្លៃដីពុះកញ្ជ្រោលស្ទុះឡើងខ្លាំង
Updated on: May 29, 2022, 11:07 p.m.
Published on: August 9, 2021, 7:04 a.m.

បន្ទាប់ពីភ្នំពេញទៅ ! មានតែខេត្ត៥នេះទេដែលតម្លៃដីពុះកញ្ជ្រោលស្ទុះឡើងខ្លាំង


ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងធ្វើដំណើរទៅកាន់យុគសម័យថ្មីលើវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើន​ដូចផ្សិតជាបន្តបន្ទាប់ដោយទាញបានវោនិយោគិនក្នុង និងក្រៅស្រុកជាច្រើនបោះទុនអភិវឌ្ឍលើវិស័យដែលមានសក្តានុពលមួយនេះ ។ ជាក់ស្តែងការវិនិយោគលើដីធ្លីមានការកើនឡើងយ៉ាងខ្លាំងធ្វើឱ្យតម្លៃដីកាន់តែឡើងថ្លៃឥតឈប់ឈរ ជាពិសេសដីធ្លីស្ថិតក្នុងរាជធានីភ្នំពេញដែលមានតម្លៃថ្លៃជាងគេស្ថិតក្នុងចំណោមដីធ្លីក្នុងខេត្តដែលមានសក្តានុពលអចលនទ្រព្យផ្សេងៗទៀត ។ ក្រៅពីរាជធានីភ្នំពេញហើយមានខេត្តដែលមានសក្តានុពលអចលនទ្រព្យចំនួន៥ផ្សេងទៀតដែលកំពុងកម្រើកតម្លៃដីធ្លីយ៉ាងខ្លាំង ៖

១). ខេត្តព្រះសីហនុ

បន្ទាប់ពីរាជធានីភ្នំពេញមក «ខេត្តព្រះសីហនុ» ជាខេត្តដែលមានសន្ទុះតម្លៃដីកើនឡើងខ្លាំងដោយសារតែខេត្តមួយនេះសម្បូរទៅដោយវិនិយោគិនចិនជាច្រើនសម្រុកចូល​មកបណ្តាក់ទុនជាច្រើនមិនថាតែលើសំណង់ខុនដូ ផ្ទះសំណាក់ និងការវិនិយោគផ្សេងៗនោះទេ គួបផ្សំជាមួយនេះខេត្តព្រះសីហនុបច្ចុប្បន្នកំពុងតែកែប្រែមុខមាត់ថ្មីជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ កំពុងផែ និងការរៀបចំលម្អទីក្រុងស្អាតភ្លឹង ធ្វើឱ្យខេត្តដែលមានរហ័សនាមថា «តារារះនាទិសនារតី» មួយនេះកាន់តែទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើនឡើងៗ ។

២). ខេត្តសៀមរាប

បន្ទាប់ពីខេត្តព្រះសីហនុមកគឺ «ខេត្តសៀមរាប» ដែលមានចរន្តដីធ្លី និងសំណង់ខ្លាំងទន្ទឹមគ្នាដែរដោយ​សារ​ខេត្តនោះមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ដែលធ្វើឱ្យសំណង់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះល្វែង និងសកម្មភាពពុះដីឡូត៍លក់នៅទីនោះកំពុងមានសកម្មភាពខ្លាំងដូចទីក្រុងធំៗផ្សេងទៀតដែរ ។

៣). ខេត្តកំពត

ក្រោយពីខេត្តសៀមរាបគឺ «ខេត្តកំពត» ជាខេត្តជាប់មាត់សមុទ្រដូចខេត្តព្រះសីហនុដែរ និងមានសក្តានុពលខាងវិស័យទេសចរណ៍ខ្លាំងផងដែរធ្វើឱ្យសកម្មភាពទិញ-លក់អចលនទ្រព្យនៅទីនោះកំពុងកញ្ជ្រោល​ឡើងខ្លាំង ខណៈដែលអ្នកវិនិយោគធំៗជនជាតិខ្មែរ និងជនបរទេសចាប់ផ្តើមបោះទុនសម្រាប់ទិញអចលនទ្រព្យនៅទីនោះដើម្បីទុកលក់បន្ត ឬពុះឡូត៍លក់ស្វែងរកប្រាក់ចំណេញទៅថ្ងៃខាងមុខ ។

៤). ក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)

ក្រៅពីខេត្តទេសចរណ៍ខាងលើ «ក្រុងប៉ោយប៉ែត» ដែលជាតំបន់ជាប់ព្រំដែនជាមួយប្រទេសថៃក៏វិស័យអចលនទ្រព្យមានសក្តានុពលខ្លាំងដូចគ្នាដែរ ដោយសារវាជាច្រកអន្តរជាតិ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ។

៥). ក្រុងបាវិត (ខេត្តស្វាយរៀង)

បន្ទាប់ពីក្រុងប៉ោយប៉ែត តំបន់ព្រំដែនដែលមានសក្តានុពលមួយទៀតគឺ «ក្រុងបាវិត ខេត្តស្វាយរៀង» ជាច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ស្ថិតភាគខាងកើតនៃប្រទេសកម្ពុជាដែលបច្ចុប្បន្ន នៅទីនោះក៏មានសកម្មភាពរស់រវើកក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងជាទីប្រជុំជនដែលមានមនុស្សរស់នៅច្រើន ៕

Comments