+855 92 92 1000
Logo
ដល់.ករាប់ម៉ឺនដុល្លារ ! ដំណើរដើមទងដែលមេក្លោង៤នាក់នេះលក់ដីឡូត៍បោកប្រជាពលរដ្ឋផ្អើលខេត្តកោះកុង
Updated on: June 2, 2022, 9:30 p.m.
Published on: July 19, 2021, 4:20 a.m.

ដល់.ករាប់ម៉ឺនដុល្លារ ! ដំណើរដើមទងដែលមេក្លោង៤នាក់នេះលក់ដីឡូត៍បោកប្រជាពលរដ្ឋផ្អើលខេត្តកោះកុង


ខេត្តកោះកុង ៖ កាលពីពេលថ្មីៗកន្លងមកនេះកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានស្រាវ​ជ្រាវ និងបង្ក្រាបមុខសញ្ញាជនសង្ស័យឆបោកដីធ្លីជាក្រុម (លក់ដីឡូត៍ខ្យល់) តាមដីកាបង្គាប់ឱ្យចាប់ខ្លួន​របស់ចៅ​ក្រម​ស៊ើបសួរសាលាដំបូងខេត្តកោះកុង ។ ករណីនេះស្នងការដ្ឋាននគរបាលខេត្តកោះកុងក៏បានធ្វើសេចក្តីបំភ្លឺ និងបង្ហាញអត្តសញ្ញាណជនសង្ស័យដែលជាមេក្លោងទាំង៤នាក់ផងដែរនៅស្នងការដ្ឋាននគរបាលខេត្តកោះកុងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។

ជនសង្ស័យទាំង៤នាក់ដែលជាមេក្លោងឆបោកលក់ដីឡូត៍ខ្យល់រួមមាន ទី១-ឈ្មោះ បាន បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន B.I.D, ទី២-ឈ្មោះ ភន ទីគា ភេទប្រុស អាយុ២០ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុន B.I.D, ទី៣-ឈ្មោះ លី ប៊ុនរដ្ឋថី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកផ្តល់ប្រាក់ និងទី៤-ឈ្មោះ ជិន ឆៃយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជាបក្ខពួក ។

តាមប្រភពលោក ហេង ធារៈ ភេទប្រុស អាយុ៥៣ឆ្នាំ ជាអតីតកងទ័ព (ចូលនិវត្តន៍) មានទីលំនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាជនរងគ្រោះ និងតំណាងឱ្យជនរងគ្រោះជាច្រើនទៀតបានបញ្ជាក់ប្រាប់សហការី realestate.com.kh ថា ៖ «ពីដំបូងឡើង កាលពីកំឡុងចុងឆ្នាំ២០១៩ ក្រុមហ៊ុនខាងលើបានរៀបចំដីឡូត៍របស់ខ្លួនដើម្បីធ្វើទីផ្សារ និងបានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២០ ថែមទាំងបានដើរឃោសនាផ្សាយពាណិជ្ជកម្មពីគម្រោងដីឡូត៍របស់ក្រុមហ៊ុន និងឃោសនាពីសក្តានុពលរបស់គម្រោងដីឡូត៍នោះ» ។

ប្រភពបានបន្តថា ៖«គ្រួសាររបស់គាត់បានទិញដីចំនួន៤ឡូត៍ ដោយ២ឡូត៍បង់ប្រាក់ដាច់ និង២ឡូត៍ទៀតបង់រំលស់ក្នុងទំហំដី ៥ម៉ែត្រx២០ម៉ែត្រ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនខាងលើក៏មានប្រូម៉ូសិនពិសេសទិញដី២ឡូត៍ដោយបង់ប្រាក់ដាច់ថែមជូនម៉ូតូ១គ្រឿងថែមទៀតផង ។ ហើយក្រុមហ៊ុនបានសន្យាថា ក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុននឹងប្រគល់ប្លង់ជូនអតិថិជន ប៉ុន្តែក្រុមហ៊ុនស្រាប់តែមានរឿងឆបោកនេះកើតឡើង ហើយរហូតមកដល់ពេលនេះនៅមិនទាន់ទទួលបានប្លង់នៅឡើយនោះទេ» ។

តាមប្រភពលោកពូដែលជាជនរងគ្រោះ និងជាតំណាងឱ្យជនរងគ្រោះដទៃទៀតបានបញ្ជាក់ឱ្យដឹងបន្ថែមថា ៖«ទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋចាញ់បោកក្រុមហ៊ុនដីឡូត៍ខាងលើមានរហូតដល់រាប់ម៉ឺនដុល្លារឯណោះ ហើយពេលនេះនៅមិនទាន់មានសំណងអ្វីពីខាងក្រុមហ៊ុននៅឡើយនោះទេ ។ ប្រសិនបើមានការសម្របសម្រួលពីខាងក្រុមហ៊ុន គឺត្រូវអនុវត្តគោលការណ៍ដែលក្រុមហ៊ុនបានសន្យា» ។

តាមប្រភពលោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ ស្នងការ​រង​ផែន​ព្រហ្ម​ទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានជំរាបឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង៤រូបខាងលើត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលកែប្រែរងចាំអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត ៕

ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងផ្នែកអចលនទ្រព្យមុនគេកុំភ្លេច (ចុចលើរូបភាព Join ខាងក្រោម)

Comments