+855 92 92 1000
Logo
Korean firms expand foothold in Cambodia construction
Updated on: June 6, 2022, 5:02 p.m.
Published on: June 21, 2019, 2:30 a.m.

ក្រុម​ហ៊ុនផ្គត់​ផ្គង់​សម្ភារៈ​សំ​ណង់​កូ​រ៉េ​ ចាប់​ផ្តើម​​ប្រ​ជែង​ជា​មួយ​ចិន​ វៀត​ណាម​ដណ្តើម​ទី​ផ្សារ​​កម្ពុជា


ក្រុម​ហ៊ុន​កូរ៉េ​ធំៗបាន​បង្ហាញ​ពី​ផែន​ការ​ដណ្តើម​ទី​ផ្សារ​​​​​​​ផ្គត់​ផ្គង់​សម្ភារៈ​ក្នុង​វិ​ស័យ​សំ​ណង់នៅ​កម្ពុជា​ ​ដោយ​បាន​រៀប​ចំ​ការ​តាំង​​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​នៅ​កម្ពុជាជា​លើក​ដំ​បូង ដោយ​បញ្ជាក់​ថា​កំណើន​ដ៏​ខ្លាំង​ក្លានៃ​វិស័យ​សំណង់​កម្ពុជា​គឺ​ជា​ឱ​កាស​សម្រាប់​ពួក​គេ​ក្នុង​ការ​ពង្រីក​អាជីវ​កម្ម។

ភ្នាក់​ងា​រ​ផ្សព្វ​ផ្សាយ​និង​ជំ​រុញ​ពាណិជ្ជ​កម្ម​កូរ៉េ​ (KOTRA) ដែល​ជា​ផ្នែក​មួយ​នៃ​ស្ថាន​ទូ​ត​កូរ៉េ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​​បាន​សហ​ការ​ជា​មួយ​សមា​គម​អ្នក​សាង​សង់​កម្ពុជារៀប​ចំ​ការ​តាំង​បង្ហាញ​ផលិត​ផល​ និង​សម្ភារៈ​សំ​ណង់​នៅ​កម្ពុជា​ ជា​លើក​ដំ​បូង​ ដើម្បី​បង្កើត​ឱ​កាស​ដល់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់សម្ភារៈ​សំ​ណង់​របស់​​កូរ៉េ​ ២៤ ក្រុម​ហ៊ុន​ចាប់​ផ្តើម​ជ្រាត​ចូល​ទី​ផ្សារសម្ភារៈ​សំ​ណង់​​កម្ពុជា​ ដែល​កំ​ពុងត្រូវ​បាន​​ផ្គត់​ផ្គង់​​​ដោយ​​ចិន វៀត​ណាម និង​ថៃ។

លោក Kyungmoo Kwon នាយក​គ្រប់​គ្រង​ Kotra Phnom Penh បាន​លើក​ឡើង​ថា​វិ​ស័យ​សំ​ណង់​កម្ពុជា​កំ​ពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​ ហើយ​និន្នា​ការ​នេះ​បានផ្តល់​ឱ​កាសដល់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារៈ​សំ​ណង់​ជា​ច្រើន​ក្នុង​ការ​រីក​ចម្រើន​។

លោក​បន្ត​ថា កន្លង​មក​ផលិត​ផល​សម្ភារៈ​សំ​ណង់​ត្រូវ​បាន​ផ្គត់​ផ្គង់​ជា​ចម្បង​ដោយ​ក្រុម​ហ៊ុន​ចិន វៀត​ណាម និង​ថៃ​ជា​ដើម។

លោក​ថ្លែង​ថា​៖«​យើង​ពិត​ជា​ចង់​ណែ​នាំ​សម្ភារៈ​សំ​ណង់​ដែល​មាន​ប្រ​សិទ្ធភាព​ជាង សុវត្ថិ​ភាព​ជាង និង​មាន​គុណ​ភាព​ជាង​ [ផលិត​ផល​ពី​ប្រ​ទេស​ផ្សេង] សម្រាប់វិ​ស័យ​សំ​ណង់​កម្ពុជា​»។ លោក​បន្ថែម​ថា កូរ៉េ​ ចាប់​អារម្មណ៍​ខ្លាំង​លើ​សក្តា​នុ​ពល​វិ​ស័យ​សំ​ណង់​កម្ពុជា ហើយ​នឹង​ពង្រីក​អាជីវ​កម្ម​លើស​ពី​ការ​ផ្គត់​ផ្គង់​សម្ភារៈ​នា​ពេល​ខាង​មុខ​។

លោក​បញ្ជាក់​ថា​៖​ «​បន្ទាប់​ពី​បញ្ចប់​ការតាំង​បង្ហាញ​នេះ យើង​នឹង​ពង្រីក​ការ​ធ្វើ​ការ​តាំង​បង្ហាញ ​គ្រឿង​ចក្រ​ក្នុង​វិ​ស័យ​សំ​ណង់ អាជីវ​កម្ម​ផ្នែក​តុប​តែង និង​ការ​ស្វែង​រក​ការ​សហ​ការ​បន្ថែម​ទៀត​ សម្រាប់​ការ​វិនិយោគ​ទាក់​ទង​នឹង​វិ​ស័យ​សំ​ណង់​កម្ពុជា»។

យោង​តាម​លោក Kyungmoo គិត​មក​ទល់​ពេល​នេះ មាន​ក្រុម​ហ៊ុន​កូ​រ៉េ​ ៤០ ក្រុម​ហ៊ុនកំ​ពុង​ ដំ​ណើរ​ការ​នៅ​កម្ពុជា​ក្នុង​វិ​ស័យ​សំណង់​ និង​អចល​ន​ទ្រព្យ។

វិនិយោគិន​កូរ៉េ​បាន​ចូល​ប្រ​លូត​ក្នុង​វិស័យ​សំ​ណង់​កម្ពុជា​ តាំង​ពី​វិ​ស័យ​នេះ​បាន​ចាប់​ផ្តើម​រីក ​ចម្រើន​ដំ​បូង​នៅ​កម្ពុជា ដោយ​ការ​ប្រកាស​ដំ​ណើរ​ការគម្រោង​ធំៗមួយចំ​នួន។​ តែ​ការ​វិ​វត្ត​ន៍​ ជាក់​ស្តែង​ហាក់​មាន​ភាព​យឺត​យ៉ាវ ធៀប​នឹង​វិនិយោគិន​ចិន។ គម្រោង​សំ​ណង់​អគារភ្លោះ​ ៤២ ជាន់​ជា​ឧទាហរណ៍​ស្រាប់ ត្រូវ​បាន​ប្រកាស​តាំ​ង​ពី​ឆ្នាំ ២០០៦ ហើយ​ត្រូវ​រង់​ចាំរហូត​ដល់​ឆ្នាំ ២០២០ ទើប​រួច​រាល់​ ដោយ​សារ​ការ​ពន្យាពេល​ជា​ច្រើន​លើក​ច្រើន​សារ។

យ៉ាង​ណា​ក៏​ដោយ លោក ហាន់ ឃាង អនុ​ប្រ​ធាន​សមា​គម​​អ្នក​សាងសង់​កម្ពុជា ​បាន​លើក​ឡើង​ថា​ ការ​ចូល​មក​នៃ​អ្នក​វិនិយោគិន​ថ្មី និង​ការ​ចាប់​ផ្តើម​ពង្រីក​អាជីវ​កម្ម​របស់​ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារៈ​សំ​ណង់​នា​ពេល​នេះ​អាច​ជួយ​ស្តារ​ស្ថាន​ភាព​ឲ្យ​ល្អ​ឡើង​វិញ។

លោក​ថ្លែង​ថា​៖​«​អ្នក​សាង​សង់​នា​ពេល​នេះ​ចាប់​ផ្តើម​មាន​ជម្រើស​ច្រើន​ជាង​មុន ល្អ​ជាង​មុន​ក្នុង​ ការ​ប្រើ​ប្រាស់​សម្ភារៈ​សំ​ណង់។ ខ្ញុំ​ឃើញ​ថា​សម្ភារៈរបស់​គាត់​ល្អ​ ហើយ​កំ​ពុង​ត្រូវ​ការ​ប្រើ​ប្រាស់ ​ក្នុង​វិស័យ​សំណង់​យើង​បច្ចុប្បន្ន។ គុណ​ភាព​​គាត់​ល្អ ហើយ​តម្លៃ​ក៏​អាច​ប្រ​កួត​ប្រ​ជែង​បាន ​ជា​មួយ​ផលិត​ផល​ពី​ប្រ​ទេស​ផ្សេងៗ»៕

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh។ អ្នកអាចស្វែងរកបុរី ខុនដូ ផ្ទះល្វែង និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើគេហទំព័រអចលនទ្រព្យបាននៅថ្ងៃនេះ!

 

Comments