ខេត្តកំពត ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំក្រសួង និងអង្គភាពក្រោមឱវាទ បានអញ្ជើញអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់នៅក្នុងដំណើរចុះពិនិត្យនេះ អំពីស្ថានភាពទូទៅនៃកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលមានប្រវែង៥៤គីឡូម៉ែត្រ ក្នុងនោះ៣៤គីឡូម៉ែត្រមានសភាពល្អប្រសើរ និង ២០គីឡូម៉ែត្រទៀតតែងតែខូចជាប្រចាំ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានចាត់ឱ្យក្រុមការងារបច្ចេកទេសគម្រោងធ្វេីបទបង្ហាញដោយសង្កត់ធ្ងន់លេីបច្ចេកទេសដោះស្រាយ ឆ្លេីយតបចំពោះកំណាត់ផ្លូវ២០គីឡូម៉ែត្រដែលតែងតែខូចជាប្រចាំ ដេីម្បីធានាថាផ្លូវនេះនឹងមានភាពគង់វង្សយូរអង្វែង បញ្ចៀសនូវការជួសជុលដដែលៗ ម្តងហេីយម្តងទៀត។
ផ្លូវ២០គីឡូម៉ែត្រដែលមានបញ្ហានេះត្រូវបែងចែកជាពីរកំណាត់ក្នុងនោះ ៖ កំណាត់៥គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម ចំពោះការងារសាង់សង់គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្ត្រ២ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមានវិធីទម្លាក់សេរីទម្ងន់ ២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនទទួលបន្ទុកជួសជុលស្ថាបនាផ្លូវជាតិលេខ៣ កំណាត់២០គីឡូម៉ែត្រនេះធ្វើសកម្មភាពជួសជុលបណ្ដោះអាសន្នផ្លូវដែលខូច មុនពេលទទួលបានថវិកាគម្រោងសាងសង់ធ្វើកំណាត់ផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ ។
បន្ថែមពីលើនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានឯកភាពលើនីតិវិធីសាងសង់ចំនួនបីសំខាន់ៗដែលបានលើកបង្ហាញសម្រាប់ការជួសជុលផ្លូវប្រវែង២០គីឡូម៉ែត្រនេះឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមានភាពរឹងមាំផងដែរ ៕
Comments