ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃនៅតែមានលក្ខណៈល្អប្រសើរ បើទោះបីជាការសាងសង់ អគារខ្ពស់មានចំនួនច្រើនខ្លាំង រីឯតម្រូវការ និងការទិញ-លក់ហាក់មានការថយចុះក៏ដោយ នេះបើតាម របាយការណ៍ CBRE របស់ថៃក្នុងឆមាសទី១ ឆ្នាំ២០១៩។ បើយោងតាមបាយការណ៍ការរស់ នៅសកលប្រចាំឆ្នាំរបស់ CBRE បានបង្ហាញថា អចលនទ្រព្យនៅក្នុងទីក្រុង បាងកកត្រូវបានគេចាត់ទុកថាមានតម្លៃខ្ពស់ធៀបទៅនឹងទីក្រុងធំៗផ្សេងទៀតក្នុងតំបន់អាស៊ីដូចជា៖ សិង្ហបុរី និងសៀងហៃ។
ក្នុងចំណោមអគារខ្ពស់រាប់ពាន់អគារ King Power Mahanakhon គឺគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំជាងគេមួយ និងជាអគារខ្ពស់បំផុតលំដាប់ទី ២ នៅក្នុងទីក្រុងបាងកក ដែលមានកម្ពស់ ៧៨ ជាន់ ស្មើនឹង ៣១៤ ម៉ែត្រ ខណៈអគារខ្ពស់លំដាប់ទី ១ គឺអគារ Magnolias Waterfront Residences Iconsiam ដែលមានកម្ពស់ ៣១៨ ម៉ែត្រ។
King Power Mahanakhon បានដាក់ដំណើរជាផ្លូវការនៅឆ្នាំ២០១៦ និងបានស្វាគមន៍ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។
ទីក្រុងបាងកកគឺជាទីក្រុងដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទីពីរបន្ទាប់ពីទីក្រុងហុងកុង។ នេះយោងតាមរបាយការណ៍របស់ Euromonitor International ឆ្នាំ ២០១៨ ស្តីអំពីទីក្រុងទិសដៅទេសចរណ៍ ទាំង ១០០។ នៅក្នុងឆ្នាំ ២០១៨ ចំនួនអ្នកទេសចរពីកម្ពុជាមានរហូតដល់ ១,២៣០,៤៧៣ នាក់ ដែលចូលទៅក្នុងប្រទេសថៃក្នុងគោលដៅទេសចរណ៍ ការពិនិត្យសុខភាព និងការកម្សាន្តជាមួយ របៀបរស់នៅបែបស៊ីវិល័យ។
ពាក់ព័ន្ធវិស័យអចលនទ្រព្យ ក្នុងចំណោមបណ្តុំពាណិជ្ជកម្មអាស៊ី ទីផ្សារអចលនទ្រព្យរបស់ទីក្រុងបាងកកគឺមានភាពទាក់ទាញខ្លាំង សម្រាប់ទាំងការរស់នៅ និងសកម្មភាពអាជីវកម្មផ្សេងៗ។
វិស័យលំនៅដ្ឋានមានភាពទាក់ទាក់ទាញដោយហេតុថា បាងកក បានប្រមូលផ្តុំដោយភាពស៊ីវិល័យ របៀបរស់នៅមួយដ៏លេចធ្លោក្នុងណោមប្រទេសរីកចម្រើនក្នុងតំបន់អាស៊ី។ តួយ៉ាងដូចជា គម្រោងខុនដូកប់ពពក របស់ King Power Mahanakhon បានបន្ថែមភាពទាក់ទាញមួយកម្រិតទៀត ទៅដល់ទីក្រុងមួយនេះទាំងផ្នែកទេចរណ៍ និងលំនៅដ្ឋានលំដាប់អន្តរជាតិ។
លោក Marc Begassat នាយកគ្រប់គ្រងរបស់អគារ King Power Mahanakhon បានមានប្រសាសន៍ថា វាពិតជាឱកាសមួយដ៏កម្រក្នុងការក្លាយជាម្ចាស់លំនៅដ្ឋាននៅក្នុងអគារដ៏ល្បីល្បាញ និងលេចធ្លោមួយនេះ។ លោក Marc ជឿជាក់ថា King Power Mahanakhon អាចផ្តល់ជូននូវបទពិសោធការរស់នៅប្រកបដោយភាពប្រណិតក្នុងទីក្រុង។
តើ King Power Mahanakhon មានលក្ខណៈពិសេសអ្វីខ្លះ?
អគារនេះមានទីតាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម Sathorn នៃទីក្រុងបាងកក ហើយក៏ជិតស្ថានីយរថភ្លើងអាកាស Chong Nonsi BTS ផងដែរ។
The Ritz-Carlton Residences ជាឈ្មោះរបស់គម្រោងលំនៅដ្ឋាននៅក្នុងអគារដ៏ធំនេះ។ លំនៅដ្ឋាននៅ ក្នុងអគារនេះមានចាប់ពីជាន់ទី ២៣ ដល់ទី ៧៣ និងមានយូនីតសរុបចំនួន ២០៩ យូនីត ជាមួយទំហំចាប់ពី ១៣៥ ម៉ែត្រការ៉េ ទៅ ៤៤៧ ម៉ែត្រការ៉េ ក្នុងនោះយូនីតនីមួយៗមានចាប់ពី ២ ទៅ ៤ បន្ទប់គេង។ អគារទាំងមូល ព្រមទាំងការរចនាផ្ទៃខាងក្នុង ត្រូវបានធ្វើឡើងដោយវិស្វករជនជាតិបារាំង David Collins studio។ គ្រប់ផ្នែក គ្រប់យ៉ាងត្រូវបានបង្កើតឡើងដោយរំលេចចេញនូវភាពល្អិត នៃការចនាបែបឥតខ្ចោះ អមបដោយបរិក្ខា និងសម្ភារៈតុបតែងលំដាប់អន្តរជាតិ។
ចំពោះកម្មសិទ្ធិនៅ The Ritz-Carlton Residences អ្នកទិញនឹងទទួលបានកម្មសិទ្ធិកាន់កាប់រហូត។ ត្រង់ចំណុចនេះ អ្នកតំណាងរបស់ CBRE ប្រទេសថៃ បានឲ្យដឹងាថានៅក្នុងទីក្រុងបាងកកមានតែគម្រោង ៧ ទៅ ៨ ប៉ុណ្ណោះ ដែលផ្តល់ជូនកម្មសិទ្ធិកាន់កាប់រហូត (Freehold) បែបនេះ។
The Ritz-Carlton Residences ផ្តល់ជូនសេវាកម្មលំដាប់ផ្កាយ ៥ ក្នុងនោះនៅជាន់ទី ៥៤ ម្ចាស់យូនីតអាចរីករាយក្នុងការអានសៀវភៅនៅបណ្ណាល័យ កន្លែងទទួលភ្ញៀវ បារ កន្លែងទទួលទានអាហារ ផ្ទះបាយ ទីធ្លារអង្គុយលេង បន្ទប់ប្រជុំ និងបន្ទប់មើលទូរទស្សន៍។ បន្ថែមលើសពីនេះទៀត ម្ចាស់យូនីតក៏អាចប្រើប្រាស់បានសេវាកម្មជាច្រើននៅជាន់ទី ៧ បានផងដែរ ដែលមានដូចជា៖ កន្លែងហាត់ប្រាណ អាងហែលទឹក កន្លែងអង្គុយលេង កន្លែងមើលកុនលក្ខណៈបុគ្គល បារខ្នាតតូច បន្ទប់លេងហ្គេម ស្ទូឌីយ៉ូ បន្ទប់សម្រាប់ក្មេងៗ និងផ្សេងៗទៀត។
គម្រោងនេះមានចំណតរថយន្តសរុបចំនួន ៥៩៩ កន្លែង បែងចែកជាចំណតធម្មតា ២០០ កន្លែង និងចំណតស្វ័យប្រវត្តិ ៣៩៩ កន្លែង។
ដោយសារនេះជាគម្រោងអភិវឌ្ឍនចម្រុះ ក្រៅពីលំនៅដ្ឋាន នៅជាន់លើបំផុត មានជា Mahanakhon SkyWalk ជាទីលំហដ៏ខ្ពស់ជាងគេក្នុងប្រទេសថៃ មានស្កាយបារ និងភោជនីយដ្ឋានខ្ពស់ជាងគេក្នុងប្រទេសថៃ ចំណែកជាន់ក្រោមចំនួន ៣ ជាន់ជាហាងលក់រាយ និងគ្រឿងសំអាង។
ក្រៅពីនេះនៅក្នុងអគារនេះមានជាសណ្ឋាគារលំដាប់ពិភពលោក Orient Express Hotel ដែលនិងក្លាយជាគោដៅថ្មីមួយសម្រាប់ការស្នាក់នៅរបស់អ្នកដំណើរ។
ប្រសិនបើនិយាយអំពីតម្លៃវិញ ដោយសារ The Ritz-Carlton Residences មានគោលដៅចាប់យកអតិថិជនលំដាប់សេដ្ឋី និងអ្នកជំនួញធំៗនៅទូទាំងពិភពលោក ដូចនេះវាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលតម្លៃហាក់មានកម្រិតខ្ពស់ជាងអចលនទ្រព្យធម្មតា។ ជាក់ស្តែងយូនីតរបស់ The Ritz-Carlton Residences មានតម្លៃចាប់ពីជាង ១.៣ លានដុល្លារ ឬជាង ១ ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ៕
បើគេក្រឡេកមើលកម្ពុជាវិញ នៅក្នុងទីក្រុងភ្នំពេញក៏មានអចលនទ្រព្យប្រើប្រាស់ចម្រុះស្រដៀងគ្នានេះដែរ គឺសណ្ឋាគារ និងរមណីយដ្ឋាន Rosewood ដែលស្ថិតនៅក្នងអគារវឌ្ឍនៈ ប៉ុន្តែ Rosewood មិនធំខ្លាំងដូច King Power Mahanakhon នោះទេ៕
ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
Comments