មុននឹងផ្ដើមពិព័ណ៌នាពីទស្សនៈវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៨គេគួរតែពិនិត្យមើលពីនិន្នាការសំខាន់ៗនៅឆ្នាំ២០១៧ជាមុនសិន ដើម្បីទទួលបានចំណេះដឹងចាំបាច់មួយចំនួនសម្រាប់ការវិនិយោគនៅថ្ងៃអនាគត។
និន្នាការសំខាន់ៗទាំងនោះរួមមាន ការកើនឡើងតម្រូវការគេហដ្ឋានតម្លៃសមរម្យការធ្លាក់ចុះគម្រោង ខុនដូថ្មីៗ ច្បាប់រឹតបន្តឹងអាជ្ញាប័ណសាងសង់ និងឥទ្ធិផលទេសចរណ៍ចិនមកលើកម្ពុជា។ កត្តាទាំងនេះ គឺជាព័ត៌មានចាំបាច់សម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៨នេះ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៧ ដែលបានចេញផ្សាយដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (MLMUPC) តម្លៃសរុបនៃគម្រោងសាងសង់ដែលបានអនុម័ត បានកើនឡើងដល់ ៦.៤២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ពោលគឺកើនឡើង ២២.៣ ភាគរយធៀបនឹងឆ្នាំ ២០១៦។
គម្រោងលំនៅដ្ឋានតម្លៃសមរម្យត្រូវបានគេមើលឃើញថាមានការកើនឡើងខ្លាំងជាងគេនៅឆ្នាំ២០១៧។យោងតាមរបាយការណ៍លំនៅដ្ឋានឆ្នាំ ២០១៧ ដែលបានចេញផ្សាយដោយក្រុមហ៊ុន VTrust Appraisal ការផ្គត់ផ្គង់លំនៅដ្ឋាននៅទូទាំងប្រទេសបានកើនឡើង ១១ ភាគរយនៅឆ្នាំ ២០១៧ ជាមួយនឹងលំនៅដ្ឋានចំនួន ១៣,៩០០ ខ្នងត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ធៀបនឹងលំនៅដ្ឋាន ១២,៥០០ ខ្នងកាលពីឆ្នាំ ២០១៦។
លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៅក្រុមហ៊ុន VTrust Appraisal និងជាអ្នកនិពន្ធរបាយការណ៍នេះបាននិយាយថាឆ្នាំ២០១៧គឺជាឆ្នាំដ៏ល្អបំផុតសម្រាប់ការសាងសង់លំនៅដ្ឋាន ដោយសារមានតម្រូវការ កើនឡើងខ្លាំង។ គម្រោងលំនៅដ្ឋានជាច្រើនបានបញ្ចប់ការសាងសង់នៅឆ្នាំនេះ ជាពិសេសគម្រោង លំនៅដ្ឋានតម្លៃសមរម្យ។
ទន្ទឹមនេះ បណ្ឌិត គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជាបានលើកឡើងថាតម្រូវការលំនៅដ្ឋានតម្លៃសមរម្យដែលមានតម្លៃចន្លោះពី ៣០,០០០ ទៅ ៤០, ០០០ ដុល្លារមានការកើនឡើងខ្លាំងនៅឆ្នាំ ២០១៧ ហើយនឹងបន្តកើនឡើងនៅឆ្នាំ២០១៨ខាងមុខ។
យ៉ាងណាក៏ដោយគម្រោងខុនដូរបានធ្លាក់ចុះពី ១៨,៥០០ យូនីតក្នុងឆ្នាំ ២០១៦ ដល់ ១០,០០០ យូនីតនៅក្នុងឆ្នាំ ២០១៧ ពោលគឺធ្លាក់ចុះ ៤៥ ភាគរយ ធៀបនឹងឆ្នាំ២០១៦។ នេះបើយោងតាមរបាយការណ៍ VTrust ។
ការធ្លាក់ចុះនេះបណ្ដាលមកពីការបារម្មណ៍ពីចំនួនផ្គត់ផ្គង់ខុនដូរច្រើនពេកនៅក្នុងទីផ្សារ។ ប្រការនេះ ជម្រុញឱ្យអ្នកអភិវឌ្ឍន៍ប្ដូរមកវិនិយោគលើទីផ្សារថ្មីវិញម្ដង គឺលំនៅដ្ឋានតម្លៃសមរម្យ។ លោក សីហា បានបន្ថែមថានៅក្នុងឆ្នាំ២០១៨អ្នកអភិវឌ្ឍន៍នឹងបញ្ចុះតម្លៃគម្រោងលំនៅដ្ឋានរបស់ពួកគេដើម្បីប្រកួតប្រជែងក្នុងទីផ្សារ និងផ្តល់នូវជម្រើសទូទាត់ប្រសើរជាងនេះដើម្បីជំរុញការលក់។
លោក បណ្ឌិត គីំម ហ៊ាង ផ្ដល់យោបល់ថាគេគួរតែទិញអចលនទ្រព្យនៅឆ្នាំ ២០១៨ នេះ ដោយសារតែវាជាពេលដែលមានអ្នកលក់ច្រើនដូច្នេះតម្លៃនឹងធូរថ្លៃហើយគេអាចទិញបានអចលនទ្រព្យល្អៗ។
និន្នាការសំខាន់មួយទៀតនៅឆ្នាំ ២០១៧ នេះគឺការរឹតបន្តឹងការចេញអាជ្ញាប័ណគម្រោងសាងសង់ដល់អ្នកអភិវឌ្ឍន៍។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីចុងខែតុលាឆ្នាំ២០១៧បានព្រាងច្បាប់ដើម្បីធានាថារាល់គម្រោងសាងសង់នឹងត្រូវបញ្ចប់តាមកាលកំណត់។
លោក បណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថាច្បាប់ថ្មីនេះល្អសម្រាប់កម្ពុជាព្រោះមានតែអ្នកដែលមានទុនវិនិយោគពិតប្រាកដទេដែលអាចវិនិយោគលើគម្រោងអចលនទ្រព្យ។ ម្យ៉ាងទៀតវានឹងជួយ កាត់បន្ថយគម្រោងដែលមិនទាន់សាងសង់ដែលអាចប៉ះពាល់ដល់អ្នកទិញនៅពេលដែលគម្រោងនោះមិនបានសាងសង់ចប់ទាន់ពេល។ កន្លងមកធ្លាប់មានក្រុមហ៊ុនដែលប្រើប្រាស់ដីធ្វើជាទ្រព្យបញ្ចាំដើម្បីខ្ចីលុយធនាគារ ហើយយកថវិការនោះមកសាងសង់លំនៅដ្ឋានហើយប្រកាសលក់មុនគម្រោង។ ប្រការនេះមានហានិភ័យខ្លាំងណាស់សម្រាប់អ្នកទិញ។
ការកើនឡើងទេសចរណ៍ចិននៅកម្ពុជាគឺជានិន្នាការសំខាន់មួយទៀតសម្រាប់កំណើនវិស័យអចលនទ្រព្យនៅកម្ពុជានៅឆ្នាំ២០១៧ ហើយប្រការនេះនឹងបន្តផ្ដល់ផលវិជ្ជមានជាច្រើនទៀតនៅឆ្នាំ ២០១៨ ខាងមុខនេះ។
នាឱកាសវិទិការថ្នាក់ជាតិលើកទីពីរស្ដីពីគោលដៅទេសចរណ៍ចិនមកកម្ពុជាដែលធ្វើឡើងនៅខែតុលាឆ្នាំ២០១៧រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន គូសបញ្ជាក់ថាកម្ពុជាគ្រោងទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់មកកាន់កម្ពុជានៅត្រឹមឆ្នាំ ២០២០។
"ការស្ដែងឱ្យឃើញនៅឆ្នាំ ២០១៧ នេះទេសចរណ៍ចិនមកកាន់កម្ពុជាបានកើនឡើងដល់ជាង១លាននាក់រួចស្រេចទៅហើយដែលជាចំនួនច្រើនមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ ប្រាក់ចំណូលដែលបានពីចំនួនភ្ញៀវទេសចរណ៍ចិនមានចំនួនជាង៧០០លានដុល្លារ។" នេះបើយោងតាមលោករដ្ឋមន្ត្រី។
ទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីចិនមកកម្ពុជាដែលបានចុះកិច្ចព្រមព្រៀងចំនួន១៩រវាងប្រទេសទាំងពីរជាពិសេសកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតនៅកម្ពុជានឹងជម្រុញឱ្យវិស័យអចលនទ្រព្យកាន់តែមានភាពរីកចម្រើនច្រើនថែមទៀតនៅឆ្នាំ២០១៨ខាងមុខនេះ។
តាមដានព័ត៌មានអចលនទ្រព្យថ្មីៗបំផុត ឬមានបំណងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh
Comments