នៅពេលដែលលោក Dan Kreis ដែលជាស្ថាបនិកម្ចាស់ និងប្រតិបត្តិករផ្ទះសំណាក់រមណីយដ្ឋានអេកូឡុតកែប (Kep Lodge Eco-Resort) បានមកដល់នៅក្នុងខេត្តកែប ជាលើកដំបូងនៅក្នុងឆ្នាំ២០០៥ លោកបានកត់សម្គាល់ឃើញថា មានតែផ្ទះសំណាក់មួយចំនួនតូចតែប៉ុណ្ណោះដែលត្រូវបានគ្រប់គ្រងដោយអ្នករស់នៅទីនោះមានជនបរទេសស្នាក់នៅតិចជាង ១០ ហើយគ្មានផ្សារទំនើប គ្មានអគ្គិសនី គ្មានបារ៍ ដែលនេះជាហេតុធ្វើឲ្យបានចំណូលតិចតួចពីភ្ញៀវទេសចរ។
ដប់ឆ្នាំក្រោយមក ឥឡូវនេះ គាត់បានលក់មុខជំនួញរបស់ខ្លួននៅក្នុងតម្លៃមួយដែលគេបានចាត់ទុកថា ជាចំនួនច្រើនហួសការស្មានបើប្រៀបធៀបពីកាលឆ្នាំ ២០០៥។ចង់ទិញផ្ទះសំណាក់រមណីយដ្ឋាន Kep Lodge? ពិនិត្យមើលអចលនទ្រព្យនៅលើ realestate.com.kh ថ្ងៃនេះ!
លោក Kreis បានរកឃើញឧទ្យានជាតិធម្មជាតិមួយដែលមានភ្នំ និងព្រៃឈើខៀវស្រងាត់ ដែលធ្វើឲ្យគាត់នឹកឃើញដល់ស្រុកកំណើតរបស់គាត់នៅឯប្រទេសស្វ៊ីស (Switzerland)។ ក្រោយមកទៀតលោកបានបោះបង់ចោលការបើកដំណើរការរមណីយដ្ឋានមួយនៅទីផ្សារដែលមានការអភិវឌ្ឍខ្លាំងនៅប្រទេសថៃ ក៏ដូចជាក្រុងព្រះសីហនុ ដែលជាតំបន់ទេសចរណ៍សំខាន់មួយ លោកក៏បានរកឃើញទីឋានសួគ៌មួយនៅជើងភ្នំស្ងាត់មួយនៅខេត្តកែប។
បន្ទាប់ពីបានចំណាយរយៈពេលប្រាំមួយខែដើម្បីស្វែងរកទីតាំងអចលនទ្រព្យ ដែលលោកពេញចិត្ត ទីបំផុតលោក Kreis បានជ្រើសរើសយកទីតាំងមួយនៅលើប្លុកនៃដីតាមជម្រាលភ្នំក្នុងឧទ្យានជាតិកែប។ នៅទីនោះមានភាពស្ងប់ស្ងាត់ រួមទាំងទេសភាពស្រស់ស្អាតនៃសមុទ្រ គឺមានតម្លៃ ៥ ដុល្លារ ក្នុងមួយម៉ែត្រការ៉េសម្រាប់ការជួលរយៈពេលវែង ៧០ ឆ្នាំ។
អ្នកស្រុកដែលចូលចិត្តការរស់នៅតាមបណ្តោយផ្លូវធំកាលពីឆ្នាំ ២០០៥ ដោយដីនៅទីនោះមានតម្លៃប្រហែល ៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ពួកគេបានព្រមានលោក Kreis ថាគម្រោងវិស័យទេសចរណ៍របស់គាត់នៅទីនោះ គឺមិនទំនងទាល់តែសោះ។
ពួកគេបាននិយាយថា៖ «គ្មានភ្ញៀវទេសចរណាចង់ឡើងទៅលើភ្នំ ដើម្បីស្វែងរកកន្លែងរបស់អ្នកទេ»។
ស្របពេលនោះដែរ ពួកគេមួយចំនួននៅតែមានការភ័យខ្លាចថា អាចមានទាហានខ្មែរក្រហមមួយចំនួនដែលបានលាក់ខ្លួននៅលើភ្នំនៃខេត្តកែបនោះទៀតផង ដោយតំបន់កែបត្រូវបានគេស្គាល់ថា ជាផ្នែកនៃតំបន់សំខាន់ចុងក្រោយដែលទាហានខ្មែរក្រហមកាន់កាប់នៅក្នុងរបបនោះ។ ប៉ុន្តែលោក Kreis បែរជាមិនអើពើនឹងការរិះគន់របស់ប្រជាពលរដ្ឋនៅទីនោះទេ ដោយលោកជឿថា៖ «ដីនេះគឺដូចជាកន្លែងទឹកនៅក្នុងវាលខ្សាច់មួយអ៊ីចឹង។ នៅពេលណាមួយ ភ្ញៀវទេសចរច្បាស់ជានឹងមកដល់ហើយ»។
លោកបានបើកដំណើរការបឹងហ្គាឡូចំនួន ៦ នៅក្នុងឆ្នាំ ២០០៧ ដែលបានសង់ឡើងពីបាតដៃទទេ ជាមួយនឹងប្រជាជននៅក្នុងតំបន់នោះ។ Kep Lodge បានក្លាយជាអាជីវកម្មទី ១ ដែលគ្រប់គ្រង និងប្រតិបត្តិដោយជនបរទេស ដែលមកពីលោកខាងលិចនៅក្នុងខេត្តកែប ក៏ដូចជាអាជីវកម្មផ្នែកអេកូទេសចរណ៍ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ កាលនោះទឹកផឹកគឺរៀបចំបានគ្រប់គ្រាន់ក៏ដូចជាចម្រោះឲ្យបានស្អាតសម្រាប់ ភ្ញៀវផងដែរ។
ចង់ទិញផ្ទះសំណាក់រមណីយដ្ឋាន Kep Lodge? ពិនិត្យមើលអចលនទ្រព្យនៅលើ realestate.com.kh ថ្ងៃនេះ!
ដោយសារតែភ្លើងអគ្គិសនីមានកំណត់ ទឹកត្រូវបានដាំជាមួយហ្គាស សម្ភារផ្នែកខាងក្នុងនៃរមណីយដ្ឋាន រួមទាំងតារាងមុខម្ហូបដែលមានមុខម្ហូបរបស់ប្រទេសស៊ុយអែត គឺត្រូវបានយកពីក្នុងតំបន់រមណីយដ្ឋាននោះផ្ទាល់ ហើយសម្ភារផ្នែកខាងក្រៅរបស់អាជីវកម្មគឺត្រូវបានរៀបចំដោយលក្ខណៈឆ្នៃប្រឌិត និងមិនប៉ះពាល់ដល់បរិស្ថាន។
រឿងមួយក្នុងចំណោមភារកិច្ចដែលហត់នឿយជាងគេនៅដំណាក់កាលដំបូងចំពោះលោក Kreis ដែលមានវ័យ ៤៦ ឆ្នាំរូបនេះ គឺជាការបណ្តុះបណ្តាលបុគ្គលិក។ ដោយសារតែប្រព័ន្ធអប់រំក្នុងស្រុករបស់ខេត្តកែប គឺស្ទើរតែមិនមាន ហើយកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍ បានដំណើរការដោយសហគ្រិនមកពីភ្នំពេញ គឺមិនបានទៅដល់តំបន់ឆ្នេរនោះទេ លោក Kreis ត្រូវចំណាយពេលជាច្រើនដើម្បីបណ្តុះបណ្តាល បុគ្គលិករបស់លោក ដោយលោកតែងតែចាប់ផ្តើមពីចំណុចមូលដ្ឋានជា-និច្ច។ ឃ្លាភាសាខ្មែរដំបូងដែលលោក Kreis បានរៀនចេះនោះគឺ៖ «ប្រសិនបើអ្នកមិនធ្វើវាឲ្យត្រឹមត្រូវលើកទី ១ ទេ អ្នកត្រូវធ្វើវាម្តងទៀត!»។
ប៉ុន្តែការងាររបស់លោក Kreis គឺមិនទាន់បានជោគជ័យទេ ទោះជាពេលដែលបឹងហ្គាឡូនេះត្រូវបានកសាងឡើងរួចរាល់ក៏ដោយ។ លោកនៅតែស្វះស្វែងរកវិធីសាស្ត្រ ដើម្បីប្រាប់ទៅដល់ភ្ញៀវទេសចរថា កែបគឺជាគោលដៅទេសចរណ៍ដែលមានតម្លៃ និងភាពទាក់ទាញ។ មិនដូចសព្វថ្ងៃនេះ មានភ្ញៀវទេសចរចំនួនតិចតួចណាស់ដែលបានដឹងពីខេត្តកែប កាលពីពេលនោះ ដោយសារតែវាមិនមាននៅក្នុងសៀវភៅទេសចរណ៍ ឬនៅក្នុងប្រព័ន្ធអ៊ីនធឺណិត ហើយមានភ្ញៀវទេសចរកាន់តែតិចជាងនោះទៀត ដែលបានស្គាល់ផ្ទះសំណាក់ធម្មជាតិនៅលើភ្នំរបស់លោក Kreis ដែរ។
ចំពោះ បញ្ហាប្រឈមនេះ លោក Kreis បានប្រើប្រាស់ ចំណេះដឹងពីប្រទេសស្វ៊ីស ផ្នែកការអភិវឌ្ឍបណ្ដាញអ៊ីនធឺណិត និងទីផ្សារទេសចរណ៍របស់លោក។ នៅឆ្នាំ ២០០៧ លោក Kreis ទីបំផុតបានទទួលបណ្តាញអ៊ីនធឺណិតតាមរយៈបណ្តាញផ្កាយរណបមួយរបស់ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេតរបស់ប្រទេសថៃ។ នៅដំណាក់កាលនោះ គេហទំព័រកក់សណ្ឋាគារគឺមិនមានដំណើរការល្អ ឬមិនសូវទទួលការពេញនិយមទេនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះលោក Kreis គឺត្រូវធ្វើដោយខ្លួនលោកផ្ទាល់។ លោក Kreis បានចាប់ផ្តើមបង្កើតស៊េរីគេហទំព័រដែលមានភាសាផ្សេងៗ (ភាសាបារាំង អង់គ្លេស អាល្លឺម៉ង់) ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីអត្ថប្រយោជន៍បន្ថែមនៃខេត្តកែប ដែលជាតំបន់អេកូទេសចរណ៍ ហើយគេហទំព័រមួយដែលល្បីបំផុត នោះគឺ visitkep.com។ លោកក៏បានចូលផ្សព្វផ្សាយនៅក្នុងគេហទំព័រហ្វេសប៊ុក និងប្រព័ន្ធ ផ្សព្វផ្សាយបណ្តាញសង្គមផ្សេងទៀត ដើម្បីផ្សព្វផ្សាយពីទីតាំងក្នុងភូមិរបស់គាត់ ហើយទីបំផុត លោកក៏បានទាក់ទាញអតិថិជនឲ្យមក Kep Lodge។ ផែនការរបស់លោកគឺពិតជាដំណើរការមែន ហើយខេត្តកែប ក៏ចាប់ផ្តើមក្លាយជាតំបន់ទេសចរណ៍មួយនៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា។ សូម្បីតែនៅក្នុងឆ្នាំ ២០០៧ ផ្ទះសំណាក់នេះ គឺទទួលបានភាគរយអ្នកស្នាក់នៅចំនួន ៨០ ភាគរយជាមធ្យម។ លោក Kreis បាននិយាយថា៖ «ចម្ងាយពីខេត្តកែបទៅទីក្រុងភ្នំពេញ គឺជាចំណុចទាក់ទាញមួយសម្រាប់ជនបរទេសដែលរស់នៅក្នុងទីក្រុង»។ អ្នកទេសចរទាំងនោះ ដែលច្រើនមកពីលោកខាងលិច គឺមកបឹងហ្គាឡូរបស់លោកដោយសារតែក្បាច់រចនា និងស្ទីលរបស់បឹងហ្គាឡូកែបឡូដ Kep Lodge នោះ។ ទន្ទឹមនឹងនេះដែរតំបន់នោះគឺដំណើរការតាមបំណងរបស់លោក Kreis ដោយលោកចង់ឲ្យភ្ញៀវទេសចររស់ដោយមានភាពជិតស្និទ្ធនឹងធម្មជាតិ។ក្នុងឆ្នាំ ២០១៥ កែបឡូដ Kep Lodge បានពង្រីកដោយបច្ចុប្បន្នមានបឹងហ្គាឡូចំនួន ១៣ ដែលត្រូវបានស្នាក់នៅពេញមួយឆ្នាំ រួមជាមួយនឹងផ្លែឈើនៅតំបន់ត្រូពិច ព្រមទាំងភោជនីយដ្ឋានដ៏ឆើតឆាយ និង ផ្ទះដែលមានលក្ខណៈជាបារ និងជម្រាលភ្នំដែលមានទឹកប្រៃគ្រប់រដូវកាល គួបផ្សំនឹងបុគ្គលិកសណ្ឋាគារដែលមានភាពរួសរាយរាក់ទាក់។ឥឡូវនេះដីដែលជារមណីយដ្ឋានក្នុងក្តីសុបិនរបស់លោក Kreis គឺមានតម្លៃរហូតដល់ទៅ ៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីដែលនៅតាមផ្លូវធំក្នុងខេត្តកែបនោះមានតម្លៃពី ១៥០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
បើក្រឡេកមើលទៅតាមភូមិនៃក្រុងកែប នាពេលបច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យបានពង្រីកហួសពីការប្រៀបធៀបផងដែរ។ បច្ចុប្បន្ននេះមានផ្ទះសំណាក់ប្រមាណ ៩០ នៅទូទាំងទីក្រុងឆ្នេរនេះ ហើយមានភោជនីយដ្ឋានជាង ៥០ និងមានជនបរទេសប្រហែល ២០០ នាក់ ដែលស្នាក់ នៅទីនោះជាអចិន្រៃ្តយ៍ដែលវាជាការផ្លាស់ប្តូរដ៏ល្អមួសម្រាប់លោក Kreis ដោយលោកបានចំណាយពេលប៉ុន្មានឆ្នាំដំបូងនៅក្នុងខេត្តកែប ដែលមិនសូវមានការទទួលស្គាល់ពីពិភពខាងក្រៅ។
ជាចុងក្រោយលោកបាននិយាយ ថា ៖ «ជាការពិតខ្ញុំបានកត់សម្គាល់ ថា នៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ យើងបានឃើញជាលើកដំបូងហើយដែលមានការកកស្ទះចរាចរណ៍នៅភូមិរបស់យើងក្នុងខេត្តកែប ដោយមានភ្ញៀវទេសចរនៅក្នុងប្រទេសជាច្រើន ក្នុងចំនួនមួយដែលយើងមិនដែលធ្លាប់ឃើញពីមុន ដែលពួកគេបានមកតំបន់ឆ្នេរនេះ»៕
Comments