+855 92 92 1000
Logo
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងបែបនេះក្រោយឃើញផ្លូវកំពត-វាលរេញជង្ហុកប៉ុនៗពាង
Updated on: September 28, 2022, 8:36 a.m.
Published on: September 28, 2022, 8:33 a.m.

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងបែបនេះក្រោយឃើញផ្លូវកំពត-វាលរេញជង្ហុកប៉ុនៗពាង


ប្រជាពលរដ្ឋដែលធ្វើដំណើរតាម​កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ត្រង់ចំណុច​ប្រវែង២០គីឡូម៉ែត្រ​ដែល​មាន​​សភាពខូចខាតជាទម្ងន់ មានជង្ហុកដក់ទឹកធំៗ ដែលពិបាក​ក្នុងការធ្វើដំណើរទៅមក ។ ក្នុងនោះផងដែរ ប្រជា​ពលរដ្ឋ​ជាច្រើនបានស្នើរសុំឱ្យរាជរដ្ឋាភិបាល ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន​ ជួយធ្វើការជួសជុលកែលម្អឡើងវិញ​ដើម្បីផ្តល់ភាព​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបាននូវបញ្ហាផ្លូវកំពត-វាលរេញនេះហើយ ដោយក្រសួង​មិនមែន​ឃើញហើយមិនជួសជុលនោះទេ ។ ក្រសួងបានសិក្សារួចរាល់អស់ហើយ ប៉ុន្តែនៅឡើយមិនទាន់មានថវិការ​​ ដោយសារតែមិត្តចិនមិនទាន់អនុម័តថវិកាដោយអាចពន្យាពេលដល់ឆ្នាំ២០២៣-២០២៤ ។ ឯកឧត្តមបាន​បញ្ជាក់​ថា ចំពោះបញ្ហានេះវាជារឿងគួរឱ្យអាម៉ាស់ខ្លាំងណាស់ ហើយក្រសួងក៏សុំធ្វើការអភ័យទោស​ពីបងប្អូនប្រជា​ពលរដ្ឋផង​ដែរ ។

ទាក់ទងនឹងស្ថានភាពផ្លូវនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីការខំប្រឹងប្រែងរបស់ខ្លួនផងដែរ​លើ​ការ​ស្តារឡើងវិញ និងថែទាំ ជាពិសេសប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមជាង៤៥គីឡូម៉ែត្ររវាងកំពត-វាលរេញ ។ បើតាមក្រសួងផ្លូវនេះស្ថិតនៅតំបន់ភូមិសាស្ត្រទាបជាងគេ និងមានស្រទាប់ដីខាងក្រោមជ្រាយខ្លាំង ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវកំពត-វាលរេញនេះត្រូវជួសជុលបែបស៊ីជម្រៅ ព្រោះកំណាត់​ផ្លូវខ្លះ​មាន​ដីស្អុយ​ជម្រៅដល់ទៅ១៨ម៉ែត្រចុះក្រោម ដែលតម្រូវឱ្យក្រសួងធ្វើការកសាងគ្រឹះក្រោមដី ។ ជាបណ្តោះអាសន្ន​ក្រសួង​បានស្នើដល់ក្រុមហ៊ុនចិន CRBC ជួយកិនបង្ហាប់ដីដើម្បីសម្រួល​ដល់ចរាចរ​មួយរយៈ​ពេល​ខ្លីនសិន ដោយក្រសួងមិនចង់ចំណាយប្រាក់១ឬ២លានដុល្លារជួសជុលបណ្តោះអាសន្នតែមិនជាប់ធន់នោះទេ និងរងចាំ​ការអនុម័តថវិការពីមិត្តចិនដើម្បីយើងអាចជួសជុលតាមបច្ចេកទេសជាប់បានយូរតែម្តង ។ ដូច្នេះខ្ញុំសូមអភ័យទោស និងស្នើដល់សាធារណជនឱ្យជួយយោគយល់ពីបញ្ហានេះ ។

សូមបញ្ជាក់ផងដែរថា តាមការសិក្សារបស់ក្រសួង​សាធារណការ និងដឹកជញ្ជូន ការជួសជុលផ្លូវកំពត-វាលរេញ​នេះ​គ្រោង​ចំណាយ ៦០ ទៅ ៧០លានដុល្លារ ដោយក្រសួងសេដ្ឋកិច្ចបានស្នើទៅមិត្តចិនរួ​ចហើយ​ពេលនេះ​នៅរង់ចាំ​ចម្លើយ​តែប៉ុណ្ណោះ ៕

Comments