+855 92 92 1000
Logo

Editorial content

មិន​នឹក​ស្មាន ! កំពង់​ផែ​ទឹក​ជ្រៅ​ខ្នាត​យក្ស​កម្រិត​អន្តរជាតិ​នៅ​ខេត្តកំពត​ប្រើ​ទុន​ច្រើន​ដល់​ម្លឹ​ង
Updated on: June 13, 2022, 6:05 a.m.
Published on: May 5, 2022, 9:51 a.m.

មិន​នឹក​ស្មាន ! កំពង់​ផែ​ទឹក​ជ្រៅ​ខ្នាត​យក្ស​កម្រិត​អន្តរជាតិ​នៅ​ខេត្តកំពត​ប្រើ​ទុន​ច្រើន​ដល់​ម្លឹ​ង


មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​កំពត ដែល​ជា​កំពង់ផែទឹក​ជ្រៅ​កម្រិត​អន្តរជាតិ​ដ៏​ថ្មី​សន្លាង​មួយ​នៅ​ក្នុង​ក្រុង​បូកគោ ខេត្តកំពត ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ព្រឹក​មិ​ញ​នេះ​ជាមួយ​ទុន​វិនិយោគ ១,៥០០​លាន​ដុល្លារ ។

កំពង់​ផែ​កម្រិត​អន្តរជាតិ​នេះ​មាន​ផ្ទៃដី​ជាង ៦០០​ហិ​កតា ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក Kampot Logistics and Port Company Limited ។ គម្រោង​វិនិយោគ​ខ្នាត​យក្ស​មួយ​នេះ មាន​ផែនការ​អនុវត្ត​ជា ៣​ដំណាក់កាល ជាមួយនឹង​ដើមទុន​វិនិយោគ​សរុប​ប្រមាណ ១,៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

នៅ​ក្នុង​ផែនការ​ដំណាក់កាល​ទី​១ ទុន​ប្រមាណ ២០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ក្នុង​គម្រោង​មាន ទីលាន​កុងតឺន័រ តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ពាណិជ្ជកម្ម​សេរី ម​ជ្ឍ​មណ្ឌល​ភស្តុ​ភា​កម្ម ឃ្លាំង​ស្តុក​ទំនិញ​គ្រប់​ប្រភេទ ឃ្លាំង​ភណ្ឌាគារ​គយ រោងចក្រ​ផលិត​និង​ចែកចាយ រោងចក្រ​ចម្រាញ់​ប្រេងឥន្ធនៈ និង​មជ្ឈមណ្ឌល​ប្រេងឥន្ធនៈ តំបន់​លំនៅ​ឋាន និង​ចំណត​នាវា​ដឹក​អ្នកដំណើរ​ទេសចរ ព្រមទាំង​ចំណត​នាវា​ប្រភេទ​ជា​សា​ឡង់ ដែល​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ជាមួយ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ក្នុង​ករណី​រាជរដ្ឋាភិបាល​អភិវឌ្ឍ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម​ទន្លេបាសាក់ ។ នៅ​ក្នុង​គម្រោង​មួយ​នេះ ក៏​នឹង​ក្លាយជា​ឃ្លាំង​ស្តុក​ឧស្ម័ន​ដ៏​ធំ​បំផុត និង សន្តិសុខ​ជាតិ​ផង​ដែរ ។

ទីតាំង​កំពង់​ផែ​ពហុ​បំណង​នេះ មាន​ជម្រៅ​ទឹក​ប្រមាណ ១៥​ម៉ែត្រ និង​អាច​ឱ្យ​នាវា​ចំណុះ​១០០.០០០ តោន អាច​ចូល​ចត​បាន ។ កំពង់​ផែ​ពហុ​បំណង​នេះ នឹង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​លើកដាក់​ទំនិញ​ចេញ​-​ចូល បាន​ចំនួន​ប្រមាណ ៣០០.០០០ TEU នៅ​ក្នុង​ឆ្នាំ​២០២៥ និង​ប្រមាណ ៦០០.០០០ TEU នៅ​ក្នុង​ឆ្នាំ​២០៣០​។ តាម​ការ​គ្រោងទុក​នៃ​គម្រោង​ត្រូវ​ចំណាយពេល​សាងសង់​ចំនួន ១៨ ខែ ក្នុង​ការ​បញ្ចប់​ការ​សាងសង់​។

ទីតាំង​ដី​នៃ​គម្រោង​វិនិយោគ​នេះ​ជាទី​តាំង​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មាន​សក្តានុពល​ខ្ពស់​សម្រាប់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​និង​កំពង់​ផែ​ពហុ​បំណង ដោយ​មាន​កត្តា​អំណោយផល​ពី​ធម្មជាតិ រួម​មាន តំបន់​សមុទ្រ​ទឹក​ជ្រៅ និង តំបន់​ពុំ​សូវ​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ ដោយ​មាន​របាំង​ការពារ​ព្យុះ រលក ពី​កោះ​ថ្មី កោះសេះ និង​កោះត្រល់ ជា​ពិសេស ក្រុមហ៊ុន​ក៏​បាន​សាងសង់​ឃ្ល​ង​នាវាចរណ៍​រួច​ជា​ស្រេច​ផង​ដែរ ។

គម្រោង​ដ៏​ធំ​ទី​មួយ​លំដាប់​អន្តរជាតិ​មិន​ធ្លាប់​មាន ក្រោម​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក ដែល​នឹង​បំពេញបន្ថែម​ទៅ​លើ​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ ទោះបី​កម្ពុជា មាន​កំពង់​ផែ​ធំ​ពីរ​របស់​រដ្ឋាភិបាល​ដូច​ជា កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ក៏​ដូច​ជា កំពង់​ផែ​ឯកជន​មួយ​ចំនួន​ទៀត​ក៏​ដោយ​ ។

គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​នេះ​នឹង​ផ្តល់​ឱកាស​ការងារ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​មួយ​មុឺ​ន​កន្លែង នៅ​ពេល​គម្រោង​វិនិយោគ​នេះ ត្រូវ​បាន​សាងសង់​រួច និង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ខាង​មុខ ៕

Comments