ក្រុមហ៊ុនជប៉ុន Japan Oil, Gas and Metals Corp (JOGMEC) ដែលគាំទ្រដោយរដ្ឋភិបាលជប៉ុន បានប្រកាសស្វែងរកដៃគូជាក្រុមហ៊ុនជប៉ុនដូចគ្នាដើម្បីសហការសិក្សាពីលទ្ធភាពដែលអាចឈានដល់ ការទាញយករ៉ែទង់ដែង និងរ៉ែស័ង្កសីនៅកម្ពុជា បន្ទាប់ពីបានសិក្សា និងឃើញមានរ៉ែទាំងពីរនៅតំបន់ដែលខ្លួនរុករក។
ទោះបីជាការឈានដល់ការទាញយកត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ហើយត្រូវកាលពេលវេលាយូរទៀត មន្រ្តីជាន់ខ្ពស់ពីក្រសួងរ៉ែ និងថាមពលបានបង្ហាញការស្វាគមចំពោះការវិវត្តិន៍នេះ ដោយបញ្ជាក់ថាការប្រកាសលទ្ធផលរកឃើញបឋមរបស់ JOGMEC នឹងធ្វើឲ្យក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍ពីឱកាសក្នុងវិស័យធនធានរ៉ែនៅកម្ពុជា។
យោងតាមការរាយការណ៍របស់កាសែតជប៉ុន ក្យូដូ កាលពីថ្ងៃពុធ JOGMEC តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Nittetsu Mining Co បានទទួលអជ្ញាប័ណ្ណរុករករ៉ែពីរដ្ឋាភិបាលកម្ពុជាកាលពីខែ មេសា ឆ្នាំ ២០១៨ ដើម្បីធ្វើការសិក្សាពីសក្តានុពលរ៉ែនៅខេត្តស្ទឹងត្រែងប្រទេសកម្ពុជា។
ក្រុមហ៊ុនបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួន ដោយត្រូវបានរាយការណ៍បន្តដោយ ក្យូដូថា JOGMEC បានរកឃើញថាមានរ៉ែទងដែងនៅតំបន់នោះដែលជាផ្នែកមួយនៃខ្សែក្រវ៉ាត់រ៉ែភ្ជាប់ពីប្រទេសជិតខាងមក។
លោក លោក ម៉េង សក្ដធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល (MME) បានលើកឡើងកាលពីម្សិលមិញថាដំណាក់កាលដែលក្រុមហ៊ុន JOGMEC បានឈានដល់នាពេលនេះគ្រាន់តែដំណាក់កាលដំបូងនៅឡើយ ហើយការខិតទៅដល់ការអាចទាញយកផលបាននៅត្រូវការឆ្លងកាត់លក្ខ័ណ្ឌច្រើនទៀត ដែលយ៉ាងហោចណាស់ក៏ត្រូវការពេល ២ ទៅ ៣ ឆ្នាំដែរ។ លោកបន្ត ក្រុមហ៊ុនអាចនឹងបោះបង់វិញក៏ថាបាន ប្រសិនបើសិក្សាលម្អិតទៅហើយឃើញលទ្ធផលមិនសមនឹងប្រតិបត្តិការបាន។
លោកបញ្ជាក់ថា៖«វាគ្រាន់តែជាសញ្ញាវិជ្ជមានមួយ តែដើម្បីឲ្យវាអាចចេញជារូបរាងនឹងឈានដល់ការធ្វើទាញយករ៉ែនៅត្រូវការរយៈពេលយូរទៀតណាស់»។ យ៉ាងណាក៏ដោយ លោក បន្តថា៖«JOGMEC ប្រៀបបានដូចជាស្ពានសម្រាប់ភ្ជាប់ក្រុមហ៊ុនជប៉ុនដែលចង់ធ្វើអាជីវកម្មនៅក្រៅប្រទេសក្នុងវិស័យរ៉ែ។ ដូច្នេះតាមរយៈក្រុមហ៊ុន JOGMEC វាបានបង្ហាញសក្កានុពលរបស់កម្ពុជា ហើយអាចនឹងធ្វើឲ្យក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍យើងច្រើនជាងមុន»។
លោកបន្តថា ការទាញយកភោគផលពីធនធានរ៉ែទាំងលើគោក និងបាតសមុទ្រ ដែលសាធារណជនបានរង់ចាំជាយូរអាចនឹងត្រូវចេញជាផ្លែផ្កាចាប់ពីចុងឆ្នាំ ២០១៩ នេះទៅ។
បន្ទាប់ពីបានចំណាយពេលរុករកអស់ជាច្រើនឆ្នាំ ក្រុមហ៊ុនរ៉ែមាស ២ គឺក្រុមហ៊ុន Mesco Gold (Cambodia) របស់ប្រទេស ឥណ្ឌា និងក្រុមហ៊ុនរ៉ែ Renaissance Minerals (Cambodia)Limited មានមូលដ្ឋាននៅប្រទេស អូស្ដ្រាលី បានឈានកាន់តែជិតដល់ដំណាក់កាលចម្រាញ់មាសនៅប្រទេស កម្ពុជា។ ក្រុមហ៊ុនកំពុងដំឡើងរោងចក្រកែច្នៃរ៉ែមាស ដែលអាចឈានដល់ការចម្រាញ់រ៉ែមាសនៅចុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ជាបន្តបន្ទាប់។
ទាក់ទងនឹងរ៉ែបាតសមុទ្រវិញ ក្រុមហ៊ុន KrisEnergy Ltd មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលប្រតិបត្តិការប្លុក A នៅក្នុងសមុទ្ររបស់កម្ពុជាត្រូវបានរំពឹងថានឹងអាចសម្រេចតាមការគ្រោងទុករបស់ខ្លួនក្នុងការទាញយកដំណក់ប្រេងលើកដំបូងនៅកម្ពុជានៅចុងឆ្នាំនេះដែរ។
Comments