+855 92 92 1000
Logo
ប្រពៃ​ណាស់ ! ជប៉ុន​កំពុង​ពិចារណា​ធ្វើ​ឱ្យ​ខេត្តសៀមរាប​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ​ដាច់​គេ​នៅ​អាស៊ាន
Updated on: June 4, 2022, 7:47 p.m.
Published on: April 5, 2022, 10:01 a.m.

ប្រពៃ​ណាស់ ! ជប៉ុន​កំពុង​ពិចារណា​ធ្វើ​ឱ្យ​ខេត្តសៀមរាប​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ​ដាច់​គេ​នៅ​អាស៊ាន


ខេត្តសៀមរាប ៖ ក្រុង​សៀមរាប​ដែល​ទើបតែ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ពេល​ថ្មី​ៗ ពេល​នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​កំពុង​ពិចារណា​ក្នុង​ការ​រៀបចំ​ធ្វើ​ឱ្យ​ក្រុង​សៀមរាប​ក្លាយទៅជា​ទីក្រុង​ឆ្លាត​វៃ​គំរូ​ក្នុង​តំបន់​អាស៊ាន​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា និង​ការ​គ្រប់គ្រង​បែប​ឆ្លាត​វៃ​នា​ពេល​ខាង​មុខ ។

តាម​រយៈ​លោក ប្រាក់ សោភ័ណ អភិបាលរង​ខេត្តសៀមរាប​បាន​លើក​ឡើង​ថា រដ្ឋបាល​ខេត្តសៀមរាប​បាន​ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ហើយ​ក្នុង​នោះ​ផង​ដែរ JICA ក៏​បាន​ទទួល​សំណើ និង​ពិចារណា​ដើម្បី​ធ្វើការ​រៀបចំ​ខេត្តសៀមរាប​ឱ្យ​ក្លាយទៅជា​ទីក្រុង​ឆ្លាត​វៃ​នា​ពេល​អនាគត ។

លោក​អភិបាលរង​ខេត្តសៀមរាប​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ប្រទេស​ជាតិ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មានការ​ធ្លាក់​ចុះ មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​បាន​បាត់បង់​ការងារ​ស្ទើរ​ទាំង​ស្រុក​ដោយសារ​ការ​រង​ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម​ព្រោះ​បញ្ហា​កូ​វី​ដ​១៩ ។

លោក ប្រាក់ សោភ័ណ ក៏​បានឱ្យ​ដឹង​ទៀត​ថា នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ រដ្ឋបាល​ខេត្តសៀមរាប​មានការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដើម្បី​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​ធ្វើ​ដំណើរ​កំសាន្ត​ដើម្បី​អាច​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​រក​ចំណូល​បាន​ឡើង​វិញ ។

គួរ​រម្លឹក​ផង​ដែរ​ថា កន្លង​មក​ខេត្តសៀមរាប​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA ក្នុង​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តសៀមរាប​ប្រើ​ទុន​វិនិយោគ​សរុប​ប្រមាណ​៩០​លាន​ដុល្លារ គ្របដណ្តប់​លើ​ការងារ​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ថ្មី​មួយទៀត ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​៦០.០០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ រួម​ជាមួយនឹង​ការ​សាងសង់​បំពង់​មេ​នាំ​ទឹក និង​ចែកចាយ​ទឹក​ស្អាត ប្រវែង​សរុប​១៩៦​គីឡូម៉ែត្រ ៕

អត្ថបទដោយ

Comments