ក្រោយបុរីជាច្រើនមានបញ្ហាទាក់ទងទៅនឹងការគ្មានសេវាទូរសព្ទសម្រាប់ប្រើប្រាស់ និងត្រូវបង្ខំឱ្យប្រើប្រាស់សេវាអុីនធើណេតផ្តាច់មុខរបស់ក្រុមហ៊ុនមួយដែលធ្វើឱ្យពិបាកក្នុងការប្រើប្រាស់ និងមិនមានតម្លាភាព ។ ពេលនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីព្រមានដោយទុករយៈពេល៣ខែចុងក្រោយ ដើម្បីឱ្យប្រតិបត្តិករសេវាអុីនធើណេត និងសេវាទូរសព្ទ ពិនិត្យ និងកែលម្អគុណភាពសេវាអុីនធេីណេត និងសេវាទូរសព្ទនៅក្នុងបុរីនានាទាំងអស់ បើផុតកំណត់នេះក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ធ្លាប់បានចេញសេចក្តីណែនាំស្តីពី «វិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមន៍» ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គមតាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជាសេវាអុីនធើណេត ។
រូបតំណាង
កាលពីខែវិច្ឆិកាកន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏ធ្លាប់បានដាក់ចេញវិធានការថ្មី៦ចំណុច ដើម្បីពង្រឹងគុណភាពសេវាទូរសព្ទ និងអុីនធើណេតនៅតាមបុរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាតមិនឱ្យមានការផ្ដល់សេវាផ្ដាច់មុខឡើយ ។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៦១៨ សជណ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជម្រាមជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នូវវិធានការទាំង៦ចំណុចរួមមាន ៖
១- ម្ចាស់បុរី និងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និងអុីនធើណេត ត្រូវសហការគ្នាជាមួយក្រសួង ដើម្បីពិនិត្យលើការងារបច្ចេកទេសក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក និងបង្គោលអង់តែន បង្គោលអង់តែនរួម ឬបង្គោលភ្លើងដែលអាចបំពាក់ឧបករណ៍ផ្តល់សេវាទូរសព្ទចល័ត។
២- ត្រូវបញ្ចប់រាល់កិច្ចសន្យាផ្ដល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអុីនធើណេតនៅតាមបុរី ដែលផ្ទុយនឹងមាត្រា៦២ នៃច្បាប់ស្តីពីទូរគមនាគមន៍។
៣- បញ្ចប់ការហាមឃាត់ការសាងសង់បង្គោលអង់តែន ឬបង្គោលភ្លើងដែលបំពាក់ឧបករណ៍ផ្តល់សេវា ទូរសព្ទចល័តនៅតាមបុរី ដែលផ្ទុយនឹងមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្តីពីទូរគមនាគមន៍។
៤- អនុញ្ញាតឱ្យមានប្រតិបត្តិករផ្ដល់សេវាអុីនធើណេតយ៉ាងតិច ៣ ផ្តល់សេវាក្នុងបុរី ដើម្បីប្រកួតប្រជែង ដោយស្មើភាព និងមានតម្លៃសមរម្យ។
៥ -ម្ចាស់អគារសហកម្មសិទ្ធិ និងប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័តនិងអុីនធើណេត ត្រូវសហការជាមួយក្រសួង ដើម្បីពិនិត្យលទ្ធភាពកែលម្អ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងអុីនធើណេតនៅក្នុងអគារ។
៦- ព្រមាននិងចាត់វិធានការចំពោះបុគ្គលដែលនាំចូលផ្គត់ផ្គង់ ចែកចាយលក់ និងដំឡើងឧបករណ៍ស្រូប និងបញ្ជូនសេវាទូរគមនាគមន៍ខុសច្បាប់ ខុសស្ដង់ដា និងក្លែងក្លាយ ។
ឯកឧត្តម ជា វ៉ាន់ដេត
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត កាលពីថ្ងៃទី២៥ ធ្នូ កន្លងទៅបានលើកឡើង ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តអុីនធេីណេតថា បញ្ហាគុណភាពសេវាអិនធើណេត និងទូរសព្ទចល័ត អាចប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សាក្នុងអំឡុងពេលកូវីដ-១៩ ។ បញ្ហាមានជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ ។
ឯកឧត្តមបានបន្តថា ៖ «ក្រសួងបាន និងកំពុងដោះស្រាយជាបន្ដបន្ទាប់ ។ កន្លងមក ក្រសួងបានបំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវា និងបានបង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ជាដើម» ។
រូបតំណាង
សូមបញ្ជាក់ផងដែរថា នេះជាការទុកឱសានវាទរយៈពេល៣ខែសម្រាប់ម្ចាស់បុរី និងអគារសហកម្មសិទ្ធនានាដើម្បីឱ្យប្រតិបត្តិករសេវាអុីនធើណេត និងសេវាទូរសព្ទ ពិនិត្យ និងកែលម្អគុណភាពសេវាអុីនធេីណេត និងសេវាទូរសព្ទនៅក្នុងបុរីនានាទាំងអស់ដោយចៀសវាងប្រើប្រាស់សេវាទូរសព្ទ ឬអុីនធើណេតផ្តាច់មុខ បើផុតកំណត់នេះក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕
Comments