+855 92 92 1000
Logo
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកបន្តចូលមកកាន់ទីផ្សារកម្ពុជា
Updated on: June 4, 2022, 8:07 a.m.
Published on: October 14, 2019, 7:18 a.m.

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកបន្តចូលមកកាន់ទីផ្សារកម្ពុជា


ភ្នាក់ងារអន្តរជាតិល្បីៗ

ដោយមើលឃើញទីផ្សារកម្ពុជាកំពុងមានភាពរីកចម្រើន ជាមួយឱកាសវិនិយោគសម្បូរបែបលើវិស័យ អចលនទ្រព្យ គេក៏ឃើញមានក្រុមហ៊ុន/ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ចូលមកកាន់ទីផ្សារកម្ពុជា តាមរយៈការទិញសិទ្ធិធ្វើអាជីវកម្មពីអ្នកវិនិយោគិនក្នុងស្រុក ដើម្បីលក់សិទ្ធិអាជីវកម្មបន្ត និងបើកដំណើរការអាជីវកម្មនេះដោយប្រើប្រាស់ឈ្មោះក្រុមហ៊ុនអន្តរជាតិ ទាំងនោះដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍អតិថិជននៅពេលមានតម្រូវការអចលនទ្រព្យ និងដើម្បីតម្រូវចិត្តប្រជាជនកម្ពុជាបច្ចុប្បន្នដែលចូលចិត្ត និងនិយមការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ។ 

បច្ចប្បន្ន មានក្រុមហ៊ុន និងភ្នាក់ងារផ្តល់សេវាកម្មអចលនទ្រព្យក្នុងស្រុកក្រោម ២០០ ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈ និងផ្តល់សេវាកម្មអចលនទ្រព្យ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ខណៈក្រុមហ៊ុនអ្នកគក់ជេ និងភ្នាក់ងារដែលមិនមានអាជ្ញាប័ណ្ណ និងមិនមានវិញ្ញាបនបត្រវិជ្ជាជីវៈមានរាប់មិនអស់។

ក្រុមហ៊ុន/ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិបោះជំហានចូលទីផ្សារកម្ពុជា

វត្តមានរបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិចូលមកទីផ្សារកម្ពុជា គឺស្របពេលដែលតម្រូវការ សេវាកម្មនេះនៅកម្ពុជា ដែលផ្តល់ដោយក្រុមហ៊ុន ឬភ្នាក់ងារក្នុងស្រុកនៅមានកម្រិត និងខ្វះស្តង់ដារវិជ្ជាជីវៈ និងស្របពេលដែលប្រជាជនកម្ពុជាចូលចិត្ត និងនិយមប្រើប្រាស់សេវាកម្ម ដែលមានស្តង់ដារ មានវិជ្ជាជីវៈ និងមានគុណភាព។ គេមើលឃើញថា បច្ចុប្បន្ននេះអ្នកប្រើប្រាស់សេវាកម្មភាគច្រើន ចាប់ផ្តើមងាកទៅរកការប្រើប្រាស់សេវាកម្មណាដែលមាន ការទទួលស្គាល់ និងទទួលខុសត្រូវស្មោះត្រង់ វិជ្ជាជីវៈ មានស្តង់ដារការងារច្បាស់លាស់ និងត្រឹមត្រូវ (ដែលគេនិយមហៅថា “មាន BRAND”) ។

គិតមកដល់បច្ចុប្បន្ន គេក៏ឃើញមានវត្តមានរបស់ក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យរបស់អាមេរិក ចូលមកកាន់ទីផ្សារកម្ពុជា តាមរយៈការទិញនូវ Franchise ប្រភេទ (Regional Operating Principal) យកមកលក់បន្តនៅប្រទេសកម្ពុជា (sub franchise) និងវាយលុកទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងនោះមាន៖  ក្រុមហ៊ុន Century 21 Cambodia ក្រុមហ៊ុន Huttons CPL ក្រុមហ៊ុន  ERA Realty Network  ក្រុមហ៊ុន Keller William Cambodia និងក្រុមហ៊ុន CBRE ជាដើម។

Mr. James Hodge

ក្រុមហ៊ុនទាំងនេះ បានចូលមកកាន់ទីផ្សារកម្ពុជា ក្នុងគោលបំណងធំពីរគឺ៖ ដើម្បីលក់សិទ្ធិធ្វើអាជីវកម្មប្រភេទសេវាកម្ម ភ្នាក់ងារអចលនវត្ថុ (Real Estate Franchising)  នៅលើទឹកដីនៃប្រទេសកម្ពុជា និងផ្តល់សេវាកម្មអចលនទ្រព្យទូលំទូលាយដោយខ្លួនឯងផងដែរ តាមរយៈការប្រើប្រាស់ឈ្មោះក្រុមហ៊ុនទាំងនេះជាឧបករណ៍ទាក់ទាញអតិថិជន អ្នកវិនិយោគ និងម្ចាស់អចលនទ្រព្យទាំងក្នុង និងក្រៅស្រុក។

នៅក្នុងនោះ គេឃើញមានក្រុមហ៊ុនធំៗពីរកំពុងតែវាយលុកទីផ្សារកម្ពុជាយ៉ាងពុះកញ្ជ្រោលទាំងការលក់ Sub Franchise បន្ត និងបើកដំណើរការអាជីវកម្មអចលនទ្រព្យ (សេវាកម្មទិញ លក់ ជួលអចលនទ្រព្យ) នៅកម្ពុជា មាន៖ ក្រុមហ៊ុន Century 21​ Cambodia ដែលបានចូលមកកាន់ទីផ្សារកម្ពុជាតាំងពីឆ្នាំ ២០១១ ដែលបើក និងដំណើរការនៅលើទឹកដីប្រទេសកម្ពុជា។ ស្ថាបនិកដែលនាំចូល Century 21 គឺលោក គុយ វ៉ាត ដែលជាស្ថាបនិករបស់ Park Café និងជាម្ចាស់ក្រុមហ៊ុន V-Trust Properties ផងដែរ ។ Century 21​ Cambodia គឺជាការិយាល័យទី ៧៥ ដែលបើកនៅកម្ពុជា ។

ក្រុមហ៊ុនមហាគ្រួសារនៅកម្ពុជា

ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនបែប Regional Operating Principal មួយដែលនាំចូលសិទ្ធិធ្វើអាជីវកម្មពីអាមេរិកមកលក់បន្តនៅកម្ពុជា តាំងពីអំឡុងឆ្នាំ ២០១១ មកម្លេះ។ រាល់ក្រុមហ៊ុនដែលបានទិញសិទ្ធិអាជីវកម្មពី Century 21 Cambodia ត្រូវបានតម្រូវឲ្យដាក់ឈ្មោះ Century 21 នៅពីមុខឈ្មោះក្រុមហ៊ុនរបស់ខ្លួន និងតម្រូវឲ្យធ្វើតាម Business Model របស់ក្រុមហ៊ុនមេនៅសហរដ្ឋអាមេរិក ឧទាហរណ៍៖ ក្រុហ៊ុន Century 21 Dream Property ជាដើម ។ បច្ចុប្បន្ន ក្រុមហ៊ុន Century 21 Cambodia មានសាខាដល់ ១៧ ដែលបានបើក និងដំណើរការនៅក្នុងប្រទេសកម្ពុជា ពិសេសគឺប្រតិបត្តិការនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនមហាគ្រួសារ។ Century 21 Cambodia ឈរលំដាប់លេខ ១ ផ្នែកលក់សិទ្ធិ sub franchise ដែលមានសមាជិក sub franchise ច្រើនជាងគេ នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន ហើយកំពុងមានកេរ្តិ៍ឈ្មោះលេចធ្លោក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ពិសេសលើសេវាកម្មភ្នាក់ងារអចលនទ្រព្យ (ទិញ លក់ និងជួល)។

បណ្ឌិត គីម ហ៊ាង នាំយកក្រុមហ៊ុន Keller William Realty (KW) 

kim Heang

រីឯក្រុមហ៊ុន Keller William Realty (KW) ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មាន​មូលដ្ឋាន​នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក និង​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨៣​ ដោយស្ថាបនិក ០២ រូប គឺ លោក Gary Keller និងលោក Joe Williams។ Keller William Realty (KW) គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក និង​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​ ២០១៧ ដែលមានរហូតដល់​ជាង ១ ពាន់​លាន​ដុល្លារ​ ជាមួយ​ភ្នាក់ងារ ​សរុប​ចំនួន ១៦៥,៦៤២ នាក់​ទូទាំង​ពិភពលោក​។ Keller Williams Cambodia ឬ Keller Williams (Khmer Real Estate) ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយលោក គីម ហ៊ាង ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត។ លោក គីម ហ៊ាង បាននាំចូលក្រុមហ៊ុននេះមកកាន់ទីផ្សារកម្ពុជា នៅអំឡុងខែឧសភា ឆ្នាំ២០១៨ ដោយបានទិញសិទ្ធិ​ Master Franchise ពី Keller Williams Realty (KW) ហើយមានផែនការលក់បន្ត sub franchise នៅដើមឆ្នាំ២០១៩ ។ 

Huttons CPL Cambodia​ ក៏ជាក្រុមហ៊ុនមួយដែលនាំចូលពីអាមេរិកដូចគ្នា ដោយលោកឧកញ៉ា ចេង ខេង និងបានដំណើរមកដល់ពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន ERA Realty Network (ERA) ដែលមានបទពិសោធន៍ជោគជ័យច្រើនឆ្នាំនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេស តំបន់អាស៊ីជា ច្រើនបានពង្រីកទីផ្សាររបស់ខ្លួនមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៨។ 

ក្រុមលក់របស់ក្រុមហ៊ុន ARA

ចំណែក ក្រុមហ៊ុន CBRE ដែលបច្ចុប្បន្នកំពុងផ្តោតលើសេវាកម្មភ្នាក់ងារអចលនវត្ថុ វាយតម្លៃ និងគ្រប់គ្រងអចលនទ្រព្យ ដោយមានអគ្គនាយិកាដឹកនាំក្រុមហ៊ុន អ្នកនាង អាន សុធីតា។ ក្រុមហ៊ុននេះមានអចលនទ្រព្យធំៗក្នុងដៃ ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការធ្វើទីផ្សារដាក់លក់ និងជួលលំដាប់ថ្នាក់មួយ ដែលអាចនិយាយបានថាជាក្រុមហ៊ុន លំដាប់ជួរមុខ (លំដាប់កំពូលទាំង ១០) ដែលទទួលបានការជឿជាក់ពីសំណាក់អតិថិជន និងម្ចាស់អចលនទ្រព្យពីគ្រប់មជ្ឍដ្ឋាន។ ក្រុមហ៊ុន CBER ក៏ផ្តោតលើសេវាកម្មមួយទៀតដែរ គឺសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដែលទទួលបាន ភាពលេចធ្លោជាងគេក្នុងចំណោមក្រុមហ៊ុនធំៗ និងល្បីៗនៅកម្ពុជាលើសេវាកម្មគ្រប់គ្រង អចលនទ្រព្យនេះ។ ទោះជាយ៉ាងណាក្រុមហ៊ុន CBRE មិនផ្តោតលើការលក់បន្ត sub franchise នោះទេ ។

មូលហេតុដែលក្រុមហ៊ុនអន្តរជាតិទាំងនេះ អាចចូលមកកាន់ទីផ្សារកម្ពុជាបាន ដោយសារតែភាពរីកចម្រើនក្នុង វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា កំពុងតែមានភាពទាក់ទាញខ្លាំងបំផុត ហើយការវិនិយោគលើវិស័យមួយនេះ ក៏ពុងទាក់ទាញ អ្នកវិនិយោគមកពីបរទេសយ៉ាងច្រើនផងដែរ ពិសេសអ្នកវិនិយោគទុនចិន ជ​ប៉ុន កូរ៉េ ជាដើម ហើយកត្តាមួយទៀត ដោយសារតែការការប្រើប្រាស់ឈ្មោះ ក្រុមហ៊ុនអន្តរជាតិទាំងនោះលើទឹកដីកម្ពុជា ងាយស្រួលទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន និងវិនិយោគិនបរទេស។  មួយវិញទៀត សម្រាប់ប្រជាជនកម្ពុជា បច្ចុប្បន្ននេះក៏មាននិន្នាការខ្លាំងទៅលើការប្រើប្រាស់សេវាកម្មក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះទាំងនោះផងដែរ។ 

ការចូលមកកាន់ទីផ្សារកម្ពុជារបស់ក្រុមហ៊ុនលំដាប់ពិភពលោកទាំងនោះ នឹងជួយជំរុញ វិស័យអចលនទ្រព្យនៅកម្ពុជាឲ្យកាន់តែរីក ចម្រើន និងមានវឌ្ឍនៈភាពល្អប្រសើរ ពិសេសគឺការនាំកិត្តិយស និងកេរ្តិឈ្មោះវិស័យអចលនទ្រព្យនៅកម្ពុជាឲ្យមជ្ឍដ្ឋានអន្តរជាតិ បានស្គាល់តាមរយៈការចូលទីផ្សាររបស់ក្រុមហ៊ុនទាំងនេះ។ 

ទទឺមជាមួយគ្នានេះ ក្រុមហ៊ុនទាំងនេះនឹងធ្វើការប្រកួតប្រជែងគ្នា​យ៉ាងខ្លាំងក្លា ដូច្នេះគេនឹងរង់ចាំមើលថា រវាងក្រុមហ៊ុនធំៗទាំងនេះ តើមួយណាប្រជែងយកទីផ្សារកម្ពុជាបានខ្ពស់ជាងគេ? ខណៈលោក គីម ហ៊ាង បានលើកឡើងថា ក្នុងឆ្នាំ២០២២ Keller Williams មានឱកាសក្តោបទីផ្សារអចលនទ្រព្យ ៣០%។ 

តំបន់ទួលគោក ភ្នំពេញ

សម្រាប់ផលចំណេញជារួមវិញ គេរំពឹងថា វត្តមានរបស់ក្រុមហ៊ុនលំដាប់ពិភពលោកទាំងនោះមក កាន់ទីផ្សារកម្ពុជា វានឹងជួយអភិវឌ្ឍធន ធានមនុស្ស វិជ្ជាជីវៈ និងសមត្ថភាពរបស់ភ្នាក់ងារអចលនទ្រព្យ មួយចំនួនធំឲ្យកាន់តែប្រសើរឡើង។ ពោលគឺជួយដល់អ្នកមិនទាន់មានស្តង់ដារ និងខ្វះវិជ្ជាជីវៈឲ្យក្លាយជា អ្នកជំនាញផ្នែក ផ្តល់សេវាកកម្មអចលនទ្រព្យ ប្រកដោយភាពត្រឹមត្រូវក្នុងប្រទេសកម្ពុជា។ នេះមានន័យថា ការចូលមកកាន់ទីផ្សារកម្ពុជារបស់ក្រុមហ៊ុនលំដាប់ពិភព លោកទាំងនោះ​ពិតជាបាន ជួយជំរុញវិស័យអចលនទ្រព្យកម្ពុជាឲ្យកាន់តែរឹងមាំ និងលូតលាស់ទៅមុខថែមទៀត៕

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

ចូលរួមប្រកួតប្រជែង

Comments