+855 92 92 1000
Logo
យុវជន និងជំនួញផ្នែករចនាផ្ទៃខាងក្នុង
Updated on: June 7, 2022, 4:32 a.m.
Published on: May 28, 2016, 1:45 a.m.
Realestate News

យុវជន និងជំនួញផ្នែករចនាផ្ទៃខាងក្នុង


ពីមួយឆ្នំាទៅមួយឆ្នំាស្តង់ដាររស់នៅរបស់ប្រជាជននៅក្នុងក្រុងភ្នំពេញកាន់តែមានភាពប្រសើរឡើង។ យើងឃើញមានគម្រោងសាងសង់ច្រើនសន្ធឹកសន្ធាប់បន្តគ្នាឥតដាច់ដូចជា៖ អគារពាណិជ្ជកម្ម ផ្សារទំនើប កន្លែងកំសាន្ត និងលំនៅដ្ឋានប្រណិតៗ ដែលជារូបភាពបង្ហាញពីភាពលូយឆាយរបស់ អ្នករស់នៅក្នុងប្រទេសកម្ពុជា។

 

ខណៈពេលដែលស្តង់ដារនៃការរស់នៅកាន់តែកើនឡើងអ្នកទិញអចលនទ្រព្យកាន់តែច្រើនចាប់ផ្ដើមងាកមកចាប់អារម្មណ៍ខ្លាំងលើស្តង់ដារ និងគុណភាពនៃសំណង់។ ដូចនេះការប្រកួតប្រជែងគ្នាធ្វើអាជីវកម្មរវាងអ្នកអភិវឌ្ឍន៍អចលនទ្រព្យនិងអ្នករចនាផ្ទៃខាងក្នុងនៅក្នុងប្រទេសកំពុងមានកំណើនឡើងយ៉ាងឆាប់រហ័ស។បច្ចុប្បន្ននេះគេឃើញយុវជនកម្ពុជាដែលទើបបញ្ចប់ការសិក្សាបានឈានជើងចូលក្នុងវិស័យជំនួញជាមួយនឹងមហិច្ឆតា ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ចំពោះជោគជ័យ និងអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។

វិស័យមួយដែលមានការចូលរួមដោយសហគ្រិនវ័យក្មេងកាន់តែច្រើនក្នុងនោះគឺជំនាញរចនាប្លង់ខាងក្នុង (interior design) ខណៈពេលតម្រូវការផ្នែកនេះចាប់ផ្តើុំមកើនឡើងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ការបង្កើតអាជីវកម្មតូចមួយនៅក្នុងវិស័យរចនាផ្ទៃក្នុងអគារពិតជាទាក់ទាញដល់យុវជនវ័យក្មេងនៅ ក្នុងប្រទេសកម្ពុជាដោយសារទីផ្សារមានការប្រឈមតិចតួចនៅឡើយបើធៀបនឹងការងារផ្សេងទៀត។“អាជីវកម្មនេះអាចចាប់ផ្តើមបានជាមួយគម្រោងខ្នាតតូច ដែលមិនចាំបាច់ចំណាយប្រាក់ច្រើន ដូចជា ការរចនាភោជនីយដ្ឋាន កន្លែងកំសាន្ត ហាងលក់សំលៀកបំពាក់ ស្ប៉ា លំនៅដ្ឋានដែលមិនស្មុកស្មាញពេក​។ ការជួយជ្រោមជ្រែងដល់ការងាររបស់យុវជនទាំងនេះ នឹងជួយ ជំរុញដល់វិស័យរចនាប្លង់ខាងក្នុងកាន់តែមានភាពពេញនិយមនៅក្នុងប្រទេសកម្ពុជា។ កញ្ញា ម៉ាវ៉ាលី ឈឿម ជាប្រធានក្រុមផ្នែកច្នៃម៉ូតនៅក្នុងក្រុមហ៊ុន Studio INT បាននិយាយថា ភាគច្រើននៃគម្រោងដែលយើងទទូលបានមានដូចជា៖ ហាងលក់សំលៀកបំពាក់ ភោជនីយដ្ឋាន ហាងស្ប៉ា និងអគារផ្សេងៗទៀតប្រហាក់ប្រហែលគ្នានេះ។ កញ្ញា ម៉ាវ៉ាលី​ បញ្ជាក់ថា ​“ភាគច្រើន អតិថិជនចូលចិត្តការរចនាម៉ូតបែបសម័យ និងបុរាណលាយបញ្ចូលគ្នា ដែលធ្វើកន្លែងទាំងមូលមាន ភាពទាន់សម័យ”។


ម៉ាវ៉ាលីបានបន្ថែមទៀតថា “បច្ចុប្បន្នតម្រូវការផ្នែករចនាតុបតែងផ្ទៃខាងក្នុងមានច្រើននៅក្នុងទីផ្សារ ចំំណែកការប្រកួតប្រជែងក៏មានលក្ខណៈស្វិតស្វាញយ៉ាងខ្លំាងផងដែរ។
ម៉ាវ៉ាលី បានលើកឡើងទៀតថា “ការធ្វើដំណើរកំសាន្ត រៀនអ្វីថ្មីៗឲ្យបានច្រើន ព្យាយាមរកគំនិតច្នៃ ប្រឌិតថ្មីដោយមិនលួចចំលងពីអ្នកដ៏ទៃ​​គឺជាកត្តាចំាបាច់ក្នុងការតុបតែងតែផ្ទៃខាងក្នុងអោយមានភាព ឥតខ្ចោះ”។

ចំណែកលោក ហ៊ាង វេនវិទូ ម្ចាស់ក្រុមហ៊ុនក្រុមហ៊ុន Sathapanak Design បាននិយាយថា “អាជីពផ្នែក ការរចនាផ្ទៃខាងក្នុង និងការសាងសង់នៅក្នុងប្រទេសកម្ពុជាពិតជាមានភាពនិយមខ្លាំងយ៉ាងខ្លំាង”។

លោកបានរាប់រាប់ថាលោកស្រលាញ់ក្នុងការតុបតែង និងគំនិតសិល្បៈតំាងពីក្មេងមក។  “យើងមានសមាជិក៣នាក់ដែលបានរួមបង្កើតក្រុមហ៊ុន Sathapanak Design នេះឡើង ប៉ុន្តែមានដើមទុនតិចតួចប៉ុណ្ណោះ ហើយនៅពេលចាប់ផ្តើមដំបូងក្រុមហ៊ុនគ្មានទីតំាងច្បាស់លាស់ និងគ្មានអតិថិជនម្នាក់ឡើយ ។ មិនខុសពីកញ្ញា ម៉ាវ៉ាលី លោក វេនវិទូ បាននិយាយថានៅពេលនិយាយពីការរចនាផ្ទៃខាងក្នុងយើងត្រូវតែគិតដល់ការបង្កើតគំនិតថ្មី និងប្លែកគេ ប៉ុន្តែមានភាពទាក់ទាញ និងជាកន្លែងរស់នៅមានទំហំសមស្រប។ ការរចនាត្រូវធ្វើទៅតាមនិន្នាការនៃបរិបទរស់នៅរបស់អ្នកក្នុងស្រុក ឬរបៀបរស់បែបដ៏ទំនើបពីអន្តរជាតិ។ លក្ខណៈពិសេសនៃមុខងារនីមួយៗដែលបានតុបតែងឡើងគឺជាអ្វីដែលគេតែងតែចង់បាន។

មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Sathapanak មានអតិថិជនច្រើនគួរសម្យ និងបានបន្សល់ទុកស្នាដៃ ជាច្រើនដូចជា៖ ហាងសំលៀកបំពាក់ប្រណិត AXARA ភោជនីយដ្ឋានកូបេ​កន្លែងស្ប៉ា ផ្ទះវីឡា ធនាគារ និងខុនដូ។ ចំណែកឯសម្ភារៈតម្រូវ ក្រុមហ៊ុននេះបាននំាចូលពីក្រៅប្រទេសដូចជា៖ វៀតណាម និងថៃ ប៉ុន្តែសម្ភារៈមួយចំនួនមានស្រាប់នៅក្នុងស្រុក។

ការតុបតែងផ្ទៃខាងក្នុងគឺជាការងារដែលទាមទារអោយមានការស្រលាញ់ ចំណាយទាំងកំលំាងកាយ និងកំលាំងចិត្តស្វែងរកអ្វីថ្មីៗជានិច្ចដើម្បីតាមតម្រូវការទីផ្សារនៅក្នុងវិស័យនេះ។ យើងសុទ្ធតែរំពឹងថាការងារផ្នែករចនាតុបតែងផ្ទៃខាងក្នុងពិតជាមានភាពរីកចម្រើន ហើយតម្រូវការនឹងមានកាន់តែច្រើនក្នុងទីផ្សារប្រទេសកម្ពុជា។ពិតណាស់ការងារនេះពិតជាត្រូវបានគេទទួលស្គាល់ជាទូទៅនៅពេលបច្ចុប្បន្ន។

ថ្វីបើពីអតីតកាលធនធានមនុស្សនៅក្នុងវិស័យនេះមានតិចតួច ដែលទាមទារឲ្យត្រូវទាញយកធនធានពីក្រៅប្រទេសក៏ដោយប៉ុន្តែបច្ចុប្បន្នយុវជនវ័យក្មេងក្នុងវិស័យរចនាផ្ទៃខាងក្នុងពិតជាបង្ហាញស្នាដៃក្នុងការរចនាតុប តែង ប្រកបដោយលក្ខណៈស្តង់ដារ និងប្រកបដោយវិជ្ជាជីវៈ៕

តាមដានព័ត៌មានអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!
ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលតាមរយៈ Realestate.com.kh

Comments