ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពតគ្រោងនឹងធ្វើការកែលម្អរៀបចំឆ្នេរចំនួន២កន្លែងសម្រាប់ទុកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិលម្អែកំសាន្ត និងសម្រាប់ទុករៀបចំពិធីផ្សេងៗជាដើម ។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ។
ក្នុងឱកាសនោះឯកឧត្តមបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតក៏ដូចសាធារណៈជនអំពីគម្រោងរបស់ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជាកន្លែងបម្រើឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀបចំពិធីផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ុទូកនាពេលខាងមុខនៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង ៖
គម្រោងទី១ ៖ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ ។
គម្រោងទី២ ៖ ពីចន្លោះស្ពានឥន្ធនូររហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ ។
ឯកឧត្តមអភិបាលខេត្តកំពតក៏បានសំណូមពរដល់បងប្អូនក្រុមគ្រួសារអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួបរួមសាមគ្គីគ្នា យកអាសារគ្នា ជាពិសេសត្រូវប្រើប្រាស់នូវពាក្យសំដីសមរម្យដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីបង្ហាញពីប្រពៃណីថ្លៃថ្នូររបស់ជាតិយើង ក៏ដូចជាការទាក់ទាញសម្រាប់ភ្ញៀវឱ្យមកកំសាន្តកាន់តែច្រើនឡើងក្នុងខេត្តកំពត ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតយើងទាំងមូល ពិសេសសូមបងប្អូនក្រុមគ្រួសារយើងទាំងអស់គ្នាទៅទទួលវាក់សាំងការពារជម្ងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ៕
Comments