+855 92 92 1000
Logo
ក្រុមហ៊ុនយក្សរបស់ស៊ុយអែតឈានជើងចូលកម្ពុជា
Updated on: June 7, 2022, 2:45 a.m.
Published on: February 16, 2022, 1:58 a.m.

ក្រុមហ៊ុនយក្សរបស់ស៊ុយអែតឈានជើងចូលកម្ពុជា


ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជាមួយនឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា និង​ការ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​ពោរពេញ​ទៅ​ដោយ​ទំនុកចិត្ត​ខ្ពស់​លើ​ការ​វិនិយោគ​ក្នុង​ទីក្រុង​ភ្នំពេញ ស្រប​ពេល​វិស័យ​អចលនទ្រព្យ និង​សំណង់​កំពុង​មាន​សន្ទុះ​ខ្លាំង ។

ក្រុមហ៊ុន IKEA ដែល​ជា​ក្រុមហ៊ុន​លក់​គ្រឿងសង្ហារិម​ធំ​ជាងគេ​លើ​ពិភពលោក​នឹង​បង្ហាញ​វត្ត​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ ។ នេះ​ជា​ជំហាន​ដំបូង​សម្រាប់ IKEA ក្នុង​ការ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។

យោង​តាម​ជំនួប​រវាង​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូត​នៃ​ប្រទេស​ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២១ កន្លង​ទៅនេះ ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​ប្រទេស​ស៊ុ​យ​អែ​ត​ពិចារណា​មក​បើក​ផ្សារ​ទំនើប​លក់​គ្រឿង​សង្ហា​រឹម ដែល​មានឈ្មោះ​ល្បីល្បាញ​ហៅ​ថា IKEA នៅ​កម្ពុជា ខណៈ​ទីផ្សារ​មួយ​នេះ​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​។

ក្នុង​ជំនួប​កិច្ចប្រជុំ​នោះ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា ៖«​ភាគី​កម្ពុជា​ចង់ឱ្យ​អ្នក​ធុរជន និង​វិនិយោគិន​ស៊ុ​យ​អែ​ត​សំខាន់​ៗ ចូល​មក​កម្ពុជា​បន្ថែម ។ ឧទាហរណ៍​ដូច​ជា ក្រុមហ៊ុន​គ្រឿង​សង្ហា​រឹម IKEA និង​ក្រុមហ៊ុន​ផលិត​រថយន្ត Volvo គួរ​ចូល​មក​ស្វែងរក​ឱកាស​ធុរកិច្ច ខណៈ​ដែល​ការ​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម និង​ការ​ផលិត​គ្រឿង​បង្គំ និង​បន្លាស់​យានយន្ត​កំពុង​មាន​កំណើន​ខ្លាំង​នៅ​កម្ពុជា​» ។

ជា​កិច្ច​ឆ្លើយ​តប​ពេល​នេះ​ក្រុមហ៊ុន IKEA របស់​ស៊ុ​យ​អែ​ត​បាន​ចាប់ផ្តើម​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា​ដែល​ត្រៀម​សម្រាប់​ផ្គត់ផ្គង់​លើ​សម្ភារៈ និង​គ្រឿង​សង្ហា​រឹម​ផ្សេងស្តង់ដារអន្តរជាតិ​សម្រាប់​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេសកម្ពុជា ដែល​នេះ​គឺ​ជាស​ញ្ហា​វិជ្ជមាន​មួយ​សម្រាប់​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

តាម​រយៈ​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ឆមាស​ទី១​នៃ​ឆ្នាំ២០២១ ការ​នាំ​ចូល​សម្ភារៈ​សំណង់​របស់​កម្ពុជា​បាន​កើនឡើង ១៦% ហើយ​គម្រោង​សាងសង់​ក្នុងស្រុក​សំខាន់​ៗ​ទាំងអស់​បាន​សម្រប​តាម​វិធានការ​ថ្មី​ក្រោម​ស្ថានភាព​ជំងឺ​រាតត្បាត ។ នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​អចលនទ្រព្យ​ដែល​នឹង​ងើបឡើង​វិញ​ជា​បណ្តើរ​ៗ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ស៊ុ​យ​អែ​ត នៅ​ឆ្នាំ​២០២០ មាន​ចំនួន៦៤លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​រយៈពេល​៥​ខែ នៅ​ឆ្នាំ​២០២១ មាន​ចំនួន២៣លាន​ដុល្លារ​អា​មេ​រិ​ក ៕

Comments