កោះពេជ្រ ដែលធ្លាប់តែជាកោះលិចទឹកដីភក់សម្រាប់ធ្វើដំណាំ តែបច្ចុប្បន្នបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍សំខាន់បំផុតមួយនៅក្នុងទីក្រុងភ្នំពេញ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទទួលបានការវិនិយោគនូវគម្រោងសាងសង់ធំៗរាប់រយលានដុល្លារ ក្នុងនោះមានអគារពាណិជ្ជកម្ម, សាលារៀនអន្ដរជាតិ, មានខុនដូ និងគេហដ្ឋានកម្រិតខ្ពស់, សាលសន្និបាត និងពិព័រណ៍, រួមទាំងបណ្ដុំភោជនីយដ្ឋាន និងកន្លែងកម្សាន្ដជាច្រើនទៀត ។
កោះពេជ្រពីមុនធ្លាប់តែជាកោះលិចទឹកប្រែក្លាយទៅជាទីក្រុងរណបដ៏មានប្រជាប្រិយភាព តើតម្លៃដីធ្លីនៅតំបន់កោះពេជ្របច្ចុប្បន្នបានកើនឡើងដល់ប៉ុន្មានហើយក្នុងមួយម៉ែត្រការ៉េ?
បច្ចុប្បន្នតម្លៃដីធ្លីនៅតំបន់ទីក្រុងរណបកោះពេជ្រមានតម្លៃ៣៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ (សម្រាប់តំបន់លំនៅឋាន) និងតម្លៃចាប់ពី៦០០០ទៅ៧០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ (សម្រាប់តំបន់ពាណិជ្ជកម្ម និងជាប់មាត់ទន្លេ) ។ នេះបើតាមការឱ្យដឹងពីសំណាក់អ្នកស្រី វី ណាវី ប្រធាននាយកដ្ឋានទីផ្សារ នៃក្រុមហ៊ុន OCIC ។
ប្រធាននាយកដ្ឋានទីផ្សារ នៃក្រុមហ៊ុន OCIC ដដែលបានឱ្យដឹងបន្ថែមទៀតថា ទីក្រុងរណបកោះពេជ្រ ជាតំបន់ដែលមានប្រជាប្រិយភាព និងថែមទាំងជាតំបន់ដែលមានសោភ័ណភាព រួមទាំងមានខ្យល់បរិយាកាសបរិសុទ្ធជាប់មាត់ទន្លេ ហើយតម្លៃដីធ្លីនឹងមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគត ៕
Comments