លំនៅដ្ឋានជាច្រើនត្រូវបានដល់លក់ ដើម្បីបំពេញតាមតម្រូវការរបស់អ្នកទិញក្នុងស្រុក ហើយក្នុងរយៈជិត ១០ ឆ្នាំចុងក្រោយនេះ គេមើលឃើញថាប្រជាជនជាច្រើនចាប់ផ្តើមមានលទ្ធភាព ទិញផ្ទះនៅក្នុងទីក្រុង និងតាមបណ្តាទីប្រជុំជនធំៗនៅតាមរាជធានីខេត្ត។
ការទិញលំនៅដ្ឋានបានក្លាយទំនោរដ៏ពេញនិយមសម្រាប់មនុស្សទូទៅ ហើយសម្រាប់ជនជាតិខ្មែរ គេនៅតែមើលឃើញថាទំនោរនៃការទិញផ្ទះជាប់ដី បែបបុរី ឬផ្ទះល្វែង (សម្រាប់រស់នៅ ឬប្រកបអាជីវកម្ម) នៅមានភាពពេញនិយមខ្លាំង។
នៅក្នុងបទសម្ភាសន៍ជាមួយ Realestate.com.kh លោក ម៉ម រតនា និងអ្នកស្រី ម៉ី មិនា ជាអ្នកដែលបានទិញផ្ទះរូចរាល់ពីគម្រោងបុរី និងកញ្ញា ចេង ហ៊ុយហុង បានរៀបរាប់ពីរបៀបដែលពួកគាត់ជ្រើសរើសផ្ទះ និងគោលដៅនៃការទិញផ្ទះ។
១. ប្រភេទនៃផ្ទះ
លោក ម៉ម រតនា បាននិយាយថា “ខ្ញុំបានទិញផ្ទះក្នុងគម្រោងបុរី ដោយសារខ្ញុំចូលចិត្ត ហើយខ្ញុំមើលឃើញថា មនុស្សភាគច្រើនចង់បានផ្ទះល្វែង ឬបុរី ដែលអាចប្រកបមុខរបរដើម្បីទាញយកចំណូលបាន។
លោកថា សម្រាប់អ្នកដែលមានដែលមានទ្ធភាពគ្រប់គ្រាន់ ដែលអាចទិញផ្ទះ ជាលក្ខណៈខុនដូ ឬផ្ទះតម្លៃខ្ពស់នៅតំបន់ទីប្រជុំជនក៏ជាជម្រើសល្អសម្រាប់ការស្នាក់នៅ ដោយសារតែយើងអាចទទួលបានកន្លែងរស់នៅ ដែលអាចផ្តល់សេរីភាព និងទំនើប។
ទោះបីជាយ៉ាងនេះក្តី ខ្ញុំជឿថាមនុស្សជាច្រើន ចង់បានផ្ទះ ដែលគេអាចទាញយកប្រយោជន៍បាន។ នេះបើតាមលោករតនា។
ដូចគ្នានេះដែរ កញ្ញា ហ៊ុយហុង ដែលជាអ្នកមានបំណងទិញផ្ទះនៅពេលឹឆាប់ៗខាមុខបានលើកឡើងថា៖ “ខ្ញុំមានបំណងទិញផ្ទះ ដែលអាចបង្កើតចំណូលសម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់ខ្លួន និងគ្រួសារ។”
២. ទីតាំង
អ្នកទាំងបីមានគំនិតដូចគ្នាចំពោះ ការជ្រើសរើសទីតាំងផ្ទះ។ ទីតាំងដែលទទួល បានការចាប់អារម្មណ៍ជាងគេគឺនៅតំបន់ទីប្រជុំជន ដែលមានមនុស្សរស់នៅច្រើន។ ចំណុចនេះមានលក្ខណៈស្របគ្នាទៅនឹងការចង់ប្រកបមុខរបររកស៊ី នៅតាមគេហដ្ឋានរបស់ខ្លួន ដោយសារតែវាជាកន្លែងដែលងាយស្រួលសម្រាប់អតិថិជនប្រើប្រាស់សេវាកម្ម ឬទំនិញ។
បើទោះបីការទិញមិនសម្រាប់ការធ្វើអាជីវកម្មក៏ដោយ ពោលគឺទិញជាកន្លែងស្នាក់នៅសុទ្ធសាត ដើម្បីភាពឯកជនក៏ដោយ ក៏ពួកគេនៅតែចង់បានតំបន់ទីប្រជុំជន ដោយសារតែគេ ប្រើប្រាស់សេវាកម្ម ឬទំនិញ ដែលផ្តល់ឲ្យដោយអ្នកនៅជុំវិញបានយ៉ាងងាយស្រួល។
លោក បញ្ជាក់ថា លោកបានទិញផ្ទះនៅតំបន់ជ្រោយចង្វារ ដោយសារទីនេះជាទីប្រជុំល្អបំផុត នៅជិតទីក្រុង និងងាយស្រួលធ្វើដំណើរ។
៣. រចនាបថ
ដោយសារតែប្រទេសកម្ពុជា មានអ្នកដែលមានកម្រិតជីវភាពមធ្យមមានចំនួនច្រើន ជាងអ្នកដែលមានជីវភាពខ្ពស់ ដូចនេះមនុស្សភាគច្រើន ហាក់មិនសូវផ្តោតសំខាន់ដល់រចនាបថ របស់ផ្ទះដែលពួកគេមានបំណងទិញនោះទេ ធ្វើយ៉ាងឲ្យតែផ្ទះនោះ មានលក្ខណៈសមរម្យ និងអាចរស់នៅបាន។
អ្នកស្រី មិនា បានឲ្យដឹងថា ផ្ទះរបស់គាត់មានលក្ខណៈសាមញ្ញ ប៉ុន្តែមានភាពសមរម្យ គ្រប់គ្រាន់សម្រាប់ការរស់នៅ។ ចំណែកកញ្ញា ហ៊ុយហុងនិយាយថា ខ្ញុំនិងទិញទៅតាមលទ្ធភាពសិន ហើយនៅពេលមានលុយ ចាំតុបតែងកែលម្អឡើងថែមទៀត ប៉ុន្តែបើមានលទ្ធភាពជាងនេះ ប្រហែលជាត្រូវទិញផ្ទះថ្មីមួយទៀត។
៤. តម្លៃ និងការលក់ ឬជួលត្រឡប់វិញ
ជាធម្មតា មនុស្សជាច្រើន ចង់ទិញផ្ទះ ក្នុងតម្លៃថោក។ ចំពោះមនុស្សមួយចំនួន គេមិនសូវចាប់អារម្មណ៍លើតម្លៃប៉ុន្មានទេ ប៉ុន្តែគេគិតខ្លាំងដល់ឱកាស ដែលគេអាចប្រកបមុខរបររកស៊ីបាន។ ហ៊ុយហុង និយាយថា “ខ្ញុំនឹងទិញផ្ទះតម្លៃពី ៥ ម៉ឺន ទៅ ៦ ម៉ឺន ដើម្បីទុករស់នៅផង និងរកស៊ីផង។”
ចំណែកលោក រតនា បានមើលឃើញថា អ្នកខ្លះមានបំណងទិញផ្ទះ សម្រាប់ទុកលក់យកចំណេញ ឬជួលបន្ត។
ពាក់ព័ន្ធនឹងតម្លៃនេះដែរ ក្នុងស្ថានភាពបច្ចុប្បន្ន តម្លៃផ្ទះ មានការកើនឡើងខ្ពស់ ដែលតម្រូវឲ្យអ្នកទិញ ត្រូវមានចំណូលខ្ពស់គួរសមដែរ។ តែទោះជាយ៉ាងណា ឥឡុវនេះអ្នកទិញអាចទទួលបានផ្ទះ តាមរយៈការបង់រំលស់ជាតំណាក់កាល ដែលត្រូវបានគេមើលឃើញថា វាជាវិធីដ៏ល្អមួយដែលជួយសម្រួលដល់អ្នកដែលមិនមានលទ្ធភាពទាំងស្រុង៕
តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh។ អ្នកអាចស្វែងរកបុរី ខុនដូ ផ្ទះល្វែង និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើគេហទំព័រអចលនទ្រព្យបាននៅថ្ងៃនេះ!
Comments