+855 92 92 1000
Logo
hotels eye expansion
Updated on: June 6, 2022, 5:02 p.m.
Published on: May 7, 2019, 3:30 a.m.

វិស័យសណ្ឋាគារបែបទំនើបនៅក្នុងទីក្រុងភ្នំំពេញចាប់ផ្តើមបោះជំហានទៅមុខ


នៅក្នុងទសវត្សរ៍កន្លងទៅវិស័យសណ្ឋាគារនៅកម្ពុជាពុំសូវមានភាពរីកចម្រើននោះទេ រីឯតម្លៃក៏មិនសូវខ្ពស់ដែរ។ ចំណែកជនបរទេសដែលបានមកដល់កម្ពុជាអាចជ្រើសរើសយក សណ្ឋាគារតម្លៃទាបសម្រាប់ការស្នាក់នៅរបស់ពួកគេ។ ជាការពិតណាស់សណ្ឋាគារតម្លៃ សមរម្យនៅតែអាចរកបាននៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគេសង្កេត ឃើញមានការរីកលូតលាស់នៃសណ្ឋាគារកម្រិតថ្មីមួយទៀត​នៅក្នុងប្រទេសកម្ពុជា គឺសណ្ឋាគារបែបទំនើប។

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍បានឲ្យដឹងថាកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិ ជាង៦លាននាក់កាលពីឆ្នាំ២០១៨ ដែលបានកើនឡើងចំនួន១១% លើពីឆ្នាំ២០១៧។ លើសពីនេះទៀតរាជរដ្ឋាភិបាលបានកំពុងព្យាយាមជំរុញឲ្យមានកំណើនច្រើនថែមទៀតត្រឹមចុងឆ្នាំ២០១៩ និង ២០២០។ ប៉ុន្តែថាតើភ្ញៀវទេសចរទាំងនេះមកពីប្រទេសណាខ្លះ?

ប្រទេសចិនបានក្លាយជាប្រភពនៃភ្ញៀវទេសចរដ៏ធំសម្រាប់ប្រទេសកម្ពុជា ដែល ក្នុងឆ្នាំកន្លងទៅ ទេសចរចិនមានចំនួនជិត ២ លាននាក់។ នៅដើមឆ្នាំនេះ ក្រសួងទេសចរណ៍ បានបង្ហើបថា ភ្ញៀវទេសចរចិន​នឹងកើនឡើងដល់ ៣ លាននាក់នៅត្រឹមចុងឆ្នាំ២០១៩នេះ។

កញ្ញា ឡេង សៀកជាង អ្នកគ្រប់គ្រងផ្នែកទីផ្សារនៅសណ្ឋាគារ Lumiere បានលើកឡើងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរដែលមកពីប្រទេសតំបន់អាស៊ី មានទំហំច្រើនជាងភ្ញៀវដែលមកពីប្រទេសប៉ែកអឺរ៉ុប។

លើសពីនេះទៅទៀត  កញ្ញា សៀកជាងបានបន្ថែមថា “យើងមើលឃើញថា ភ្ញៀវទេសចរថ្មីៗនេះ ហាក់មានទំនោរទៅរកការស្នាក់នៅក្នុងសណ្ឋាគារថ្មីៗ បែបទំនើប ដោយសារតែពួកគេចង់បានបន្ទប់ថ្មី ដែលមានប្រដាប់ទៅដោយបរិក្ខារទំនើបៗ។”​

សណ្ឋាគារ Lumiere បានដំណើរការចាប់តាំងពីឆ្នាំ ២០១៧ និងជាសណ្ឋាគារមួយ ដែលផ្តល់កន្លែងស្នាក់នៅកម្រិតខ្ពស់។ បន្ទប់នៅសណ្ឋាគារនេះ មានតម្លៃចន្លោះពី១០០ ដុល្លារ ដល់ ១៥០ ដុល្លារក្នុងមួយយប់។ អ្វីដែលពិសេសនេះទីនេះមានសេវាកម្មល្អបំផុត ដូចជាកន្លែងកម្សាន្តលើដំបូល អាលហែលទឹក និងបន្ទប់ប្រជុំជាដើម។

កញ្ញាក៏បានបញ្ជាក់ដែរថា អ្វីដែលធ្វើឲ្យអតិថិជនពេញបំផុតជាមួយសណ្ឋាគារ Lumiere គឺការរចនាដែលមានលក្ខណៈទាន់សម័យ និងទាក់ទាញបំផុតរបស់សណ្ឋាគារ។

សៀកជាង មើលឃើញថា “អ្នកដែលមានវ័យពីជាង ២០ឆ្នាំ ទៅជាង ៣០ ឆ្នាំគឺជាអ្នកមានទំនោរខ្លាំងបំផុតលើបរិបទនៃការស់នៅក្នុងសណ្ឋាគារបែបទំនើប ហើយម្យ៉ាងទៀតពួកគេមានអាចប្រើប្រាស់បច្ចេកវិទ្យាបានស្ទាត់ជំនាញ។”

សក្កានុពលទីក្រុងភ្នំពេញ

ទោះបីជាខេត្តសៀមរាបត្រូវបានគេចាត់ទុកជាទីក្រុងទេសចរណ៍ដ៏ធំរបស់កម្ពុជាក៏ដោយ អ្នកជំនាញផ្នែកអចលនទ្រព្យនៅតែយល់ឃើញថា ទីក្រុងភ្នំពេញមានសក្តានុពលខ្លាំងបំផុត សម្រាប់ការអភិវឌ្ឍសណ្ឋាគារដែលមានលក្ខណៈទំនើបសម្រាប់បំពេញតម្រូវការទីផ្សារសម័យថ្មី។

លោក សួស ចិន្តា ដែលជាអគ្គលេខាធិការរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ក្រៅពីភ្ញៀវទេសចរ ដែលមកកំសាន្តក្នុងថ្ងៃឈប់សម្រាក ភ្នំពេញក៏បានទាក់ទាញអ្នកដំណើរបែបពាណិជ្ជកម្ម  អ្នកជំនួញ មន្រ្តីទូត បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល(រយៈពេលខ្លី) អ្នកទេសចរក្នុងស្រុក និងភ្ញៀវទេសចរណ៍មកពីតំបន់ដទៃទៀតជាច្រើនជារៀងរាល់ថ្ងៃ។

លោកបានបន្ថែមថា៖ “ទីផ្សារសណ្ឋាគារក្នុងទីក្រុងភ្នំពេញ មិនទាន់លើសកំណត់នោះទេ។ ទីក្រុងនឹងនៅតែបន្តពង្រីកខ្លួនទៅតំបន់ជាយក្រុង ហើយកត្តានេះនឹងជំរុញឲ្យមានតម្រូវការកន្លែងស្នាក់បន្ថែមទៀតនៅតំបន់ទាំងនោះ។”

ជាមួយគ្នានេះដែរ អ្នកជំនាញមួយចំនួនបានសង្កេតឃើញថាវិស័យសណ្ឋាគារគឺត្រូវការធនធានមនុស្សត្រូវការជំនាញ និងការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចបន្ថែមទៀត ដើម្បីបង្កើនគុណភាពសេវាកម្ម និងការប្រកួតប្រជែង។

លោក Peng Ponna ដែលជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានលើកឡើងថា វិស័យសណ្ឋាគារនៅទីក្រុងភ្នំពេញនៅតែមានតម្លៃសមរម្យ បើប្រៀបធៀបទៅនឹងប្រភេទបន្ទប់ប្រហាក់ប្រហែលគ្នានៅក្នុងប្រទេសផ្សេងៗតំបន់អាស៊ីអាគ្នេយ៍។ ទោះយ៉ាងណា លោកបញ្ជាក់ថា អ្នកបើកសណ្ឋាគារត្រូវព្យាយាមបង្កើនជំនាញរបស់បុគ្គលិកឲ្យបានល្អ។

សម្រាប់ការបង្រឹងសមត្ថភាពនេះ លោក Ponna  បាននិយាយថា សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបានកំពុងខិតខំបណ្តុះបណ្តាលនិស្សិតផ្នែកបដិសណ្ឋារកិច្ចទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង​ដើម្បីប្រាកដថា ពួកគេទទួលបានមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគតការងារជាក់ស្តែងរបស់ពួកគេ។  លោក Ponna បានបន្ថែមថា “វិស័យសណ្ឋាគារកំពុងតែផ្តល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។

សម្រាប់ការវិនយោគនៅក្នុងវិស័យនេះវិញ លោកថាស្របពេលដែលទីផ្សារកាន់តែមានភាពប្រកួតប្រជែងខ្លាំង សណ្ឋាគារត្រូវតែផ្តល់សេវាកម្មឲ្យល្អជាងគេដើម្បីអាចឈរជើងបាន។”

កញ្ញា សៀកជាង ក៏បានយល់ស្របដូចគ្នាដែរ ដោយបាននិយាយថា ទីផ្សារកំពុងតែមានការប្រែប្រួល ដូច្នេះការបង្កើនជំនាញដល់បុគ្គលិកត្រូវតែដើរព្រមគ្នាជាមួយនឹងភាពរីកចម្រើននៃបច្ចេកវិទ្យា។

ទាក់ទងនឹងបច្ចេកវិទ្យា សៀកជាងលើកឡើងថា “អតិថិជនអាចប្រៀបធៀបតម្លៃមើល ថាតើមានបន្ទប់ទំនេរ ឬអត់ ឬអានមតិយោបល់អ្នកមកស្នាក់នៅមុនៗ និងកក់បន្ទប់តាមរយៈកម្មវិធីស្វែងរកអចលនទ្រព្យតាមរយៈទូរស័ព្ទដៃបានដោយខ្លួនឯងបាន។”

“យើងរំពឹងថា ការប្រកួតប្រជែងមានលក្ខណៈរឹងមាំឡើងនៅថ្ងៃអនាគត ដោយសារតែការអភិវឌ្ឍបានផ្តល់ជម្រើសដ៏ច្រើនដែលមានទាំងផ្ទះសំណាក់ សណ្ឋាគារ និងរមណីយដ្ឋាន។”

តើអ្នកកំពុងស្វែងរកកន្លែងស្នាក់នៅរយៈពេលខ្លីស្នាក់នៅរយៈពេលយូរ សូមចាប់ផ្តើមស្វែងរកនៅលើ Realestate.com.kh

 

 

 

Comments