+855 92 92 1000
Logo
ឯកឧត្តម ស៊ុន ចាន់​ថុ​ល ព្រមាន​ដាក់​ក្រុមហ៊ុន​១​នេះ​ក្នុង​បញ្ជីខ្មៅ​បើ​នៅ​តែ​ធ្វើ​ផ្លូវ​បែប​ហ្នឹង​ទៀត
Updated on: June 2, 2022, 1:51 a.m.
Published on: April 25, 2022, 9:29 a.m.

ឯកឧត្តម ស៊ុន ចាន់​ថុ​ល ព្រមាន​ដាក់​ក្រុមហ៊ុន​១​នេះ​ក្នុង​បញ្ជីខ្មៅ​បើ​នៅ​តែ​ធ្វើ​ផ្លូវ​បែប​ហ្នឹង​ទៀត


ខេត្តតាកែវ៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ​ក្រុម​ការងារបច្ចេក​ទេស​ក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណ​ភាព​ផ្លូវជាតិ​លេខ២ និង២២ ដោយ​មានការចូលរួមពីអាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា​បច្ចេក​ទេស និងភាគីពាក់ព័ន្ធផង​ដែរ ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ថា តើក្រុមហ៊ុន​សាង​សង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរ​ឬយ៉ាង​ណា និងលើសពីនេះទៀត ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍បន្ថែមដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំប្រើប្រាស់បានយូរអង្វែង ។

ក្រោយពីការធ្វើតេស្តលក្ខណៈបច្ចេកទេស ជាលទ្ធផលក្រុមការងារបច្ចេកទេសរបស់ក្រសួងបានរកឃើញថា ផ្នែកខ្លះ​នៃ​ផ្លូវនេះមិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស ហើយឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់កំហិតឱ្យក្រុមហ៊ុន​សាងសង់​ពិនិត្យ និងកែតម្រូវឡើងវិញឱ្យបានត្រឹមត្រូវតាមសៀវភៅកិច្ចសន្យា ទើបក្រសួងអាចទទួលយកបាន ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ក្នុងដំណើរដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យ​វឌ្ឍនភាពការងារយ៉ាងដូច្នេះថា ៖ «ក្រុមការងារបានចុះវាយគ្រឹះសាកល្បងច្រើនកន្លែងណាស់ កន្លែងខ្លះក៏ជាប់ ប៉ុន្តែ​​ភាគ​ច្រើនធ្លាក់ទាំងអស់ ក្រោមស្តង់ដារក្រសួងសាធារណការ និងដឹកជញ្ជូន ។ ដូច្នេះខ្ញុំបានបញ្ជាឱ្យក្រុមការ​ងារ​ចាប់ផ្តើមវាយឡើងវិញទាំងអស់ចាប់ពីដើមទីរហូតដល់ចុងទីរាប់រយ រាប់ពានកន្លែងដើម្បីធ្វើបទបង្ហាញទៅ​កាន់ក្រុម​ហ៊ុ​នត្រួតពិនិត្យបច្ចេកទេស ក៏ដូចជាក្រុមហ៊ុនសាងសង់ថា យើងខ្ញុំទទួលមិនបាន​នូវគុណភាពសាង​សង់ផ្លូវរបស់​អ្នកដែល​ធ្វើមកឱ្យយើងខ្ញុំ »។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍បន្តថា ៖«ក្រុមការងារក្រសួងនឹងចាប់ផ្តើមវាយគ្រឹះឡើងវិញទាំងអស់ដើម្បី​រកនីតិវិធីក្នុងការដោះស្រាយបញ្ហាហ្នឹង ។ បើកន្លែងខ្លះត្រូវកាយចេញវិញគឺត្រូវតែកាយ ដើម្បីធ្វើតាមលក្ខណៈ​បច្ចេកទេស ហើយការធ្វើនេះដើម្បីជាគំរូក្នុងការព្រមានទៅដល់ក្រុមហ៊ុនផ្សេងៗទៀតដែលធ្វើការសាងសង់ផ្លូវ​ឱ្យមាន​គុណភាពទៅតាមអ្វីដែលយើងបានឯកភាពគ្នា ។ កុំធ្វើឱ្យតែពីដៃ ព្រោះយើងខ្ញុំចាយលុយច្រើនណាស់​លើ​ការ​សាងសង់ផ្លូវនេះ ជាង៥០លានដុល្លារអាមេរិកដែលជាកម្ចីពីសាធារណរដ្ឋកូរ៉េដើម្បីសាងសង់ផ្លូវជូនប្រជាពលរដ្ឋ​ខ្មែរប្រើប្រាស់ក្នុងរយៈពេល១០ទៅ១៥ឆ្នាំ» ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ៖«ក្រុមហ៊ុន Hasan ដែលដេញថ្លៃបានទទួលបន្ទុក​សាង​សង់​ផ្លូវជាតិ​លេខ២ និងផ្លូវជាតិ​លេខ​២២ ពីមុនក៏ធ្លាប់បានសាងសង់ផ្លូវជាតិលេខ២១ដែរ ហើយមានបញ្ហាម្តងរួចមកហើយ ឥឡូវមានបញ្ហាម្តងទៀត ហើយក្រុមហ៊ុននេះសាងសង់ផ្លូវជាតិលេខ៥ក៏មានការយឺតយ៉ាវទៀត ។ ហើយមូលហេតុដែលក្រុមហ៊ុននេះដេញថ្លៃសាងសង់បានទាំងផ្លូវជាតិលេខ៥, លេខ២១ និងផ្លូវជាតិលេខ២ និង២២ដែលកំពុងសាងសង់នេះ ក៏ព្រោះតែក្រុមហ៊ុន Hasan នេះដេញថ្លៃបានថោកជាងគេ ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់សម្រាប់ពិភាក្សាគ្នាសម្រាប់គម្រោងផ្សេងៗទៀតថា តើយើងគួរអនុញ្ញាតឱ្យក្រុមហ៊ុន Hasan ចូលដេញថ្លៃ ឬមិនឱ្យចូលដេញថ្លៃ? ត្រូវតែសម្រេច មិនអាចអង្គុយឈឺក្បាលរហូត ហើយមិនអាចអង្គុយបក់ផ្សែងរហូតបានចំពោះក្រុមហ៊ុន Hasan ទេ ។ ត្រូវនិយាយគ្នាឱ្យច្បាស់ ត្រូវសាងសង់ផ្លូវត្រូវស្តង់ដាររបស់ក្រសួងតាមពេលវេលាកំណត់ទៅតាមកុងត្រា » ។

ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់បែបនេះថា ៖« យើងត្រូវឯកភាពគ្នាថា តើគួរបន្តឱ្យក្រុមហ៊ុន Hasan ដេញថ្លៃតទៅទៅ ឬត្រូវហាមក្រុមហ៊ុន Hasan ដេញថ្លៃសាងសង់ផ្លូវចំនួន៥ឆ្នាំឧទាហរណ៍ (ដាក់ក្នុងបញ្ជីខ្មៅ៥ឆ្នាំ) » ។

ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ​នៅតាមដង​ផ្លូវនេះ មានការអធ្យបាស្រ័យ​ចំពោះ​ការអូស​បន្លាយ ពេលយូរចំពោះការសាងសង់ផ្លូវនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវនេះមានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ​ដល់អូរ​ចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គ​តាសោម មានប្រវែង ៩,៦១​គីឡូ​ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ ។

គម្រោងនេះគ្រោងចំណាយថវិកា ៥៦,១ លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាល​សាធារណ​រដ្ឋ​កូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់ ៣០ខែ គិតចាប់ពីចុងឆ្នាំ២០១៩ ។

ក្រោយបញ្ចប់គម្រោងជាស្ថាពរ ផ្លូវនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធ ភស្តុភារកម្មរបស់​កម្ពុជា សម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងបង​ប្អូន​​​ប្រជាពលរដ្ឋ មកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ៕

អត្ថបទដោយ

Comments