+855 92 92 1000
Logo
ការធានារ៉ាប់រងអាយុជីវិតជាក្រុម - សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងសុភមង្គលរបស់បុគ្គលិកអ្នក
Updated on: June 6, 2022, 5:00 p.m.
Published on: December 17, 2021, 6:43 a.m.

ការធានារ៉ាប់រងអាយុជីវិតជាក្រុម - សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងសុភមង្គលរបស់បុគ្គលិកអ្នក


ជាទូទៅការធានារ៉ាប់រងអាយុជីវិតជាក្រុម គឺជាធានារ៉ាប់រងមួយប្រភេទដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវការការពារលើអាយុជីវិតដល់បុគ្គលិក ឬសមាជិកនៃអង្គភាពដែលផ្តល់នូវការធានារ៉ាប់រងនោះ ។ នាពេលសព្វថ្ងៃនេះ គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមគឺមានការពេញនិយមជាខ្លាំង និងត្រូវបានជ្រើសរើសដោយនិយោជក និងអង្គភាពជាច្រើនដើម្បីផ្តល់នូវការការពារអាយុជីវិតដល់បុគ្គលិក និងសមាជិកនៃអង្គភាពរបស់ខ្លួន ។

គម្រោងនេះផ្តល់នូវសុវត្ថិភាព និងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុដល់មនុស្សជាទីស្រលាញ់របស់បុគ្គលិក ក្នុងករណីដែលពួកគាត់ជួបគ្រោះអកុសលបណ្តាលឲ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ ដោយអាស្រ័យទៅតាមក្រុមហ៊ុនធានារ៉ាប់រង និងគម្រោងដែលបានជ្រើសរើស អត្ថប្រយោជន៍ផ្សេងៗទៀតដូចជាអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ និង អត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្តផ្សេងៗអាចនឹងត្រូវភ្ជាប់ជាមួយនឹងគម្រោងធានារ៉ាប់រងមូលដ្ឋានដើម្បីផ្តល់នូវការការពារកាន់តែទូលំទូលាយ។

GC Life Group Insurance

ប្រសិនបើអ្នកជានិយោជក ឬម្ចាស់អង្គភាព ហើយបច្ចុប្បន្នមិនទាន់បានផ្តល់មានគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមសម្រាប់បុគ្គលិក ឬសមាជិករបស់អ្នកនោះទេ អ្នកគួរតែពិចារណាផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ មួយនេះ ដើម្បីទាក់ទាញ និងរក្សានូវធនធានមនុស្សដ៏ឆ្នើមរបស់អ្នក។

អត្ថប្រយោជន៍នៃធានារ៉ាប់រងអាយុជីវិតជាក្រុម

សម្រាប់និយោជក ឬអង្គភាព

១. បុព្វលាភមានតម្លៃសមរម្យ

ជាទូទៅ ការធានារ៉ាប់រងអាយុជីវិតជាក្រុមគឺមានតម្លៃទាបជាងធានារ៉ាប់រងបុគ្គល សម្រាប់ចំនួនទឹកប្រាក់ធានារ៉ាប់រងប្រហាក់ប្រហែលគ្នា ដោយសារហានិភ័យត្រូវបានបែងចែកទៅកាន់មនុស្សជាច្រើន។

២. អត្ថប្រយោជន៍លើកទឹកចិត្តដ៏ទាក់ទាញ

ការធានារ៉ាប់រងអាយុជីវិតជាក្រុម គឺជាផ្នែកមួយនៃកញ្ចប់អត្ថប្រយោជន៍ដ៏ពេញលេញសម្រាប់បុគ្គលិក ដែលអាចទាក់ទាញ និងរក្សានូវបុគ្គលិកឆ្នើម ដោយសារតែអត្ថប្រយោជន៍ធានារ៉ាប់រងនេះអាចផ្តល់ឲ្យបុគ្គលិកនូវអារម្មណ៍សុវត្ថិភាព និងសន្តិភាពផ្លូវចិត្តដែលអាចបង្កើននូវផលិតភាពការងារ និងភាពស្មោះត្រង់។

៣. ដំណើរការបង់ប្រាក់សាមញ្ញ

ជាទូទៅ ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ លើកលែងតែនៅពេលដែលមានចលនានៃបុគ្គលិកចេញ ឬចូល នោះអាចនឹងមានបុព្វលាភធានារ៉ាប់រងត្រូវបង់បន្ថែម ឬត្រូវសង    ត្រឡប់វិញ។

៤. អត្ថប្រយោជន៍មិនជាប់ពន្ធ

នៅក្នុងប្រទេសកម្ពុជា ប្រសិនបើការធានារ៉ាប់រងដូចគ្នាត្រូវបានផ្តល់ជូនដល់បុគ្គលិកទាំងអស់ស្មើៗគ្នាដោយគ្មានការបែងចែងតាមតួនាទី ឬមុខតំណែង នោះបុព្វលាភធានារ៉ាប់រងគឺត្រូវបានលើកលែងពីកាតព្វកិច្ចពន្ធលើអត្ថប្រយោជន៍បន្ថែម ២០%។

សម្រាប់បុគ្គលិក ឬសមាជិក

១. អត្ថប្រយោជន៍បន្ថែមដោយឥតគិតថ្លៃ ឬតម្លៃទាប

ការធានារ៉ាប់រងអាយុជីវិតជាក្រុម ជាទូទៅគឺជាគម្រោងលើកទឹកចិត្តមួយដែលផ្តល់ដោយនិយោជក និងអង្គភាព ហើយវាក៏ជាផ្នែកមួយនៃកញ្ចប់អត្ថប្រយោជន៍ពេញលេញ ដែលបុគ្គលិកអាចទទួលបានដោយឥតគិតថ្លៃ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកក៏អាចជ្រើសរើសបន្ថែមនូវការការពារ ឬបង្កើនទឹកប្រាក់ធានារ៉ាប់រងឲ្យកាន់តែខ្ពស់ ប៉ុន្តែបុព្វលាភបន្ថែមនោះអាចនឹងត្រូវរ៉ាប់រងដោយបុគ្គលិកខ្លួនឯងផ្ទាល់។

២. គម្រោងដែលមានភាពបត់បែន

បុគ្គលិកអាចជ្រើសរើសបន្ថែមការការពារ ឬបង្កើនទឹកប្រាក់ធានារ៉ាប់រងឲ្យបានកាន់តែខ្ពស់ ពីលើគម្រោងស្តង់ដារដែលផ្តល់ដោយនិយោជក ឬអង្គភាព។ អាស្រ័យ​ទៅតាម​ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​គម្រោង​ដែល​បាន​ជ្រើសរើស សហព័ទ្ធ និង​កូនរបស់បុគ្គលិក​ក៏​អាចចូលរួម​ក្នុងគម្រោងធានារ៉ាប់រង អាយុជីវិតជាក្រុមនេះ​ផងដែរ។

៣. កម្រិតដែលមិនតម្រូវឲ្យមានភស្តុតាង (Free Cover Limit)

ការធានារ៉ាប់រងអាយុជីវិតជាក្រុមភាគច្រើន គឺមានកម្រិតដែលមិនតម្រូវឲ្យមានភស្តុតាង មានន័យថា ប្រសិនបើទឹកប្រាក់ធានារ៉ាប់រងមានចំនួនទាបជាងកម្រិតដែលបានកំណត់ នោះនឹងមិនតម្រូវឲ្យមានការវាយតម្លៃហានិភ័យធានារ៉ាប់រងឡើយ។ កត្តានេះធ្វើឲ្យដំណើរការទាំងមូលមានភាពសាមញ្ញ និងងាយស្រួលក្នុងការទទួលបានការការពារក្រោមគម្រោងធានារ៉ាប់រងជាក្រុម។

៤. អត្ថប្រយោជន៍មិនត្រូវបានជាប់ពន្ធ

អត្ថប្រយោជន៍ធានារ៉ាប់រងដែលទទួលបានដោយអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (ដោយផ្អែកទៅតាមស្ថានភាពជាក់ស្តែង) អាចនឹងមិនត្រូវជាប់ពន្ធឡើយ ហើយដំណើរការនៃការទាមទារសំណងក៏មានភាពងាយស្រួលផងដែរ។

លក្ខខណ្ឌក្នុងការស្នើសុំធានារ៉ាប់រង

GC Life Group Insurance

លក្ខខណ្ឌទទួលធានាពីក្រុមហ៊ុនធានារ៉ាប់រង និងចំនួនបុព្វលាភធានារ៉ាប់រងត្រូវបង់ គឺអាស្រ័យលើកត្តាមួយចំនួនរួមមានដូចជាអាយុ ភេទ ចំនួនទឹកប្រាក់ធានារ៉ាប់រង ចំណាត់ថ្នាក់ការងារ និងលក្ខខណ្ឌស្ថានភាពសុខភាពរបស់បុគ្គលិក ឬសមាជិកនៃអង្គភាពនោះ។ បន្ថែមពីនេះ ដើម្បីអាចជាវនូវធានារ៉ាប់រងអាយុជីវិតជាក្រុមបាននិយោជក ឬអង្គភាពត្រូវមានចំនួនសមាជិកអប្បបរមាជាក់លាក់ណាមួយដោយផ្អែកតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនធានារ៉ាប់រងនីមួយៗ ។

និយោជក និងអង្គភាពក៏អាចកំណត់នូវលក្ខខណ្ឌផ្ទាល់ខ្លួនផងដែរ មុននឹងអនុញ្ញាតឲ្យបុគ្គលិក ឬសមាជិកណាមួយចូលរួមក្នុងគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមនេះ ដូចជាបុគ្គលនោះត្រូវឆ្លងកាត់រយៈពេលសាកល្បងការងារដោយជោគជ័យជាមុនសិន ទើបអាចទទួលបានការធានារ៉ាប់រងនេះ។ល។

យ៉ាងណាក៏ដោយ នៅពេលអ្នកស្វែងរកជាវនូវធានារ៉ាប់រងអាយុជីវិតជាក្រុម សូមស្រាវជ្រាវឲ្យបានហ្មត់ចត់ រួចប្រៀបធៀបនូវជម្រើសទាំងនោះ ដើម្បីប្រាកដថាអ្នកនឹងទទួលបានការធានារ៉ាប់រងអាយុជីវិតដ៏ល្អបំផុតដែលសាកសមនឹងតម្រូវការរបស់អ្នក។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍លើគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ឬចង់ស្វែងយល់បន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ!

Comments