+855 92 92 1000
Logo
កម្ពុជានឹងមានស្ពានអាកាសថ្មីមួយទៀតតម្លៃជិត១០លានដុល្លារ
Updated on: June 5, 2022, 4:30 p.m.
Published on: February 1, 2022, 8:25 a.m.

កម្ពុជានឹងមានស្ពានអាកាសថ្មីមួយទៀតតម្លៃជិត១០លានដុល្លារ


សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតីភាពដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ ។ ពិធី​បើក​ការដ្ឋាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុង​ខណ្ឌឫស្សីកែវ ។

តាម​ការ​ឱ្យ​ដឹង​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ស្ពាន​អាកាស​ដែល​បើក​ការដ្ឋាន​សាងសង់​ថ្មី​នេះ ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ប្រសប់ នៃ​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​ខ្សែកាប​ឫស្សី​កែវ ឆ្លងកាត់​ទន្លេសាប ដែល​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ​៥ និង​ទីក្រុង​រណប​ជ្រោយចង្វា ។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹងផង​ដែរ​ថា ស្ពាន​អាកាស​នេះ​មាន​បណ្តោយ​សរុប​ប្រវែង ៤៨៣​ម៉ែត្រ (​បណ្តោយ​ស្ពាន​អាកាស ១៤៥​ម៉ែត្រ និង​ផ្លូវ​គល់​ស្ពាន​សងខាង ៣៣៨​ម៉ែត្រ​), មាន​ទទឹង ១៥.៨​ម៉ែត្រ ។ គ្រោង​ចំណាយ​ថវិកា​សាងសង់​ជិត​១០​លាន​ដុល្លារ​អា​មេ​រិ​ក ។ គម្រោង​ស្ពាន​អាកាស​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អនិកជន​កម្ពុជា (OCIC) ដោយ​ប្រើ​រយៈពេល​ប្រមាណ​១៥​ខែ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​សាងសង់​ស្ពាន​អាកាស​ត្រង់​ចំណុច​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួលការ​កកស្ទះ​ចរាចរណ៍ ខណៈ​ដែល​តំបន់​នេះ​កំពុង​មាន​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​ការ​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​នៅ​ថ្ងៃនេះ និង​ជូនពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន ។ មុន​នឹង​បញ្ចប់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ចុច​ប៊ូ​តុង​ជា​តំណាង បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​នៅ​ផ្លូវជាតិ​លេខ​៥ ឫស្សី​កែវ ចាប់ពី​ពេល​នេះ​តទៅ ៕

Comments