+855 92 92 1000
Logo
វិធានការរដ្ឋាភិបាលសម្រាប់វិស័យអចលនទ្រព្យកម្ពុជា
Updated on: June 6, 2022, 5:06 p.m.
Published on: February 8, 2016, 2:03 p.m.
Realestate News

វិធានការរដ្ឋាភិបាលសម្រាប់វិស័យអចលនទ្រព្យកម្ពុជា


 

 
ក្នុងឆ្នាំ២០១៥ទាំងតួលេខរដ្ឋាភិបាល និងក្រុមអ្នកជំនាញព្យាករណ៍ដទៃទៀតបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងរង្វង់អត្រា៧%។ មូលនិធិរូបិយបណ្ណអន្តរជាតិបានរកឃើញថាវិស័យកាត់ដេរវាយនភ័ណ្ឌ វិស័យសំណង់និងវិស័យអចលនទ្រព្យជាសសរគ្រឹះទ្រទ្រង់កំណើននៅឆ្នាំកន្លងទៅនេះ។ ស្របពេលគ្នានេះផងដែរ មានក្ដីបារម្ភជាបន្តបន្ទាប់ខ្លាចក្រែង វិស័យអចលនទ្រព្យមានបញ្ហាកំណើនផ្គត់ផ្គង់លើសតម្រូវការអាចបង្កផ្ទុះជាវិបត្តិនាពេលណាមួយ។Realestate.com.kh បានជជែកជាមួយលោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីវិធានការ និងតួនាទីរដ្ឋាភិបាលក្នុងការធានារក្សាស្ថិរភាពនៃទីផ្សារដ៏មានថាមពលមួយនេះ។ 
ក្រោយពីវិបត្តិហិរញ្ញវត្ថុសកលលោកឆ្នាំ២០០៨/២០០៩ តើរាជរដ្ឋាភិបាលលោកបានដាក់ចេញនូវយន្តការក៏ដូចជាគោលនយោបាយអ្វីខ្លះដើម្បីជម្រុញវិស័យដីធ្លី និងអចលនទ្រព្យឱ្យមានសន្ទុះឡើងវិញ?

វិធានការណ៍រដ្ឋាភិបាលគឺថារក្សាស្ថិរភាពម៉ាក្រូរក្សានូវអត្រាអតិផរណាឱ្យនៅកម្រិតទាបធានាឱ្យមានស្ថិរភាពអត្រាប្ដូរប្រាក់នៃរូបិយបណ្ណជាតិហើយនិងពង្រឹងវិស័យធនាគារទាក់ទងនឹងកម្រិត មូលធនក្នុងទីផ្សារអចលនទ្រព្យ ហើយនិងធានាលំហរនៃការជួញដូរអចលនទ្រព្យនេះឯង។

អ្វីទៅជាចំណុចទាក់ទាញវិនិយោគិន និងអ្នកជួញដូរមកកាន់ទីផ្សារអចលទ្រព្យ របស់កម្ពុជាក្រោមក្រសែភ្នែករបស់រដ្ឋាភិបាលខ្មែរ?

មែនទែនទៅយើងមិនមែននិយាយតែវិស័យដីធ្លីទេគ្រប់ការវិនិយោគទុនយើងមើលទាំងអស់។ ក៏ប៉ុន្តែសម្រាប់វិស័យដីធ្លីយើងផ្ដល់ភាពងាយស្រួល និងបង្កើតភាពទាក់ទាញមួយគឺអនុញ្ញាតិឱ្យជនបរទេសអាចទិញខុនដូបាន។ និងទីពីរតាមរយៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ានបាននាំឱ្យកម្ពុជាទៅជាប្រទេសដែលមានទីតាំងកណ្ដាលនៃតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់តំបន់

សម្រាប់ឆ្នាំ២០១៥កន្លងទៅ អ្វីទៅជាការវាយតម្លៃទូទៅរបស់រាជរដ្ឋាភិបាលទៅលើស្ថានភាពទីផ្សារ អចលនទ្រព្យ ?

មែនទែនទៅ សម្រាប់ទិន្នន័យជាផ្លូវការនៃការវិភាគវាយតម្លៃនឹងត្រូវបញ្ចប់នៅខែកុម្ភៈខាងមុខឯណោះ។ តែជាត្រួសៗកំណើនសេដ្ឋកិច្ចឆ្នាំ២០១៥តាមការព្យាកររក្សាបានអត្រា៧%ដដែល ហើយដែលក្នុងនោះមានការចូលរួមពីសំណាក់វិស័យអចលនទ្រព្យផងដែរដែលមានទីតាំងស្ថិតក្នុងកំណើនល្អជាបច្ច័យនាំឱ្យកំណើនសេដ្ឋកិច្ចវាល្អដែរ។

សម្រាប់ឆ្នាំ២០១៦ដែលជាឆ្នាំដំបូងនៃសមារណកម្មសេដ្ឋកិច្ចអាស៊ាន និងក៏ដូចជាសម្រាប់ឆ្នាំបន្តបន្ទាប់រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រអ្វីទៀតដែរដើម្បីរក្សាស្ថិរភាពទីផ្សារ អចលនទ្រព្យ ចៀសឆ្ងាយពីវិបត្តិ?

ទិដ្ឋភាពសំខាន់ៗដែលយើងអាចធ្វើបានយើងបន្តធ្វើការងារដែលយើងធ្លាប់ធ្វើពីឆ្នាំ២០១៥បន្តមកអនុវត្តនៅឆ្នាំ២០១៦នេះទៀតគឺសំខាន់ធានារក្សាស្ថិរភាពម៉ាក្រូ និងធ្វើពិពិធកម្មមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិឱ្យមានទំហំធំជាងមុន។ ហើយដើម្បីជម្រុញការវិនិយោគទាំងក្នុងវិស័យអចលនទ្រព្យ និងវិស័យផ្សេងទៀត យើងពង្រឹងប្រសិទ្ធភាពនៃផ្នែកសេវាសាធារណៈ និងផ្នែកសង្គមកិច្ច ដែលធ្វើដូច្នេះ យើងអាចទ្រទ្រង់នូវកំណើនបានហើយ។ កាលណាមានកំណើន(ផ្នែកGDP៖ផលិតផលជាតិសរុប) នោះកំណើននោះនឹងបែងជាភាគផលដល់ប្រជាជន ហើយប្រជាជនមានលទ្ធភាពទិញច្រើនជាងមុន ហើយក្នុងនោះក៏មានលទ្ធភាពក្នុងការទិញអចលនទ្រព្យដែរ។

អ្វីទីជាបញ្ហាប្រឈមសម្រាប់វិស័យ អចលនទ្រព្យ របស់កម្ពុជា ដែលរដ្ឋាភិបាលមើលឃើញ? ហើយរដ្ឋមានវិធីអ្វីខ្លះដែរដើម្បីចៀសឆ្ងាយពីវិបត្តិទាំងនេះ?

វិបត្តិចម្បងដែលយើងព្រួយបារម្ភ គឺអតុល្យភាពរវាងបរិមាណនៃការផ្គត់ផ្គង់ និងបរិមាណនៃតម្រូវការ ក្នុងទីផ្សារអចលនទ្រព្យកាលណាដែលក្រុមអ្នកផ្គត់ផ្គង់ផ្ដល់បរិមាណច្រើនលើសលទ្ធភាពនៃបរិមាណតម្រូវការ។ មួយវិញទៀតវាអាចនឹងបញ្ហាគំរាមកំហែងមកពីក្រៅរបងព្រំដែនព្រោះបើកាលណាប្រទេសជិតខាងក៏ដូចជាប្រទេសក្នុងតំបន់យើងមានវិបត្តិនោះលំហូរទុនសម្រាប់ដាក់ការវិនិយោគលើវិស័យនានារួមទាំង អចលនទ្រព្យ ផង នឹងខ្សោយជាងមុនមិនខាន។ ហើយដើម្បីច្បាស់កុំឱ្យមានការភ័ន្តច្រឡំនេះជារឿងទីផ្សារដែលមិនមែនជាអ្វីដែលរដ្ឋាភិបាលត្រូវដាក់បទបញ្ជាតម្រូវសេដ្ឋកិច្ចនោះទេស្របពេលដែលយើងកំពុងបង្កបរិយាកាសសេរីភាវូបនីយកម្មលើការវិនិយោគពីសំណាក់វិស័យឯកជន។ អ្វីដែលយើងធ្វើបានមានត្រឹមតែរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ដូចដែលខ្ញុំបានជម្រាបជូនពីខាងដើមដើម្បីធានាសុវត្ថិភាពផ្នែកទីផ្សារ ហើយនឹងរក្សាកំណើនដើម្បីបង្កើនអំណាចទិញរបស់ប្រជាពលរដ្ឋយើង។

អ្វីទៅជាអនុសាសន៍ និងការណែនាំរបស់រាជរដ្ឋាភិបាលសម្រាប់អ្នកវិនិយោគិន និងអ្នកពាក់ព័ន្ធក្នុងវិស័យ អចលនទ្រព្យ ទាំងអស់សម្រាប់ឆ្នាំ២០១៦ និងឆ្នាំខាងមុខទៀត?

យើងស្នើឱ្យគាត់មានការសិក្សាឱ្យបានដឹតដល់ទៅលើបញ្ហាដែលយើងពិភាក្សាខាងដើមហ្នឹងគឺការផ្គត់ផ្គង់ និងតម្រូវការ។ ការវិនិយោគក្នុងវិស័យនេះ (អចលនទ្រព្យ) វិនិយោគិនមិនត្រូវខ្ចីលុយលើសពីសមត្ថភាពទុនរបស់ខ្លួន។ មួយវិញទៀតសូមមេត្តាគិតទៅដល់បរិស្ថានសេដ្ឋកិច្ចសកលលោកផង មិនត្រូវមើលតែអត្រាតម្លៃទីផ្សារក្នុងស្រុកនោះទេព្រោះថាវិស័យអចលនទ្រព្យ នេះ វាទាក់ទងនឹងដូច្នេះ បើសិនជាខាងក្រៅមានវិបត្តិ លំហូរទុនមកក្នុងស្រុកនឹងថមថយ ហើយកំណើនចំណូលសម្រាប់ប្រជាជនក៏តិចតួច នាំឱ្យអំណាចទិញរបស់គាត់ទាបទៅតាមហ្នឹង៕

ស្វែងរកព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតតាមរយៈ Realestate.com.kh

Comments