រាជធានីភ្នំពេញ ៖ តាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដំណើរទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២៧ មេសា កន្លងទៅថ្មីៗនេះបានថ្លែងឱ្យដឹងថា ផ្លូវដែកចាប់ពីភ្នំពេញ-ប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ និងភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាកែលម្អផ្លូវដែកនេះឱ្យទៅជាផ្លូវដែកដែលមានល្បឿនលឿនវិញ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសដំណើរទស្សនកិច្ចនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា កម្ពុជាកំពុងសិក្សាពីលទ្ធភាពនៃការធ្វើទំនើបកម្មលើផ្លូវដែកដែលមានស្រាប់នៅកម្ពុជាឱ្យទៅជាផ្លូវដែកល្បឿនលឿនសម្រាប់គាំទ្រដល់វិស័យដឹកជញ្ជូន (Logistics) ។
ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា ៖«បច្ចុប្បន្នយើងកំពុងសិក្សាកែផ្លូវដែកយើងឱ្យទៅជាផ្លូវដែកល្បឿនលឿន ដោយពីភ្នំពេញ-ប៉ោយប៉ែត និងពីភ្នំពេញ-ក្រុងព្រះសីហនុ ហើយផ្លូវដែកនឹងចូលដល់កំពង់ផែព្រះសីហនុតែម្តង» ។
ការពិនិត្យលទ្ធភាពធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់នៅកម្ពុជាឱ្យទៅជាផ្លូវដែកល្បឿនលឿននេះ ស្របពេលកម្ពុជា-ថៃកំពុងសិក្សាលើគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដើម្បីជួយសម្រួលដល់ការកកស្ទះនៅតាមច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត ។
ការសិក្សាធ្វើទំនើបកម្មកែលម្អផ្លូវដែកដែលមានស្រាប់នៅកម្ពុជានេះគឺធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យឯកឧត្តម ស៊ុន ចាន់ថុល ស្វែងរកដៃគូសហការមកអភិវឌ្ឍន៍ផ្លូវរថភ្លើងចាស់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដើម្បីបម្រើការដឹកជញ្ជូនក្នុងប្រទេសផងក៏ដូចជាតភ្ជាប់ជាមួយប្រទេសជិតខាងផង ។
ហើយក្នុងនោះផងដែរ ភាគីខាងប្រទេសថៃតាមរយៈគម្រោងទាំងពីរនេះក៏បានសន្យាផ្តល់ជំនួយដែករ៉ៃដែលប្រើប្រាស់រួចប្រវែង១៤០គីឡូម៉ែត្រ រួមទាំងកំណល់ និងក្រចាប់ដែលជាប្រយោជន៍សម្រាប់ក្នុងការប្រើប្រាស់នៅក្នុងវិស័យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាផងដែរ ៕
Comments