+855 92 92 1000
Logo
ច្រើនដល់ម្លឹង ! ជាង១២០០លានដុល្លារអគ្គនាយកដ្ឋានពន្ធដារប្រមូលត្រឹមតែ៣ខែ
Updated on: June 6, 2022, 1:06 a.m.
Published on: April 21, 2022, 7:02 a.m.

ច្រើនដល់ម្លឹង ! ជាង១២០០លានដុល្លារអគ្គនាយកដ្ឋានពន្ធដារប្រមូលត្រឹមតែ៣ខែ


យោង​តាម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រឹម​រយៈពេល​ត្រីមាស​ទី​១ (៣​ខែ​) ក្នុង​ឆ្នាំ​២០២២ នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​បាន​ប្រមាណ​១២៦៣,០៧​លាន​ដុល្លារ ស្មើនឹង​៤៤,៨០​ភាគរយ នៃ​ផែនការ​កំណត់ ។

ការ​សម្រេច​បាន​នូវ​លទ្ធផល​នេះ​អាស្រ័យ​លើ​ប្រសិទ្ធភាព​នៃ​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ ជាមួយ​ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ព្រមទាំង​ការ​ភ្ជាប់​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ ផ្តល់​លទ្ធភាព​ងាយស្រួល​ដល់​អ្នក​ជាប់ពន្ធ​ក្នុង​ការ​បង់ពន្ធ និង​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​ពី​ពន្ធដារ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម គង់ វិបុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ។

ឯកឧត្តម គង់ វិបុល បាន​បញ្ជាក់​ផង​ដែរ​ថា ៖«​ស្ថានភាព​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​កន្លង​មក នឹង​បន្ត​ជះ​ឥទ្ធិពល​មក​លើ​ការ​គ្រប់គ្រង​ការ​ប្រមូល​ពន្ធ ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​បន្ទាប់ ជា​ពិសេស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​។ ផ្ទុយ​ទៅ​វិញ ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា ទទួល​រង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ឆ្នាំ​២០២១ យ៉ាងណា​ក្តី លទ្ធផល​នៃ​ការ​គ្រប់គ្រង​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ របស់​អគ្គនាយក​ពន្ធដារ​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​» ៕

Comments