+855 92 92 1000
Logo
វៀតណាមកំពុងធ្វើការដុតដៃដុតជើង ដើម្បីឱ្យគម្រោងរថភ្លើងក្រោមដីរបស់ខ្លួនរួចរាល់ក្នុងឆ្នាំ២០២០
Updated on: June 6, 2022, 5:02 p.m.
Published on: February 16, 2019, 11:17 a.m.

វៀតណាមកំពុងធ្វើការដុតដៃដុតជើង ដើម្បីឱ្យគម្រោងរថភ្លើងក្រោមដីរបស់ខ្លួនរួចរាល់ក្នុងឆ្នាំ២០២០


 (រូបភាពតំណាង)

បើនិយាយពីប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងអាស៊ីនោះក្រៅពីចិនគេប្រាកដជាគិតទៅដល់ប្រទេសវៀតណាម។ អត្រាកំណើនសេដ្ឋកិច្ចនៃប្រទេសនេះមានជាមធ្យមមិនក្រោម៧%នោះទេដែលអត្រានេះបានធ្វើឲ្យវៀតណាមក្លាយជាប្រទេសមួយដែលមានសក្តានុពលបំផុតក្នុងការវិនិយោគសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស។

ដោយសារតែការអភិវឌ្ឍន៍ការអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចជាច្រើនដើម្បីទាក់ទាញវិនិយោគិនបរទេស និងការធ្វើទំនើបនីយកម្មនៅក្នុងទីក្រុងពាណិជ្ជកម្មរបស់ខ្លួនវាបានបង្កើនការងារជាច្រើនដល់ពលរដ្ឋវៀតណាមឱ្យមកបំពេញការងាររឺប្រកបរបរអាជីវកម្មនានាក្នុងទីក្រុងសំំខាន់ៗ។ ក្នុងនោះទីក្រុងហូជីមីញគឺជាក្រុងដែលមានសកម្មភាពពាណិជ្ជកម្មច្រើនជាងគេបំផុតទី១នៅប្រទេសវៀតណាម។

ទោះជាយ៉ាងណាក៏ដោយលំហូរចូលប្រជាជនពីខេត្តផ្សេងៗចូលមកក្នុងទីក្រុងហូជីមីញបានធ្វើឱ្យទីក្រុងដ៏តូចមួយនេះក្លាយជាទីប្រជុំជនយ៉ាងធំសម្បើម។

ជាមួយប្រជាជនប្រមាណជាង៨លាននាក់ស្ថានភាពទីក្រុងមមាញឹកមួយនេះពោរពេញទៅបញ្ហាកកស្ទះចរាចរណ៍សម្លេងរំពងពីយានយន្តក៏ដូចជាផ្សែងកខ្វក់ដែលចេញពីគ្រឿងម៉ាស៊ីនជាដើម។

ដើម្បីដោះស្រាយបញ្ហាទាំងនេះរដ្ឋាភិបាលវៀតណាមបានសម្រេចដាក់ចេញនូវគម្រោងរថភ្លើងក្រោមដី(មេត្រូ) ឱ្យសាងសង់ឡើងនៅក្នុងទីក្រុងហូជីមីញក្នុងប្រវែង២០គីឡូម៉ែត្រគ្របដណ្ដប់លើខណ្ឌ និងស្រុកទាំង៣ធំៗរួមមានខណ្ឌទី១ ខណ្ឌទី២ ខណ្ឌទី៩ ក្នុងតំបន់បិនថាំញ (Binh Thanh) ធូដុក (Thu Duc) និងឌីអាន(Di An) ដែលចំនាយទឹកប្រាក់សរុបប្រហែលជា២ពាន់លានដុល្លារ។

បើតាមការបញ្ជាក់ពីលោក អគ្គនាយករងគណៈកម្មាការគ្រប់គ្រង់ផ្លូវដែកនៅទីក្រុង (Management Authority for Urban Railways (MAUR))បានបង្ហាញឱ្យដឹងថាគម្រោងរថភ្លើងនេះនឹងសម្រេចបានប្រមាណជា៨០% ខណះដែលគម្រោងនេះនឹងត្រូវបញ្ចប់រួចរាល់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២០។

ទោះជាយ៉ាងណាក៏ដោយ គម្រោងរថភ្លើងក្រោមដីមួយនេះធ្លាប់បានជួបបញ្ហាដ៏៏ធំមួយទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ ដោយកាលណោះក្រុមហ៊ុនជប៉ុន (JICA) ដែលរ៉ាប់រងសាងសង់គម្រោងនេះសឹងតែបញ្ឈប់ការសាងសង់របស់ខ្លួនទៅហើយ។​ប៉ុន្តែរដ្ឋាភិបាលរបស់ទីក្រុងហូជីមីញមានការបេ្តជ្ញាចិត្តយ៉ាងខ្ពស់បំផុតថានឹងសម្រេចគម្រោងនេះឱ្យបានក្នុងឆ្នាំ២០២០នេះជាកំហិត។

ងាកមកមើលប្រទេសកម្ពុជាមែនថ្វីត្បិតតែគម្រោងរថភ្លើងក្រោមដីបែបនេះមិនទាន់លេចចេញជាផ្លូវការក៏ពិតមែន ប៉ុន្តែពេលនេះវាកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាដើម្បីស្វែងយល់ពីផលប៉ះពាល់ ក៏ដូចជាថវិកាចំនាយសម្រាប់ការសាងសង់គម្រោងទាំងមូលតែម្តង។ ប្រសិនជាកម្ពុជាពិតជាអាចសាងសង់គម្រោងនេះបានពិតប្រាកដមែន វាពិតជាអាចសម្រួលការធ្វើដំណើររប​ស់ប្រជាពលរដ្ឋបានច្រើនណាស់ ហើយវានឹងជូយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែដើរទៅមុខមួយអន្លើទៀត៕

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់តាមរយៈ Realestate.com.kh!

Comments