+855 92 92 1000
Logo
វិស័យអចលនទ្រព្យកម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើងដើម្បីជំរុញកំណើន
Updated on: June 6, 2022, 5:02 p.m.
Published on: November 16, 2018, 1:44 a.m.

វិស័យអចលនទ្រព្យកម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើងដើម្បីជំរុញកំណើន


បច្ចុប្បន្នភាពនៃប្រទេសកម្ពុជាកំពុងតែមានការផ្លាស់ប្តូរជាវិជ្ជមានទាំងសេដ្ឋកិច្ច និងចំនួនប្រជាជន។ ពីមួយថ្ងៃទៅមួយថ្ងៃអ្នករស់នៅក្នុងប្រទេសកម្ពុជាមានទំនាក់ទំនងកាន់គ្នាតែខ្លាំងឡើងតាមរយៈបច្ចេកវិទ្យា និងការអភិវឌ្ឍ។ ឱកាសការងារកំពុងស្រូបយកចំនួនមនុស្សកាន់តែច្រើនឲ្យចូលទៅកាន់ទីក្រុង ហើយសកម្មភាពឧស្សាហកម្មនានាកំពុងដំណើរយ៉ាងសកម្មនៅទូទាំងប្រទេស។

ស្ថាប័នអន្តរជាតិជាច្រើនដូចជាធនាគារពិភពលោកធនាគារអភិវឌ្ឍន៍អាស៊ីមជ្ឈមណ្ឌលត្រួតពិនិត្យធនធានអាស៊ី (Asia Monitor Resource Centre) និងមូលនិធិរូបិយវត្ថុអន្ដរជាតិ (International Monetary Fund) បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីរក្សាល្បឿននៃការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ជារឿយៗ ផ្លូវថ្នល់គឺជាប្រធានបទសំខាន់មួយ ដែលត្រូវបានលើកឡើងជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នៅចុងឆ្នាំ​២០១៧ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានវាយតម្លៃថា​ ជាងពាក់កណ្តាលនៃផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជាត្រូវចាត់ទុកជាផ្លូវមិនសូវមានគុណភាពល្អ និងមានលក្ខខណ្ឌមិនសមស្រប។ លើសពីនេះទៅទៀតផ្លូវប្រមាណ៧០%​ជាជំនួយឧបត្ថម្ភរបស់ប្រទេសចិន។ យោងតាមការលើកឡើងរបស់អ្នកជំនាញជាច្រើនហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាត្រូវការការកែលម្អឲ្យមានលក្ខណៈកាន់តែប្រសើរឡើង។

លោកឧកញ៉ា លី ហួរ ដែលប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានមានប្រសាសន៍ថា “ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាសំខាន់ក្នុងការបន្តភាពជោគជ័យនៃវិស័យអចលនទ្រព្យ កម្ពុជា”។

លោកបានពន្យល់បន្ថែមថាការបន្ថែមទំហំទឹកប្រាក់ដ៏ច្រើនសម្រាប់សាងសង់ផ្លូវថ្នល់ ផ្លូវដែក ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃទៀតដែលទាំងនេះបានសរបញ្ជាក់ឲ្យឃើញពីចក្ខុវិស័យប្រសើរសម្រាប់ការអភិវឌ្ឍតំបន់ទីក្រុងក្នុងនោះការជំរុញដល់កំណើននៃវិស័យអចលនទ្រព្យគឺមានការយកចិត្តទុកដាក់ខ្ពស់។  

លោក សុត វីរៈ អគ្គនាយកក្រុមហ៊ុន Huttons CPL បានឱ្យដឹងថាដើម្បីរក្សាកំណើនអចលនទ្រព្យក្នុងរយៈពេលវែងដំបូងបំផុតកម្ពុជាត្រូវការការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។

លោក វីរៈ បានបន្ថែមទៀតថា «បច្ចុប្បន្ននេះទីក្រុងធំៗដូចជា៖ ទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តព្រះសីហនុ បានមើលឃើញថាមានការសាងសង់ផ្លូវថ្មីៗជាច្រើនដូចជា ផ្លូវជាតិ ផ្លូវដែក ស្ពាន និងផ្លូវទឹកជាដើម»។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក ក្រសួងសាធារណការ និងដឹកជញ្ជូន បាន ប្រកាស ផែនការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងការធ្វើកំណែ ទម្រង់ធំៗលើផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ និងគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនចម្ងាយ​ ១៩០ គីឡូម៉ែត្រ ដែលភ្ជាប់ទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ។

លោក វ៉ា ស៊ីម សូរិយា អគ្គនាយកនៃអគ្គនាយកដ្ឋាន​រដ្ឋបាលនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថាគម្រោងមួយចំនួនកំពុងត្រូវបានសិក្សាខណៈគម្រោងខ្លះទៀតរង់ចាំតែថ្ងៃចាប់ផ្តើមដំណើរការសាងសង់ប៉ុណ្ណោះ។

លោកបានបន្ថែមទៀតថា «រដ្ឋាភិបាលត្រូវការថវិកាច្រើនដើម្បីកសាងគម្រោងធំៗបែបនេះ»។ លោកជឿថាការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគឺមានភាពចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូននៅដើមឆ្នាំនេះធ្លាប់បានជំរុញឱ្យនាយកដ្ឋានទាំងអស់ធ្វើការកែលម្អនីតិវិធីជួសជុលផ្លូវថ្នល់ដើម្បីលើកកម្ពស់ស្តង់ដារ និងគុណភាពផ្លូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឧបសគ្គចម្បងមួយក្នុងការជំរុញដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធគឺការបង្ហាញពីផែនការអភិវឌ្ឍន៍។ លោក  វ៉ាន់ វ៉ាត អ្នកជំនាញការក្នុងស្រុកផ្នែកនគរូបនីយកម្មបានមានប្រសាសន៍ថាក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតម្រូវឲ្យផ្តល់ផែនការមេឬប្លង់មេនៃទីក្រុងភ្នំពេញទាំងមូល ប៉ុន្តែមិនបានតម្រូវឲ្យផ្តល់ផែនការថ្នាក់ឃុំជាក់លាក់ណាមួយដែលបង្ហាញថាកន្លែងណានឹងត្រូវមានអគារថ្មី ឬផ្លូវឬក៏អត់។

លោក វ៉ាត់ លើកឡើងដែរថា «គោលនយោបាយរបស់ក្រសួងរៀបចំដែនដីមានលក្ខណៈល្អ ប៉ុន្តែយើងកំពុងមើលឃើញបញ្ហាកើតឡើងដោយសារការអនុវត្ត»។ លោកបានបន្ថែមថាទឹកជំនន់ ប្រព័ន្ធលូ ចរាចរណ៍ និងការបំពុលបរិស្ថានបានបង្កឱ្យមានឧបសគ្គស្មុកស្មាញ និងការខាតបង់ សេដ្ឋកិច្ចដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ធ។

លោក វ៉ាត់ មើលឃើញថា ទាំងនេះទាមទាររឲ្យមានការប្តេជ្ញាចិត្តយ៉ាងរឹងមាំក្រៅពីការមានផែនការមេ ព្រមទាំងត្រូវមានគម្រោងហិរញ្ញវត្ថុសមស្រប និងការវិនិយោគលើធនធានមនុស្ស បានត្រឹមត្រូវ។ ជាការពិតណាស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានភាពយឺតយ៉ាវ អាចជាឧបសគ្គចម្បងសម្រាប់ប្រទេសកម្ពុជា។

លោក តេង រិទ្ធី ដែលជាស្ថាបនិក​ ​និងជានាយកក្រុមហ៊ុន R'Investment Group បានប្រាប់ Realestate.com.kh នៅដើមឆ្នាំនេះថាហេដ្ឋារចនាសម្ព័ន្ធគឺចាំបាច់ចំពោះការអភវិឌ្ឍ និងការពង្រីកតំបន់ក្រុង។

លោក រិទ្ធី បានលើកឡើងទៀតថា «ដើម្បីគាំទ្រដល់សេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនបរទេស ឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត យើងចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពពោលគឺទាំងផ្នែកដឹកជញ្ជូន ថាមពល និងទំនាក់ទំនងព្រមទាំងប្រព័ន្ធគាំទ្រដ៏រឹងមាំមួយនៅនឹងកន្លែង»។ ការផ្លាស់ប្តូរទាំងនេះកំពុងស្រូបយកចំនួនប្រជាជនកាន់តែច្រើនឲ្យចូលមករស់នៅក្នុងទីក្រុង៕

តានដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ស្វែងរកអចលនទ្រព្យសម្រប់លក់ និងជួលនៅប្រទេសកម្ពុជា

Comments