វិស័យកាត់ដេរកម្ពុជានឹងនៅតែរក្សាស្ថានភាពល្អ និងបន្តអភិវឌ្ឍន៍បើទោះបីជាមានការបារម្ភពីឥទ្ធិពលនៃការផ្លាស់ប្តូរប្រព័ន្ធបច្ចេកវិទ្យា និងការប្រឈមទល់នឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីទីផ្សារសំខាន់ក្តី។ នេះបើយោងតាមអ្នកតំណាងសមាគមរោងចក្រកាត់ដេរកម្ពុជា។
តែទន្ទឹមនេះអ្នកតំណាងរូបនេះក្រើនរំឭកថា ការរក្សាលំនឹងនេះទៅបាន លុះត្រាតែភាគី ពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ បន្តពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីទទួលបានការបញ្ជា ទិញបន្ថែមពីអ្នកបញ្ជាទិញ។
គិតមកទល់ពេលនេះ តម្រូវការដីសម្រាប់ដាក់ទីតាំងរោងចក្រថ្មី និងសាងសង់ឃ្លាំងនៅបន្តកើនឡើង ដែលបានបង្កើនតម្លៃជួលជាបន្តបន្ទាប់។ នេះបើយោងតាមអ្នកជំនាញផ្នែកអចលនទ្រព្យ។
លោក ចន ចា សមាជិកគណកម្មធិកាសមាគមរោងចក្រកាត់ដេរកម្ពុជា បានលើកឡើងប្រាប់អ្នកសារព័តមានក្នុងសិន្និសិទ្ធស្តីពីបដិវដ្តឧស្សាហកម្ម ៤.០ និងអនាគតឧស្សាហកម្មកាត់ដេរកម្ពុជា កាលពីថ្ងៃពុធថា ការពង្រឹងភាពប្រកួតប្រជែងក្នុងឧស្សាហកម្មកាត់ដេរមានសារៈសំខាន់ជាងអ្វីៗទាំងអស់ បើទោះបីជាស្ថិតក្នុងស្ថានភាពដែលត្រូវសម្របខ្លួននឹងការប្រែប្រួលនៃបច្ចេកវិទ្យា ឬ បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធក៏ដោយ។
លោកថ្លែងថា៖ «ដរាបណាយើងធ្វើឲ្យខ្លួនឯងមានថ្លៃផលិតមានប្រសិទ្ធភាព ឧស្សាហកម្មកាត់ដេរ នៅកម្ពុជានៅតែមានភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងបាន»។
លោកបន្តថារដ្ឋាភិបាលបានប្រកាសគំនិតផ្តួចផ្តើមជាស៊េរីជាច្រើន ក្នុងគោលដៅកាត់បន្ថយ ថ្លៃដើមក្នុងការធ្វើអាជីវកម្ម រាប់តាំងពីថ្លៃភ្លើង ឡូជីស្ទីក ថ្លៃធ្វើអធិការកិច្ចទំនិញនាំចេញ ជាដើម ដែលកត្តានេះបានរួមចំណែកបង្កើនភាពប្រកួតប្រជែង។
លោកបន្តថា៖ «នៅពេលដែលយើងបានទទួលការបញ្ជាទិញកាន់តែច្រើន យើងត្រូវការកម្មករ ច្រើនជាងមុន។ យើងមានបំពាក់ម៉ាស៊ីនស្វ័យប្រវត្តរួចហើយ ធៀបនឹងកាលពី ២០ ឆ្នាំមុនដែលអ្វីៗធ្វើដោយដៃ។ ហើយម៉ាស៊ីនស្វ័យប្រវត្តទាំងនេះមិនបានកាត់បន្ថយបុគ្គលិក នោះទេ»។
ឆ្លើយតបនឹងសំនួរអ្នកសារព័តមានថាតើការប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទៅទីផ្សារអ៊ឺរ៉ុបនឹងប៉ះពាល់ផលិតកម្មកាត់ដេរធ្ងន់ធ្ងរឬយ៉ាងណា លោក ចន ចា បានលើកឡើងថាឧស្សាហកម្មនេះនៅតែអាចរស់បានប្រសិនបើគ្រប់ភាគីកែលម្អរភាពប្រកួតប្រជែង។
លោកបញ្ជាក់ថា៖ «យើងបានកសាងគុណសម្បត្តិរបស់យើងទាក់ទងនឹងថ្លៃ ទាក់ទងនឹងប្រព័ន្ធ ឡូជីស្ទីក និងទាក់ទងនឹងបញ្ហាប្រឈមមួយចំនួនទៀតដែលធ្លាប់ប៉ះពាល់ដល់ឧស្សាហកម្មនេះ។ យើងបានព្យាយាមខ្លាំងបំផុត អ៊ីចឹងយើងអាចរស់បាន និងរស់បានល្អទៀតផងក៏ថាបាន»។ លោកបន្តថា៖«ថាតើ EBA ត្រូវដកឬ មិនដក យើងត្រូវពង្រឹងខ្លួនឲ្យខ្លាំង។ យើងត្រូវពង្រឹងខ្លួនឯងជាប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ»។
យោងតាមលោក ចន ចា វិស័យកាត់ដេរកម្ពុជានៅតែមានកំណើនការបញ្ជាទិញគិតមកទល់ពេលនេះ។ កាលពីឆ្នាំ ២០១៨ ការនាំចេញផលិតផលកាត់ដេរ និងសម្លៀកបំពាក់មានតម្លៃជាទឹកប្រាក់ ១០ ពាន់លានដុល្លារ កើនឡើង ២៤ ភាគរយធៀបនឹង ៨ ពាន់លានដុល្លារឆ្នាំ ២០១៧។ នេះបើយោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា។ កាលពីឆ្នាំ ២០១៧ អត្រាកំណើនមានត្រឹមតែ ៧,៦ ភាគរយប៉ុណ្ណោះ។
លោក សន សៀប ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានប្រាប់ Realestate.com.kh កាលពីថ្មីៗនេះថា តម្រូវការទីតាំងសម្រាប់បើករោងចក្រថ្មី និងឃ្លាំងនៅតែមានកំណើន ហើយបានធ្វើឲ្យថ្លៃឈ្នួលកើនឡើងផងដែរ។
លោកបន្តថា៖ «គិតមកទល់ពេលនេះ មិនទាន់មានសញ្ញាអវិជ្ជមានអីណាមួយដល់តម្រូវការឃ្លាំង ឬ ទីតាំងសម្រាប់ដាក់រោងចក្រទេ។ តាមពិតទៅ តម្រូវការនៅតែកើនឡើង ហើយថ្លៃឈ្នួលក៏ខ្ពស់ជាងមុនដែរ»៕
Comments