+855 92 92 1000
Logo
យុទ្ធសាស្រ្តលក់៖ “ទិញដីបានលុយ” ផ្តល់ផលចំណេញខ្ពស់ខ្លាំង ប៉ុន្តែអ្នកជំនាញថាអ្នកទិញគួរប្រុងប្រយ័ត្ន
Updated on: June 7, 2022, 4:03 a.m.
Published on: June 19, 2019, 2:03 a.m.

យុទ្ធសាស្រ្តលក់៖ “ទិញដីបានលុយ” ផ្តល់ផលចំណេញខ្ពស់ខ្លាំង ប៉ុន្តែអ្នកជំនាញថាអ្នកទិញគួរប្រុងប្រយ័ត្ន


ការវិនិយោគក្នុងវិស័យអចលនទ្រព្យត្រូវបានមើលឃើញថាកំពុងបោះជំហានយ៉ាងលឿនក្នុងរយៈ​ពីរ បីឆ្នាំចុងក្រោយនេះ។​ លំហូរនៃវិនិយោគបានជំរុញម្លៃដីនៅទីក្រុងសំខាន់ៗ និងតាមបណ្តាខេត្តនានា ឲ្យចាប់ផ្តើមហក់ឡើងខ្ពស់ជាលំដាប់។

វិនិយោគិនក្នុងស្រុកជាច្រើនបានសំរុកវិនិយោគលើវិស័យដីធ្លី  ពោលគឺអភិវឌ្ឍគម្រោងលំនៅដ្ឋាន និងអភិវឌ្ឍគម្រោងដីឡូតិ៍​សម្រាប់អ្នកទិញក្នុងស្រុក ទិញទុកធ្វើលំនៅដ្ឋាន និងទុកលក់បន្តនៅពេលខាងមុខ។ ​ ថ្មីៗនេះ ការវិនិយោគអចលនទ្រព្យបែបថ្មីមួយទៀត ដែលគេហៅថា “ទិញដីបានលុយ” ដែលមានន័យថា អ្នកបន្ទាប់ពីទិញដីរួច អ្នកទិញនឹងទទួលបានប្រាក់ចំណូល ១០ ភាគរយប្រចាំខែ។ ពោលគឺ បើទិញដីតម្លៃ ១ ម៉ឺនដុល្លារ នឹងទទួលបាន ១ ពាន់ដុល្លារ/ខែ រយៈពេល ១២ ខែ។​

តើនេះជារូបភាពនៃការបោកប្រាស់មែនទេ?

អ្នកទិញជាច្រើនបានចោទជាសំនួរឡើងថាតើការវិនិយោគបែបនេះអាចទុកចិត្តបានដែរឬទេ និងថាតើនេះជារូបភាពនៃការឆបោកក្នុងវិស័យអចលនទ្រព្យ ឬជាឱកាសវិនិយោគដ៏ល្អបំផុត?

ទាក់ទងនឹងចំណុចនេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជាបាននិយាយថា ​ការវិនិយោគនៅក្នុងទីផ្សារមានការប្រកួតប្រជែងខ្លាំង ដូច្នេះការដាក់ចេញនូវយុទ្ធសាស្ត្រលក់ថ្មីៗ ដើម្បីទាក់ទាញយកអ្នកទិញគឺជារឿងទូទៅ។

ប៉ុន្តែលោកថាករណីទិញដី រួចទទួលបានប្រាក់ចំណេញប្រចាំខែយ៉ាងខ្ពស់បែបនេះ [១០ ភាគរយ/ខែ នៃថ្លៃដើម] វាហាក់ដូចជាមិនអាចទៅរួចនោះទេ។ បើក្រឡេកមើលអត្រាការប្រាក់នៅ ធនាគារវិញ ធាគារផ្តល់ជូនត្រឹមតែ ៧ ភាគរយ ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូចនេះលោក សុខនីម បានណែនាំអ្នកទិញឲ្យមានការប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តវិនិយោគ។  

ទោះយ៉ាណា លោក សុខនីម បានលើកទឹកចិត្តឲ្យអ្នកទិញត្រូវហានធ្វើការវិនិយោគទៅតាមលទ្ធភាពរបស់ខ្លួន ហើយអ្នកទិញត្រូវចេះមើលកត្តាសំខាន់ៗ ដូចជា៖ ភាពស្របច្បាប់របស់ក្រុមហ៊ុន តម្លៃសមស្របតាមទីផ្សារ និងភាពដែលអាចទុកចិត្តបាននៃគម្រោងនីមួយៗ។​

រំលឹកផងដែរថា ក្រសួង (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) មិនទាន់មានសមត្ថកិច្ចស្របច្បាប់ទៅលេីអាជីវកម្ម ដីឡូត៍នៅឡេីយទេ។​ បច្ចុប្បន្នក្រសួងកំពុងរៀបច្បាប់ ស្តីពីការគ្រប់គ្រងអាជីវកម្មនេះបន្ថែមទៀត  មុននឹងដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការ។ យ៉ាងណាក៏ដោយ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីជូនដំណឹងមួយ ជម្រាបជូនសាធារណជន ឱ្យមានការប្រុងប្រយ័ត្នក្នុងការទិញអចលនវត្ថុដូចជាលំនៅឋាន  និងដីពុះឡូត៍នេះ។

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh។ អ្នកអាចស្វែងរកបុរី ខុនដូ ផ្ទះល្វែង និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើគេហទំព័រអចលនទ្រព្យបាននៅថ្ងៃនេះ!

Comments