(ស្ថានភាពផ្លូវជាតិលេខ២កំពុងត្រូវបានឈូសឆាយ)
ការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ២ បានចាប់ផ្ដើមឈូសឆាយពង្រីកចាប់ពីរង្វង់មូលគួរស្រូវក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ រហូតដល់ទីប្រជុំជនផ្សារសំរោងយ៉ោងក្នុងស្រុកបាទីខេត្តតាកែវហើយគិតត្រឹមសប្ដាហ៍មុននេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា ការឈូសឆាយពង្រីកកំពុងចាប់ផ្ដើមយ៉ាងសកម្ម ខណៈដំណោះស្រាយនៃផលប៉ះពាល់ដីរបស់ប្រជាពលរដ្ឋត្រូវធ្វើជាបន្តបន្ទាប់ ដោយអនុវត្តតាមច្បាប់ផ្លូវថ្នល់ ហើយការសាងសង់នឹងត្រូវធ្វើឡើងតាមផ្លូវចាស់ដដែល។
ទោះជាយ៉ាងណាលោកមិនទាន់អាចប្រាប់ពីពេលវេលាជាក់លាក់នៃថ្ងៃសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនៅឡើយទេ ដោយលោកគ្រាន់តែបញ្ជាក់ថានឹងចាប់ផ្តើមឆាប់ៗនេះ។ ប៉ុន្តែលោកអះអាងថា ការស្ថាបនាពង្រីកផ្លូវជាតិលេខ២គ្រោងនឹងប្រើរយៈពេល ៣០ ខែ ឬ (ប្រហែល ២ឆ្នាំកន្លះ)៕
គម្រោងនេះឆ្លងកាត់រាជធានី និងខេត្តចំនួន៣ រួមមានខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ ដោយត្រូវរបែងចែកជា ៣ កំណាត់ផ្លូវធំៗមានដូចជា៖
- កំណាត់ទី១៖ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលគួរស្រូវ ដែលមានប្រវែង ៨.៧ គីឡូម៉ែត្រ។ ពង្រីកពី ២ គន្លង ទៅ ៤ គន្លង ដែលនៅតំបន់ទីប្រជុំជនប្រវែង ៤.៣ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៥ ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ២០.៥ ម៉ែត្រ។ កំណាត់ផ្លូវនេះក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១២ សង់ទីម៉ែត្រ។
- កំណាត់ទី២៖ ចាប់ផ្តើមពីរង្វង់មូលគួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣.៨១ គីឡូម៉ែត្រ ស្ថិតនៅក្នុងតំបន់ជនបទ។ កំណាត់ផ្លូវនេះមាន ២ គន្លង និងទទឹង ១៣ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១០ សង់ទីម៉ែត្រ។
- កំណាត់ទី៣៖ ផ្លូវជាតិលេខ២២ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម ដែលមានប្រវែង ៩.៦ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ។ កំណាត់ផ្លូវនេះ មានទំហំទទឹងផ្លូវសរុប ១៣ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១០ សង់ទីម៉ែត្រ។
ការកែលម្អឡើងវិញនូវផ្លូវជាតិលេខ២ នេះមានប្រវែងសរុប ៧២.១៧ គីឡូម៉ែត្រ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៥៦ លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលកូរ៉េ ក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានប្រមាណ ៨.៥ លានដុល្លារ ។
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
អត្ថបទដោយ
Comments