+855 92 92 1000
Logo
ក្រសួងប្រកាសឱ្យឈប់សម្រាកមុនថ្ងៃបោះឆ្នោត១ថ្ងៃ និងក្រោយបោះឆ្នោត១ថ្ងៃដោយមិនកាត់ប្រាក់ខែ
Updated on: June 6, 2022, 2:20 a.m.
Published on: May 24, 2022, 7:50 a.m.

ក្រសួងប្រកាសឱ្យឈប់សម្រាកមុនថ្ងៃបោះឆ្នោត១ថ្ងៃ និងក្រោយបោះឆ្នោត១ថ្ងៃដោយមិនកាត់ប្រាក់ខែ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបតែបានចេញនូវសេចក្តីជូនដំណឹងមុននេះបន្តិចស្តីអំពីការ​អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាកដើម្បីបានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាត​ឱ្យកម្មករ​​​និយោជិតបានឈប់សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សា​ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ។

ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តដូចខាងក្រោម ៖
  1. រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើ កម្មករនិយោជិតពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗនៅពេលត្រឡប់មកវិញឡើយ ។
  2. ចំពោះកម្មករនិយោជិតដែលអវត្តមានហួសពីច្បាប់អនុញ្ញាតដូចមានកំណត់ខាងលើ ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស និងបទប្បញ្ញត្តិជាធរមាន ។
  3. និយោជកត្រូវខិតខំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ឱ្យបានមុនថ្ងៃទៅបោះឆ្នោត ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិន ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ព្រមទាំងកម្មករនិយោជិតអនុវត្តតាមសេចក្តីជូនដំណឹង​នេះប្រកបដោយ​ប្រសិទ្ធភាព ៕

Comments