+855 92 92 1000
Logo
យល់ដឹងពីកិច្ចសន្យា ៨ ​ប្រភេទ សម្រាប់ប្រើក្នុងវិស័យអចលនទ្រព្យ
Updated on: June 7, 2022, 6:46 a.m.
Published on: June 20, 2019, 4:24 a.m.

យល់ដឹងពីកិច្ចសន្យា ៨ ​ប្រភេទ សម្រាប់ប្រើក្នុងវិស័យអចលនទ្រព្យ


ការទិញលក់អចលនទ្រព្យទាមទាឲ្យមានប្រុងប្រយ័ត្នខ្លាំង ជាពិសេសនៅពេលធ្វើកិច្ចសន្យា ព្រោះថានៅទីបំផុត អ្វីដែលអាចជួយអ្នកទិញ ឬអ្នកលក់បាន គឺត្រូវតែជាអ្វីដែលមានចែង នៅក្នុងកិច្ចសន្យា។ កិច្ចសន្យាមានច្រើនប្រភេទ និងមានន័យផ្សេងៗគ្នាទៅតាមគោលបណងនៃនីមួយៗរបស់វា។ (អ្វីទៅជាកិច្ចសន្យាទិញលក់អចលនទ្រព្យ?

ខាងក្រោមនេះគឺជាកិច្ចសន្យា ៨ ប្រភេទ ដែលអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ឬអ្នកទិញ-លក់អចលនទ្រព្យគួរស្វែងយល់៖ 

១. លិខិតប្រគល់សិទ្ធិកាន់កាប់អចលនទ្រព្យ

ការទិញលក់អចលនទ្រព្យជាសកម្មភាពសំខាន់ក្នុងវិស័យអចលនទ្រព្យ ហើយវាជាប់ពាក់ព័ន្ធនឹងសិទ្ធិកាន់កាប់របស់អ្នកទទួលសិទ្ធិតែម្តង។ ជាធម្មតា ការធ្វើលិខិតនេះ បញ្ជាក់ច្បាស់ពីឈ្មោះ និងបុគ្គលដែលជាអ្នកផ្ទេរសិទ្ធិ និងបុគ្គលជាអ្នកទទួលសិទ្ធិ ហើយវាគឺជាការធានាការផ្ទេរសិទ្ធិកាន់កាប់របស់ម្ចាស់សិទ្ធិទៅកាន់បុគ្គលផ្សេងទៀតតាមការព្រមព្រៀង។ និយាយយ៉ាងខ្លី លិខិតប្រគល់សិទ្ធិកាន់កាប់អចលនទ្រព្យនេះ គឺជាភស្តុងតាងមួយដើម្បីបញ្ជាក់ពីការប្រគល់សិទ្ធិកាន់កាប់ដោយព្រមព្រៀងលើអចលនទ្រព្យមួយ។

២. កិច្ចសន្យាពីការការពារប្រាក់កម្រៃជើងសារ

ប្រាក់កម្រៃជើងសារជាថ្លៃរត់ការ ឬធ្វើកិច្ចការងារអ្វីមួយ។​ កិច្ចព្រមព្រៀងប្រភេទនេះ បញ្ជាក់ពីការព្រមព្រៀងគ្នារវាងភាគីពាក់ព័ន្ធនឹងលក្ខខណ្ឌផ្សេង ដែលភាគីទាំងពីរត្រូវតែបំពេញ ដែលលក្ខខណ្ឌទាំងនោះអាស្រ័យតាមការព្រមព្រៀងរបស់គូភាគីទាំងសងខាង។ 

នៅឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសថ្មីស្តីពី “ថ្លៃសេវានិងកម្រៃជើងសារវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ដែលបានកំណត់យកថ្លៃសេវាកម្ម​ ៣%។ 

៣. កិច្ចសន្យារក្សាការសំងាត់ និងការមិនលូកលាន់ការងារ

កិច្ចសន្យាប្រភេទនេះជាកិច្ចសន្យាពិសេស ដែលយើងមិនសូវឃើញក្នុងការរស់នៅជាក់ស្តែងនោះទេ ដោយសារតែវាពាក់ព័ន្ធនឹងការកំណត់លក្ខខណ្ឌរបស់ភាគីទាំងសងខាង ក្នុងការរក្សាការសម្ងាត់នូវរឿងអ្វីមួយ ដែលទាក់ទងនឹងការងារពាណិជ្ជកម្មរបស់ភាគីទាំងសងខាង។ ក្នុងគោលការណ៍នៃច្បាប់ កិច្ចសន្យាប្រភេទនេះ មិនអាចធ្វើទៅបានទេ ប្រសិនបើលក្ខខណ្ឌដែលកំណត់ក្នុងកិច្ចសន្យា ជាការបង្ខំ ជាការធ្វើអ្វីដែលខុសច្បាប់ ឬជាសកម្មភាពដែលប៉ះពាល់ដល់ប្រពៃណី និងសណ្ដាប់ធ្នាប់សាធារណៈ។

៤. កិច្ចសន្យាស្ដីពីកិច្ចសហប្រតិបត្តិការទិញ លក់ដី ឬផ្ទះ

ស្រដៀងគ្នាទៅនឹងកិច្ចសន្យាប្រគល់សិទ្ធិកាន់កាប់អចលនទ្រព្យដែរ កិច្ចសន្យាស្តីពីការទិញលក់ដីឬផ្ទះ សំដៅទៅលើការព្រមព្រៀងគ្នាទិញ ឬលក់ដី ឬផ្ទះ។ ចំណុចដែលខុសគ្នានោះគឺ កិច្ចសន្យាប្រគល់សិទ្ធិកាន់កាប់អចលនទ្រព្យ មានកម្មវត្ថុ ជាសិទ្ធិកាន់កាប់ផ្ទាល់ ដែលខុសពីកិច្ចសន្យាស្តីពីការទិញលក់ មានកម្មវត្ថុជាដី ឬផ្ទះ។ ជាធម្មតា ក្នុងកិច្ចសន្យាទិញលក់ ច្រើនភា្ជប់ជាមួយនឹងការផ្ទេរសិទ្ធិកាន់កាប់ ឬកម្មសិទ្ធិ ពីអ្នកលក់ទៅអ្នកទិញ ដែលត្រូវធ្វើជាលាយល័ក្ខអក្សរ។ កិច្ចសន្យាប្រភេទនេះ ធានាគុណភាពនៃផ្ទះ និងដី ការប្រគល់ផ្ទះ និងដីពីអ្នកលក់ទៅអ្នកទិញ។ ប៉ុន្តែ កិច្ចសន្យាប្រភេទនេះ មិនអាចបញ្ជាក់ថាអ្នកទិញ នឹងក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនោះទេ លុះត្រាតែអ្នកទិញយកដីនោះទៅចុះបញ្ជី ប្រសិនបើមានការកំណត់តាមច្បាប់។

៥. កិច្ចសន្យាកក់ប្រាក់ (កក់ប្រាក់ទ្រនាប់ដៃ)

កិច្ចសន្យាកក់ប្រាក់នេះ ច្រើនកើតមានមុនការធ្វើកិច្ចសន្យាទិញលក់។ ប៉ុន្តែគេក៏អាចដាក់បញ្ចូលលក្ខខណ្ឌប្រាក់កក់នេះ នៅក្នុងកិច្ចសន្យាទិញលក់ផងដែរ។ ដូចគ្នាទៅនឹងគោលការណ៍ព្រមព្រៀងគ្នារវាងគូភាគី ប្រាក់កក់ដែលតម្រូវស្របតាមការព្រមព្រៀងរបស់ភាគី។ កិច្ចសន្យាប្រភេទនេះ អាចធានាប្រាក់កក់របស់អ្នកទិញ ប្រសិនបើអ្នកលក់ចង់បញ្ឈប់ការលក់នោះ អ្នកលក់អាចសងការខូចខាតចំនួន២ដងនៃប្រាក់កក់នោះដល់អ្នកលក់ ប៉ុន្តែត្រង់ចំណុចនេះ មិនមានន័យថា ការសងរបស់អ្នកលក់ត្រូវធ្វើក្នុងកម្រិត២ដងនៃប្រាក់កក់នោះទេ វាអាចធ្វើក្នុងកម្រិតច្រើនជាងនេះ តាមការព្រមព្រៀង។ ប៉ុន្តែការកំណត់នេះ គឺជាកម្រិតនៃការសងអប្បបរមារបស់អ្នកលក់។

៦. លិខិតប្រគល់និងទទួលប្រាក់

លិខិតប្រគល់ និងទទួលប្រាក់ គឺជាលិខិតធានា ឬបញ្ជាក់ថាភាគីទាំងសងខាងបានប្រគល់ និងទទួលប្រាក់ហើយ។ ប៉ុន្តែវាមិនមានការតម្រូវឲ្យធ្វើដោយច្បាប់ជាលាយល័ក្ខអក្សរនោះទេ។ ជាគុណសម្បត្តិនៃលិខិតនេះសម្រាប់ការទិញលក់អចលនទ្រព្យ វាជួយបញ្ជៀសបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងដោយបំណងមិនល្អរបស់គូភាគី ទាក់ទងនឹងការប្រគល់ប្រាក់។  

៧. កិច្ចព្រមព្រៀងរួមស្តីអំពីការអនុញ្ញាតិឲ្យសាច់ញាតិលក់ដី

កិច្ចព្រមព្រៀងនេះ ជាកិច្ចសន្យាដែលធ្វើដោយបុគ្គលតែម្នាក់ ដែលជាអ្នកផ្តល់ឲ្យ។ ការចាត់ចែងទិញលក់ដី អាចធ្វើទៅបានសម្រាប់តែអ្នកមានកម្មសិទ្ធិតែប៉ុណ្ណោះ លុះត្រាតែមានការអនុញ្ញាតិដោយម្ចាស់កម្មសិទ្ធិ។ កិច្ចសន្យាប្រគល់សិទ្ធិឲ្យសាច់ញាតិ ក្នុងការចាត់ចែង អាចធ្វើបានដោយឲ្យសិទ្ធិមួយភាគ ឬទាំងអស់ទៅសាច់ញាតិនោះ។

៨. លិខិតបញ្ជាក់បំណងទិញអចលនទ្រព្យ (សម្រាប់អ្នកទិញ)

លិខិតនេះ ជាការព្រមព្រៀងបញ្ជាក់ពីបំណងក្នុងការទិញអចលនទ្រព្យមួយរបស់អ្នកទិញ។ ក្នុងបរិបទនៃច្បាប់ ដើម្បីបង្កើតឲ្យបានកិច្ចសន្យាមួយ អ្នកទិញត្រូវបញ្ជាក់ពីការចង់បានរបស់ណាមួយពីអ្នកលក់ ដែលគេហៅថាជាសំណើ។ នៅពេលដែលមានការបញ្ជាក់បែបនេះ អ្នកលក់អាចយល់ព្រមលក់ ឬមិនលក់តាមចិត្តចង់របស់គេ។ ដូច្នេះ លិខិតនេះជាការបញ្ជាក់ពីការចង់ទិញអចលនទ្រព្យនោះ៕

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកផ្ទះ ដី ខុនដូ​ សូមចូលទៅកាន់ Realestate.com.kh!

Comments