+855 92 92 1000
Logo
ចំណាំទុកកុំឱ្យចាញ់បោកគេ ! ក្រសួងបរិស្ថានហាមពលរដ្ឋកុំទិញដី១៨០០ហិកតាក្នុងតំបន់នេះ
Updated on: November 25, 2022, 8:45 a.m.
Published on: November 25, 2022, 8:45 a.m.

ចំណាំទុកកុំឱ្យចាញ់បោកគេ ! ក្រសួងបរិស្ថានហាមពលរដ្ឋកុំទិញដី១៨០០ហិកតាក្នុងតំបន់នេះ


ខេត្តកំពត ៖ អ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវដល់បងប្អូន​ប្រជាពល​រដ្ឋ​កុំបន្តចាញ់បោក​ក្រុមជនខិលខូច​ដែល​បាន​គប់​គិតគ្នាបោកប្រាស់ប្រជាពលរដ្ឋទិញលក់ដីនៅក្នុងតំបន់​ការពារធម្មជាតិដែលមានផ្ទៃដីទំហំ ១,៨០០ហិកតា ដោយអះអាងថាជាដីស្របច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន ប៉ុន្តែតាមពិត​គឺមិនអាចទៅរួចឡើយ ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ផ្ទៃដីដែលមានទំហំ ១,៨០០ហិកតា ដែលជនខិលខូចរៀបចំផែនទីដាក់លក់នោះជាផ្ទៃដីព្រៃ ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ។ ផ្ទៃដី​មួយ​ចំនួនត្រូវបានជនទុច្ចរិតលួចចូលឈូសឆាយទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីលក់ដូរ ហើយ​ត្រូវ​​បាន​កសាង​សំណុំរឿងនៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយដែរ ។

មន្ត្រីនៃមន្ទីរបរិស្ថានបានធ្វើការតាមដាន និងធ្វើចំណាត់លើហ្វេសប៊ុកមួយឈ្មោះថា NL Real Estate Cambodia បាន​ដាក់បង្ហាញផែនទី និងទីតាំងដីទំហំ ១,៨០០ហិកតា និងរូបភាពមួយចំនួនសម្រាប់លក់ ។ ក្រុមមន្ត្រី​បាន​សួរ​នាំ​ភ្នា​ក់​ងារ​លក់ដីដែលធ្វើសកម្មភាពនោះដោយបានបញ្ជាក់ថាឈ្មោះ សុខ ម៉ាប់ ជាតំណាងម្ចាស់ដី ។

តាមការបញ្ជាក់របស់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត ឈ្មោះ សុខ ម៉ាប់ នេះគឺជាជនសង្ស័យមួយរូបក្នុងចំណោម២រូប ដែលមន្ទីរបរិស្ថានខេត្តកំពត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធ​នឹងការ​ទន្ទ្រាន​ដីព្រៃខុស​ច្បាប់​នៅ​ក្នុង​ភូមិអន្លង់ក្មេងលេង ឃុំតេជោ អភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាមួយឈ្មោះ ឡៅ អាន់ ដែលជាឪពុករបស់ខ្លួន ។

មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បានបន្តថា ជាមួយភស្តុតាង និងសាក្សីថ្មីនេះ មន្ទីរបរិស្ថានខេត្ត កំពត នឹងរៀប​ចំសំណុំ​ឯកសារភស្តុតាងបន្ថែមដាក់ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ដើម្បីចាត់ការលើជនទុច្ចរិត រួមនឹងបក្ខពួក​នៅពី​ក្រោយដែលឃុបឃិតគ្នាចូលរុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ៕

Comments