រាជធានីភ្នំពេញ ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានលើកឡើងអំពីការអភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងរាជធានីភ្នំពេញ បើទោះបីជាពេលកន្លងមកប្រទេសកម្ពុជាបានជួបផលវិបាកអំឡុងពេលជំងឺកូវីដ១៩បានផ្ទុះឡើងក្តី តែរាជធានីភ្នំពេញបានទទួលគម្រោងសាងសង់ថ្មីៗជាច្រើនរហូតដល់១០៥០គម្រោង ដែលមានទំហំវិនិយោគប្រមាណជាង២,២៦ពាន់លានដុល្លារអាមេរិក ។ ការថ្លែងរបស់ឯកឧត្តម ឃួង ស្រេង ធ្វើឡើងក្នុងពិធីបើកសម្ពោធផ្សារទំនើប ព្រីនស៍ មួយកន្លែងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ។
នាឱកាសអញ្ជើញចូលរួមជាអធិបតីឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា មានសំណង់ផ្ទះបុរី និងផ្ទះល្វែងជាច្រើនចំនួន៣១០កន្លែងរួមជាមួយនឹងអគារខ្ពស់ៗប្រមាណ១៦០៣អគារមានបង្ហាញវត្តមាននៅពាសពេញរាជធានីភ្នំពេញគិតត្រឹមដើមឆ្នាំ២០២២នេះ ។ ភាពរីកចម្រើននៃវិស័យអចលនទ្រព្យនេះបានរុញច្រានឱ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍន៍ប្រកបដោយភាពស្រស់បំព្រងមិនចាញ់បណ្តាទីក្រុងប្រទេសជិតខាង និងក្នុងតំបន់អាស៊ានឡើយ ។
ឯកឧត្ដម ឃួង ស្រេង ចាត់ទុកកំណើនសេដ្ឋកិច្ចកម្ពុជា ជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេសអគារពាណិជ្ជកម្ម, សណ្ឋាគារ, សំណង់បុរី, អគារស្នាក់នៅរួម, ខុនដូ, និងផ្សារទំនើបជាដើម ។ បើតាមឯកឧត្ដម ឃួង ស្រេង កំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងវិញយ៉ាងឆាប់រហ័សនាបណ្តាឆ្នាំខាងមុខ ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេស ៕
Comments