នៅពេលវិស័យខុនដូបានចាប់កំណើតដំបូងនៅកម្ពុជាកាលពីចុងទសវត្យរ៍ឆ្នាំ ២០០០ មានគម្រោងតែពីរ ទៅ បីប៉ុណ្ណោះត្រូវបានសាងសង់នៅភ្នំពេញ ហើយសុទ្ធសឹងធ្វើឡើងដើម្បីឆ្លើយតបតម្រូវការអតិថិជនជាជនបរទេស។
តែជាងមួយទសវត្សរ៍ក្រោយមក ស្ថានភាពទីផ្សារបានផ្លាស់ប្តូរ។ និន្នាការថ្មីមួយបានលេចឡើង ដោយសារកំណើនប្រជាជនកម្ពុជាវណ្ណៈកណ្តាល ហើយពួកគេកំពុងត្រូវការលំនៅដ្ឋានផ្ទាល់ខ្លួន ដែលមានបែបបទរស់នៅបែបស៊ីវិល័យ។
លោក អ៊ុក ច័ន្ទដារ៉ាវុធ នាយកផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Seven Residence Co Ltd បានសង្កេតឃើញថាតម្រូវការខុនដូដែលមានលក្ខណៈសាងសង់ស្របតាមតម្រូវការប្រជាជនក្នុងស្រុកចាប់ផ្តើមកើនឡើង។ លោកដារ៉ាវុធ បានថ្លែងថានៅមានភាពមិនស៊ី ចង្វាក់គ្នារវាងតម្រូវការនិងការផ្គត់ផ្គង់ខុនដូ សម្រាប់ប្រជាជនក្នុងស្រុក ហើយក្រុមហ៊ុ Seven Residence ក៏សម្រេចសាងសង់អគារខុនដូ The Seven Residence Condominium ដែលប្រភេទខុនដូតំលៃសមរម្យស្ថិតនៅក្នុងខ័ណ្ឌសែនសុខ។
លោកថ្លែងថា៖«ពេលនេះ ប្រជាជនកម្ពុជាកាន់តែច្រើនឡើងចាប់អារម្មណ៍ទិញខុនដូ តែគ្រាន់តែថាពួកគេចង់បានតម្លៃសមរម្យជាងគម្រោងខុនដូមុនៗ»។ លោកបន្តថាក្រុមហ៊ុន The Seven Residence បានលក់ចេញ ៣០ ភាគរយ ចាប់តាំងពីបើកលក់គម្រោងខុនដូតម្លៃសមរម្យនេះកាលពីខែមករា។ ជាង ៩០ ភាគរយនៃអ្នកបញ្ជាទិញគឺជាអតិថិជនកម្ពុជា។
លោកបន្តថា៖«ក្នុងរយៈពេល ៥ ឆ្នាំទៀត ប្រជាជនកម្ពុជានឹងលែងសូវទិញផ្ទះល្វែងទៀតហើយ ដោយសារតម្លៃកាន់តែថ្លៃ ហើយមានទីតាំងឆ្ងាយពីកណ្តាលក្រុង។ ពួកគេ នឹងងាកមកទិញខុនដូដែលមានតំលៃសមរម្យវិញដែលស្ថិតនៅជិតតំបន់ទីប្រជុំជន»។
វាជានិន្នាការថ្មីមួយនៅក្នុងវិស័យខុនដូនៅកម្ពុជា។ អ្នកអភិវឌ្ឍន៍ជាច្រើនកំពុងផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេមករកអ្នកទិញក្នុងស្រុក។
ជាទូទៅ ខុនដូតម្លៃសមរម្យនាពេលនេះមានតម្លៃប្រហែល ៥ ម៉ឺនដុល្លារក្នុងមួយយូនីត ឬ ស្មើរនឹង ១,៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនគ្រប់គ្រងសេវាអចលនទ្រព្យ CBRE គម្រោងខុនដូចំនួន ១៣ គម្រោងត្រូវបានបញ្ចប់ហើយដាក់នៅលើទីផ្សារផ្ទះសម្បែងក្នុងអំឡុងឆមាសទីមួយឆ្នាំនេះ។ របាយការណ៍នេះបានឱ្យដឹងថាជិត ៧០ ភាគរយនៃគម្រោងទាំងនេះ គឺជាខុនដូតម្លៃសមរម្យ។
ខុនដូតម្លៃសមរម្យកំពុងមានកំណើននៅក្នុងទីផ្សារ
តួលេខរបស់ CBRE បានបង្ហាញថាគិតត្រឹមដំណាច់ខែមិថុនា ការផ្គត់ផ្គង់ខុនដូសរុបនៅភ្នំពេញមានចំនួន ១៦,៦៥៧ យូនីត។ ក្នុងនោះ ខុនដូតម្លៃមធ្យម មានប្រហែលពាក់កណ្តាល ខណៈគម្រោងខុនដូតម្លៃសមរម្យ និងតម្លៃខ្ពស់ មានជាង ២០ ភាគរយដូចគ្នា។
CBRE បានចាត់ថ្នាក់ខុនដូតម្លៃមធ្យម ដោយគិតក្នុងមួយម៉ែត្រការ៉េ ស្មើរតម្លៃ ៣,២៥៤ ដុល្លារ ចំណែកខុនដូតម្លៃមធ្យម ២,៥៦៨ ដុល្លារ និងខុនដូតម្លៃសមរម្យ ១,៥០១ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
លោក James Hewson អ្នកគ្រប់គ្រងការស្រាវជ្រាវនិងប្រឹក្សាយោបល់របស់ CBRE បានថ្លែងថាការអភិវឌ្ឍខុនដូដែលមានតម្លៃសមរម្យ នៅមានចំណែកតូចនៅឡើយធាបនឹងចំនួនខុនដូរសរុប តែវាកំពុងមានកំណើនខ្លាំងនៅមួយឆ្នាំចុងក្រោយ។
លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះមានការផ្គត់ផ្គង់ខុនដូតម្លៃខ្ពស់នៅក្នុងទីផ្សារ តែក្រុមហ៊ុនអភិវឌ្ឍន៍កំពុងចាប់ផ្តើមសាងសង់ខុនដូរតម្លៃសមរ្យដើម្បីកាត់បន្ថយហានិភ័យ លើការពឹងតែខុនដូរតម្លៃខ្ពស់មួយមុខដែលហាក់មានភាពឆ្អែតរួចទៅហើយ»។ លោកបន្តថា៖«មានការព្យាករណ៍ថា ខុនដូរតំលៃសមរម្យនឹងមានការកើនឡើងយ៉ាងខ្លាំងក្នុងការផ្គត់ផ្គង់ក្នុងរយៈពេលបីឆ្នាំខាងមុខនេះ»។
លោកបានបន្ថែមថាកំណើនភាគច្រើននៃខុនដូគឺអាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធនិងលទ្ធភាពប្រើប្រាស់។ នេះជាការព្រួយបារម្ភចម្បងសម្រាប់គម្រោងដែលមានតំលៃសមរម្យដែលជាញឹកញាប់ជ្រើសរើសទីតាំងចុះពីទីប្រជុំជនដើម្បីរក្សាតម្លៃទាប។
យោងតាមរបាយការណ៍របស់ CBRE នៅឆ្នាំក្រោយនេះ ខុនដូដែលបញ្ចប់ការសាងសង់ហើយដាក់នៅលើទីផ្សារនឹងកើនដល់ ៤០,០០០ យូនីតនៅភ្នំពេញ។ ក្នុងនោះ ជាងមួយភាគបួន ជាប្រភេទខុនដូតម្លៃសមរម្យ។
ស្វែងរកខុនដូសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
Comments