+855 92 92 1000
Logo
អ្នកអភិវឌ្ឍន៍គួរបង្វែរទិសដៅវិនិយោគទៅអ្នកមានជីវភាពទាប និងមធ្យម ជួបជាមួយកម្មវិធី Realestate.com.khTV
Updated on: June 6, 2022, 5:05 p.m.
Published on: September 28, 2016, 5:17 a.m.
Realestate News

អ្នកអភិវឌ្ឍន៍គួរបង្វែរទិសដៅវិនិយោគទៅអ្នកមានជីវភាពទាប និងមធ្យម ជួបជាមួយកម្មវិធី Realestate.com.khTV


Horizontal-Ribbon-Editorial

បើទោះបីជាទីផ្សារលំនៅដ្ឋានបច្ចុប្បន្នមានការធ្លាក់ចុះបន្តិចក៏ដោយ លោក យិន លាងគង់ ជានិពន្ធនាយកនៃទស្សនាវដ្តី Property View និងជាការីនិពន្ធផ្នែកសេដ្ឋកិច្ចនៅទូរទ្ទស្សន៍BTV បាននិយាយថាអ្នកអភិវឌ្ឍន៍គួរតែបន្តវិនិយោគលើវិស័យលំនៅដ្ឋានបន្តទៅទៀត។

លោកបានផ្តល់យោបល់ថា សម្រាប់អ្នកអភិវឌ្ឍន៍ដែលមានភាពឆ្លាតវៃគួរតែបង្វែរទិសដៅអភិវឌ្ឍន៍ របស់ខ្លួនឲ្យត្រូវនឹងតម្រូវការរបស់អតិថិជនដោយសំដៅទៅរកអ្នកមានជីវភាពមធ្យម និងក្រោមមធ្យមឲ្យពួកគេមានលទ្ធភាពអាចទិញលំដ្ឋាន សមរម្យដែលមានតម្លៃទាបអាចរស់នៅបាន។

តាមភាពជាក់ស្តែងអ្នកអភិវឌ្ឍន៍មួយចំនួនក៏បានប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារថ្មីដើម្បីទប់នឹការធ្លាក់ចុះនៃទីផ្សារបច្ចុប្បន្នដែលពីមុនពេលទិញបុរី គឺតម្រូវឲ្យអតិថិជនកក់ប្រាក់ជាមុន ប៉ុន្តែសម្រាប់យុទ្ធសាស្ត្រថ្មីវិញគឺអតិថិជនអាចបង់ប្រាក់រំលស់តែម្តង ហើយបន្ទាប់ពីសាងសង់រួចអតិថិជនអាចទៅរស់នៅក្នុងលំនៅដ្ឋាននោះបាន។

លោកថា តាមវិធីនេះជាការល្អសម្រាប់អ្នកវិនិយោគ ហើយក៏បានជួយសម្រួលដល់អ្នកទិញកាន់តែ មានភាពងាយស្រួលព្រោះមិនចាំបាច់មានប្រាក់កក់។

ប៉ុន្តែលោកលាងគង់ ក៏លើកឡើងដែរថា “ការបង់រយៈពេលវែង១០ទៅ២០ឆ្នាំ អតិថិជនត្រូវចំណាយប្រាក់ច្រើនជាងការបង់ប្រាក់ប្រាក់សុទ្ធតែម្តង។ ដូច្នេះអតិថិជនត្រូវពិចារណាដោយខ្លួនឯងថាគួរជ្រើសរើសយកជម្រើសបែបណាដែលសាកសមជាមួយលទ្ធភាពរបស់ខ្លួន។

បន្ថែមលើសពីនេះទៀត តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បង្ហាញថា ក្នុងមួយឆ្នាំប្រជាពលរដ្ឋកម្ពុជាត្រូវការលំនៅដ្ឋានចំនួន ១០,០០០ខ្នង។ ការផ្គត់ផ្គង់ឆ្នាំ ២០១៤ មិនគ្រប់គ្រាន់នោះទេ ហើយនៅឆ្នាំ ២០១៥ បានឆ្លើយតមទៅនឹងតម្រូវការចំណែកឆ្នាំ២០១៦វិញ តម្រូវការហាក់ដូចជាពេញរួចទៅហើយ។

ដោយលោកពន្យល់ថាក្នុងឆ្នាំ២០១៦នេះសម្រាប់អ្នកដែលមានជីវភាពមធ្យម និងអ្នកមានជីវភាពកម្រិតខ្ពស់គឺបានទិញលំដ្ឋានរួចទៅហើយ  ដូច្នេះទីផ្សារលំនៅដ្ឋានសម្រាប់អ្នកទាំងនេះគឺបានគ្រប់គ្រាន់ឫឆ្អែតទៅហើយ។ ឆ្លើយតបនឹងលក្ខខណ្ឌទាំងនេះ មានគម្រោងបុរីមួយចំនួនបានផ្អាកដំណើរការ និងមួយចំនួនទៀតបានបន្ថយល្បឿនសាងសង់របស់ខ្លួន។

ទោះជាយ៉ាងនេះក្តីលោក លាងគង់ បានសង្កត់ធ្ងន់ថា សម្រាប់ទីផ្សារលំនៅដ្ឋានដែលមានតម្លៃសមរម្យ សម្រាប់អ្នកមានជីវភាពមធ្យម និងក្រោមមធ្យមនៅតែមានតម្រូវការច្រើន។ អ្នកវិនិយោគនឹងទទួលបានជោគជ័យព្រោះវាបានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដ ហើយតម្រូវការសម្រាប់ប្រជាជនកម្រិតនេះមានចំនួនច្រើន។ សម្រាប់លំនៅដ្ឋានដែលមានតម្លៃពី ៣០,០០០  ដុល្លារ ទៅ៥០,០០០ ដុល្លារ គឺនៅតែលក់ដាច់។ ហើយបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរកឃើញថា ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យបានបង្វែរពីអ្នកមានជីវភាពខ្ពស់ ទៅអ្នកមានជីវភាពកម្រិតមធ្យមវិញ ដើម្បីភាពជោគជ័យ និងស្របតាមតម្រូវការពិតប្រាកដរបស់ប្រជាជនភាគច្រើន។

ឧទាហរណ៍ជាក់ស្តែង លោកឧកញ៉ាសៀ ឫទ្ធី កំពុងចាប់ផ្តើមអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ ដែលនៅមិនឆ្ងាយពីក្រុងភ្នំពេញប៉ុន្មានទេ។

សរុបមក លោកបានជម្រុញឲ្យអ្នកអភិវឌ្ឍន៍គួរពិចារណាលើការលក់លំនៅដ្ឋានក្នុងតម្លៃសមរម្យមួយ ដើម្បីឲ្យប្រជាពលរដ្ឋមានលំនៅដ្ឋានសមរម្យមួយ នោះវាក៏ជាការជួយកាត់បន្ថយបញ្ហាសង្គម ជួយពង្រឹងសេដ្ឋកិច្ចជាតិ និងធ្វើឲ្យសង្គមកាន់តែស៊ីវិល័យ។

 អានអត្ថបទអំពី៖ ខុនដូសម្រាប់មនុស្សសម័យថ្មី៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?

Comments