+855 92 92 1000
Logo
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននឹងនាំយកក្រុមហ៊ុនចិនធំៗលំដាប់យក្សចូលមកកាន់ទីផ្សារកម្ពុជាឡើងវិញ
Updated on: May 9, 2022, 6:00 a.m.
Published on: October 21, 2020, 9:43 a.m.

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននឹងនាំយកក្រុមហ៊ុនចិនធំៗលំដាប់យក្សចូលមកកាន់ទីផ្សារកម្ពុជាឡើងវិញ


ក្រុមហ៊ុនចិនធំៗលំដាប់យក្សបាននឹងកំពុងឈានជើង និងត្រៀមខ្លូនចូលមកកាន់ទីផ្សារ កម្ពុជាឡើងវិញបណ្តើរៗ ហើយកម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសចិននៅថ្ងៃទី១ មករា ឆ្នាំ២០២១ខាងមុខ។

យោងតាមប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងងថា បច្ចុប្បន្ននេះក្រុមហ៊ុនអចលនទ្រព្យចិនធំៗជាច្រើន នឹងចូលមកកាន់ទីផ្សារកម្ពុជាផងដែរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹ​ក្សារដ្ឋាភិបាល និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។ លោកបន្តថា “ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីជាការបើកផ្លូវសំរាប់ទំព័រថ្មី​នៃទំនាក់ទំនង មិនអាចកាត់ផ្តាច់បានរវាងកម្ពុជា និងមហាមិត្តចិន ដែលបានចាត់ទុកគ្នាជាសហគមន៍រួម វាសនាតែមួយ”។

ជាមួយគ្នានេះលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ ​ថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងចូលមកកម្ពុជាហើយ ប៉ុន្តែការចូលមករបស់អ្នកវិនិយោគធំៗ អាចធ្វើឡើងនៅពេលឆាប់ៗនេះ នៅពេលដែលវ៉ាក់សាំងកូវីដ-១៩ប្រកាសជាផ្លូវការ ព្រោះអ្នកវិនិយោគធំៗមានការព្រួយបារម្ភអំពី បញ្ហាដែលពួកគាត់នឹងត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល១៤ថ្ងៃ។ លោកបន្តថា ហេតុនេះការចូលមក​របស់អ្នកវិនិយោគធំៗបាន និងកំពុងចាប់ផ្តើមបណ្តើរៗ និងមកកាន់តែច្រើនបន្ថែមទៀតក្រោយវិបត្តិCovid-19។

លោកបន្តថា “ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)នៅថ្ងៃទី​១មករា ឆ្នាំ២០២១ កម្ពុជានឹងក្លាយជាទីតាំងផលិត និងចែកចាយទំនិញចិនសំរាប់តំបន់អាស៊ាន ហើយយើងនឹងរីកចម្រើនមិនចាញ់សឹង្ហបុរីនោះឡើយ។ ដូចនៅអឺរ៉ុបទំនិញភាគច្រើនហូរចូល ប្រទេសបារាំង ហើយបារាំងជាអ្នកដើរតួចែកចាយទៅកាន់​ប្រទេសជាង២០ទៀតក្នុង សហគមន៍អឺរ៉ុប”។

លោកឧកញ៉ា លឹម ហេង បានបន្តថា និន្នាការនេះនឹងបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា ហើយចំណូលរបស់រដ្ឋាភិបាលក៏កើនឡើងខ្លាំងផងដែរ ដូច្នេះបើកម្ពុជាយើងធ្វើបានល្អ យើងនឹងក្លាយជាទីផ្សារបោះដុំសំរាប់ចែកចាយទៅតំបន់អាស៊ាន ហើយក្រុមហ៊ុនអាមេរិកធំៗ នឹងចូលមកកម្ពុជា ដើម្បីផលិតទំនិញនាំចេញទៅកាន់់ប្រទេសចិន ក៏ដូចជាទីផ្សារអាមេរិក ដោយសារកម្ពុជាទទួលបានប្រព័ន្ឋអនុគ្រោះពន្ឋ(GSP) ពីសហរដ្ឋអាមេរិកផងដែរ។

Comments