+855 92 92 1000
Logo
Dangkor district aerial view
Updated on: June 7, 2022, 5:37 a.m.
Published on: June 11, 2019, 10:11 a.m.

គម្រោង​អភិវឌ្ឍន៍​ធំៗ​នៅ​ភាគ​ខាង​ត្បូង​ភ្នំពេញ​កំពុង​ធ្វើ​ឲ្យ​តម្លៃ​ដី​កើន​ឡើង​


នៅ​ពេល​លោក ស៊ឺន សុន ទិញ​ដី​ក្នុង​តម្លៃ​ ១៦,០០០ ដុល្លារ​នៅ​សង្កាត់​​ព្រែក​កំ​ពឹសកាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៦ លោក​មិន​បាន​គិត​ថា​នឹង​ទទួល​បាន​ចំ​ណេញ​ភ្លាមៗ​ពី​វិនិយោគ​នេះ​ឡើយ។ នា​ពេល​នោះ ទី​ផ្សារ​អចល​ន​ទ្រព្យ​នៅ​តំ​បន់​នោះ​មិន​ទាន់មាន​ភាព​អ៊ូ​អរ​ខ្លាំង​នោះ​ទេ។ 

នា​ពេល​នេះ ដី​របស់​លោក​សុន​ ហំ​ព័ទ្ធ​ដោយ​វាល​ស្រែ និង​មាន​ផ្ទះ​អ្នក​ភូមិ​ពី​រ​បី​ខ្នងជំុំ​វិញ​នោះ។ ក្នុង​​ទំហំដី​​សរុប ២៦៦ ម៉ែត្រ​កា​រ៉េ លោក​សុន​បាន​ទិញ​នា​ពេល​នេះ​ដោយ​ចំ​ណាយ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ស្មើរ​នឹង ៦០ ដុល្លារ។ មធ្យោបាយ​ដែល​អាច​ទៅ​ដល់​ទី​នោះ​បាន​នា​ពេល​នោះ​គឺ​ តាម​ផ្លូវ​តូច​មួយចុះ​ពី​ផ្លូវ​ជាតិ​លេខ​២។ ​

ប៉ុន្តែ​សំ​ណាង​របស់​លោក ស៊ឺន សុន ហាក់​មក​ដល់​មុន​ការ​រំ​ពឹង​ទុក។ ត្រឹម​តែ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ពេល​ទិញ វិ​ថី​សម្តេច​តេជោហ៊ុន​សែន​ បាន​សាង​សង់​រួច​នឹង​ដាក់​ឲ្យ​ដំ​ណើ​រ​ការ​ ហើយ​បាន​​​ត​ភ្ជាប់​ពី​ផ្លូវ​ ២៧១ ត្រង់​ច្រមុះ​ជ្រូក ទៅ​កាន់​ផ្លូវ​ជាតិ​លេខ ២ នៃ​​​ភាគ​ខាង​ត្បួង​រាជ​ធានី​ភ្នំពេញ។ បន្ទាប់​ពី​នោះ​មក គម្រោង​ធំ​ៗ​ក៏​បាន​​បើក​​ការ​ដ្ឋាន​សាង​សង់​។

កំណើនតម្លៃដី

គម្រោង​បុរីលំ​នៅ​ដ្ឋាន គម្រោង​ផ្សារ​ទំ​នើប និង​ជា​ពិ​សេស​ផ្សារ​ទំ​នើប​ អ៊ី​អន ៣  ត្រូ​វ​បាន​ប្រ​កាស​ថា​នឹង​សាង​សង់​នៅ​លើ​ទី​ក្រុង​រណប​ អ៊ីង ស៊ី​ធី ដែល​លាត​សន្ទឹង​នៅ​ភាគ​ខាង​ត្បូង​រាជ​ធា​នី​ភ្នំ​ពេញ​។

លោក​សុន បាន​ប្រាប់​ Realestate.com.kh ថា​៖​ «គម្រោង​ដែល​កំ​ពុង​ដំ​ណើរ​ការ​អភិវឌ្ឍន៍​នៅ​តំ​បន់​ជំ​វិញ​ផ្លូវ ៦០ ម៉ែត្របាន​ធ្វើ​ឲ្យ​ដី​នៅ​កន្លែង​ខ្ញុំ​ឡើង​ថ្លៃខ្លាំង​ ធៀប​នឹង​ពីរ បី​ឆ្នាំមុន»។ លោក​បន្ត​ថា​៖​«​នៅ​តម្លៃ​ទី​ផ្សារ​បច្ចុប្បន្ន ដី​ហ្នឹង​អាច​លក់​បាន​ប្រ​ហែល ២០០ ដុល្លារ​ក្នុង​មួយ​ម៉ែ​ត្រ​ការ៉េ»។

យោង​តាម​អ្នក​ជំ​នាញ​ក្នុង​វិ​ស័យ​អចលន​ទ្រព្យ ​តម្លៃ​ដី​នៅ​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ​កំ​ពុង​ទទួល​បាន​កំណើន​ដី​គួរ​ឲ្យ​កត់​សម្គាល់។ ខ័ណ្ឌ​ដង្កោ​ទាំង​មូល​ ដែល​លាត​សន្ទឹង​នៅ​ភាគ​ខាង​ត្បូង​ភ្នំពេញ កំ​ពុង​ទទួល​បាន​កំណើន​តម្លៃ​ដី​យ៉ាង​ខ្លាំង​ ​ហើយ​ជាប់​​លំ​ដាប់​ទី​បី​នៅ​កម្ពុជាធៀ​ប​នឹង​ខ័ណ្ឌ​ផ្សេងៗ​។ នេះ​បើ​តាម​ទិន្ន​ន័យ​របស់​ក្រុម​ហ៊ុន ឃី រៀល អ៊ីស្ទេត។ 

លោក សន សៀប ស្ថាប​និក​ និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន  ឃី រៀល អ៊ីស្ទេត បាន​លើក​ឡើង​ថា​ ការ​ប្រកាស​ពី​ការ​សាង​សង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​បី ដែល​បច្ចុប្បន្ន​កំ​ពុង​សាង​សង់​ បាន​រួម​ចំ​ណែក​សំ​ខាន់​ដល់​កំ​ណើន​តម្លៃ​ដី។ ដី​ដែល​នៅ​ជាប់​ផ្លូវ​ធំ​ដែល​កាល​ពី​មុន​មាន​តម្លៃ​ត្រឹម​ ១០ដុល្លារ ទៅ ២០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​កា​រ៉េ បានកើន​ដល់ ១០០ ដុល្លារ ទៅ ១៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ នា​ពេល​នេះ។ ដី​ដែល​នៅ​ផ្លូវ​ចូល​ក្នុង​ក៏​បាន​កើន​ដល់រង្វង់ ៥០ ដុល្លារ ក្នុង​មួយ​ម៉ែ​ត្រ​កា​រ៉េ។

អ្នក​ស្រី អាន សុ​ធី​តា នាយិកា​ថ​ក្រុម​ហ៊ុន​សេវា​កម្ម​អចលន​ទ្រព្យ CBRE បាន​លើក​ឡើង​ថា​ ភាគ​ខាង​ត្យូង​ភ្នំពេញ​មាន​តម្លៃដី​កើន​ឡើង​ខ្លាំង។ ស្រ​ប​ពេល​តម្លៃដី​អាច​មាន​ភាព​ខុស​គ្នា​បន្តិច​ពី​តំ​បន់​មួយ​ទៅ​តំបន់​មួយ​ អ្នក​ស្រី​​​បាន​បញ្ជាក់​ថា​ តម្លៃ​ដី​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ នៅ​សង្កាត់​ព្រែកកំ​ពឹស​អាច​មាន​តម្លៃ​រហូតដល់ ២០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។​

អ្នក​ស្រី​បញ្ជាក់​ថា​៖​«​នៅ​ពេល​ណា​មាន​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ត្រូវ​បាន​ប្រ​កាស ឬ ដាក់​ឲ្យ​ដំ​ណើរ​ការ វា​តែង​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ជំ​វិញ​នោះ​កើន​ឡើង​ដែរ គ្រាន់​តែ​ខុស​គ្នា​ត្រង់​ថា​តើ​វា​នៅ​ជិត ឬ នៅ​ឆ្ងាយ​ពី​គម្រោង​អភិវឌ្ឍន៍»។

នៅ​ពេល​ដែល​លោក ស៊ឺន​ សុន​ ស្វែង​យល់​ថា​ទី​ក្រុង​ភ្នំពេញ​នឹង​បន្ត​ពង្រីកនឹង​មាន​ការ​វិនិយោគ​ជា​បន្ត​បន្ទាប់​លើ​ការ​កែ​លម្អរ​ផ្លូវ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ លោក​រំ​ពឹង​ថា​ដី​របស់​គាត់​នឹង​ត្រូវ​ដោយ​សំ​ណង់​លំ​នៅ​ដ្ឋាន និង​ អគា​រ​ពាណិជ្ជ​កម្ម។

លោក​បន្ត​ថា​៖​«​ខ្ញុំ​អត់​ទាន់​ចង់​លក់​ដី​ហ្នឹង​ឥលូវ​ទេ។ ខ្ញុំ​ជឿ​ថា​ តម្លៃ​នឹង​មាន​ការ​កើន​ឡើង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ»៕ 

ស្វែងរកអចលនទ្រព្យនៅខណ្ឌដង្កោ ឬអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ! អានអត្ថបទ មហាវិថី សម្តេច ហ៊ុន សែន ក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង

 

Comments