+855 92 92 1000
Logo
អាកាសយានដ្ឋានអន្តរជាតិ​ថ្មីមួយរបស់កម្ពុជា​ដែល​អាច​ទទួល​យន្តហោះ​ធន់​ធំ Boeing 777 និង Airbus A340 គ្រោងបើក​សាកល្បង​
Updated on: June 2, 2022, 10:30 p.m.
Published on: April 27, 2022, 3:59 a.m.

អាកាសយានដ្ឋានអន្តរជាតិ​ថ្មីមួយរបស់កម្ពុជា​ដែល​អាច​ទទួល​យន្តហោះ​ធន់​ធំ Boeing 777 និង Airbus A340 គ្រោងបើក​សាកល្បង​


អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ តម្លៃ​៣៥០​លាន​ដុល្លារ ដែល​ស្ថិត​នៅ​ក្នុងស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង គ្រោង​នឹង​បើក​ការ​សាកល្បង​ហោះហើរ​ក្នុង​ខែកក្កដា​ខាង​មុខ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ។

ការ​សាកល្បង​នេះ​នឹង​នាំ​ឱ្យ​មាន​សេវា​ហោះហើរ​ពាណិជ្ជកម្ម​ចាប់ផ្តើម ក៏​ដូច​ជា​រួមចំណែក​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នកដំណើរ​តាម​ផ្លូវអាកាស​ទៅ​កាន់​ខេត្ត ។ ហើយ​ចំពោះ​សុពលភាព​នៃ​ការ​ហោះហើរ ឬ​ការ​ធ្វើតេស្ត​ហោះហើរ​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែមេសា ហើយនឹង​បញ្ចប់​នៅ​ស​ប្តា​ហ៍​ក្រោយ ។

អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល (SSCA) លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ បាន​ចាប់ផ្តើម​ការ​ធ្វើតេស្ត​ហោះហើរ​បច្ចេកទេស​រយៈពេល​ប្រាំពីរ​ថ្ងៃ ពាក់ព័ន្ធ​នឹង​ឧបករណ៍​សំខាន់​ៗ និង បច្ចេកទេស​ហោះហើរ មុន​ពេល​ចាប់ផ្តើម​ការ​សាកល្បង​ហោះហើរ​ក្នុង​ខែកក្កដា ឆ្នាំ​២០២២​ខាង​មុខ​នេះ​ ​។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា ក៏​បានឱ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា បច្ចុប្បន្ន​អាកាសយានដ្ឋាន​នេះ​កំពុង​តែ​ដំណើរការ​សាកល្បង និង​ធ្វើការ​វាស់​ស្ទង់​ឧបករណ៍​ទាំងអស់​ដូច​ជា ភ្លើង វិទ្យុ មគ្គុទ្ទេសក៍​ចុះ​ចត ប្រព័ន្ធ​ទំនាក់ទំនង ក៏​ដូច​ជា​រថយន្ត​ពន្លត់អគ្គីភ័យ និង​ផ្នែក​ផ្សេង​ទៀត ត្រូវ​តែ​ធ្វើតេស្ត​ដើម្បី​ធានា​សុវត្ថិភាព​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​គុណភាព​ស្រប​តាម​តម្រូវការ​សុវត្ថិភាព​ហោះហើរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​ដែល​មាន​ទឹកប្រាក់​៣៥០​លាន​ដុល្លារ​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី​៤,៥​ហិ​កតា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន Tianjin Union Development Group (UDG) ។ អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​នេះ​វា​នឹង​អាច​ដាក់​យន្តហោះ​រយៈ​ចម្ងាយ​ឆ្ងាយ រួម​ទាំង​យន្តហោះ Boeing 777 និង Airbus A340 ៕

Comments