+855 92 92 1000
Logo
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ទៅផ្លូវជាតិលេខ៦០Bត្រៀមបើកការដ្ឋានឆាប់ៗ
Updated on: November 29, 2022, 7:00 a.m.
Published on: November 29, 2022, 7:00 a.m.

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ទៅផ្លូវជាតិលេខ៦០Bត្រៀមបើកការដ្ឋានឆាប់ៗ


រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី១ នៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវ​ជាតិលេខ៦០B ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាង​ក្រុមហ៊ុន​សំណង់​សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញ​ពាក់​ព័ន្ធ​​ជាច្រើន​រូបផង​ដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្ដីការក្រសួង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចំនួន៣ធំៗរួមមាន ៖

ទី១)- ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ទៅ​​កាន់​ក្រុមការងារបច្ចេកទេសក្រុមហ៊ុន​សំណង់​សៀងហៃ (SCG) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីអនុញ្ញាត​ឱ្យ​ក្រុមការងារទាំងអស់បង្កើតទំនាក់ទំនង និងសហការបានរលូនប្រកបដោយប្រសិទ្ធភាព

ទី២)- ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់​ដោយ​តំណាង​ក្រុមហ៊ុនសាងសង់

ទី៣)- បំណែងចែកក្រុមការងារបណ្តោះអាសន្នសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំឯកសារផ្សេងៗ និងការស្វែងរកទីតាំងសមស្របសម្រាប់ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះ​ត្រូវសាង​សង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំ​បុស​លាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ចំណែក​ឯផ្លូវ​តភ្ជាប់​​មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ គ្រោងនឹង​បើក​ការ​ដ្ឋា​ន​​​​នា​ពេល​​ឆាប់ៗខាងមុខ ដែលគម្រោងនេះនឹងចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លាសហរដ្ឋ​អាមេរិក ជា​ហិរញ្ញប្បទាន​ពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ៕

Comments